សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ទាហាន​ដាក់​ញត្តិ​ទាមទារ​ដក​លោក កឹម សុខា

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន រួម​ទាំង​បណ្ដាញ​ទំនាក់​ទំនង​សង្គម ឬ​ហ្វេសប៊ុក (Facebook) ផង ផ្សព្វផ្សាយ​ថា នាយ​ទាហាន​គ្រប់គ្រង​កម្លាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ ដាក់​ញត្តិ​ទៅ​ប្រធាន​រដ្ឋសភា​អោយ​ដក​លោក កឹម សុខា ពី​អនុ​ប្រធាន​រដ្ឋសភា។

យ៉ាង​ណា​មក​ដល់​ពេល​នេះ​គណៈកម្មការ​ទី​១ រដ្ឋ​សភា នៅ​មិន​ទាន់​ទទួល​បាន​សំណើ​នេះ​នៅ​ឡើយ។ ចំណែក​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ហៅ​ការ​ដាក់​ញត្តិ​បែប​នេះ​ថា ជា​ការ​រំលោភ​លើ​ឯករាជ្យភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្នើ​អោយ​មាន​ការ​ស៊ើប​អង្កេត​ករណី​ក្រុម​នាយ​ទាហាន​ដែល​ទាមទារ​អោយ​ដក​លោក កឹម សុខា ពី​អនុ​ប្រធាន​រដ្ឋសភា។

សំណើ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ញត្តិ​ដែល​សារ​ព័ត៌មាន​ក្នុង​ស្រុក​អះអាង​ថា ចេញ​ដោយ​អនុ​ប្រធាន​ទី​១​គណៈ​បញ្ជាការ​ឯកភាព សមរភូមិ​ព្រំដែន​កម្ពុជា-​ថៃ នាយ​ឧត្ដមសេនីយ៍ គន់ គីម ពី​ការ​ទាមទារ​ទម្លាក់​តំណែង​លោក កឹម សុខា។

នាយក​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី​ចាត់​វិធានការ​លើ​ករណី​នេះ ដើម្បី​ធានា​ថា ឯករាជ្យភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។ ម្យ៉ាង​ការ​ប្រកាស​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ អាច​នឹង​រុញ​ច្រាន​អោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាយថាហេតុ​រវាង​កងកម្លាំង​ដែល​មាន​ទស្សន​នយោបាយ​ផ្ទុយ​គ្នា៖ «»។

នៅ​ក្នុង​ញត្តិ​មួយ​ទំព័រ​ដែល​មាន​បង្ហាញ​ឈ្មោះ​នាយ​ឧត្ដម​សេនីយ៍ គន់ គីម នៅ​ចុង​ខាង​ក្រោម​នៃ​ទំព័រ​បញ្ជាក់​ថា នាយ​ទាហាន នាយ​ទាហាន​រង និង​ពលទាហាន​ទាំង​អស់​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​សមរភូមិ​ព្រំដែន​កម្ពុជា-​ថៃ ស្នើ​អោយ​ប្រធាន​សភា និង​អ្នក​តំណាងរាស្ត្រ​ទាំង​អស់​ដក​លោក កឹម សុខា ចេញ​ពី​ប្រធាន​រដ្ឋសភា។ ញត្តិ​ដដែល​លើក​ឡើង​ថា ពួកគេ​បាន​មើល​ឃើញ​សកម្មភាព​ពិសពុល​របស់​លោក កឹម សុខា ដែល​ឃោសនា​បោកប្រាស់ ញុះញង់​អុចអាល​លាប​ពណ៌ បង្ក​កំហឹង រើសអើង​ពូជ​សាសន៍ ដែល​នឹង​ឈាន​ទៅ​អោយ​មាន​សង្គ្រាម​ផ្ទៃ​ក្នុង។

ចំណែក​អ្នក​សម្របសម្រួល​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ញត្តិ​របស់​នាយ​ទាហាន​កំពុង​បំភិត​បំភ័យ​ស្មារតី​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស៖ «»។

ស្រប​គ្នា​នេះ លោក អ៊ូ វីរៈ បាន​មើល​ឃើញ​ថា អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច​ពិតប្រាកដ​គឺ​ក្រុម​អ្នក​ជំនួញ ឬ​អ្នក​វិនិយោគ ដែល​នឹង​នាំ​អោយ​សេដ្ឋកិច្ច​ជាតិ​ជួប​បញ្ហា។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ លោក ឈុំ សុជាត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​ទូរស័ព្ទ​មិន​ចូល។

បើ​ទោះ​ជា​យ៉ាង​ណា ប្រធាន​គណៈកម្មការ​ទី​១ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា គណៈកម្មការ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ញត្តិ​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ។

នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក និង​បណ្ដាញ​សង្គម​បាន​បង្ហោះ​រូបថត​ជា​ច្រើន​ដែល​បង្ហាញ​អោយ​ឃើញ​ក្រុម​កង​កម្លាំង​យោធា​កាន់​បដា ដែល​មាន​ខ្លឹមសារ​ទាមទារ​ទម្លាក់​តំណែង​លោក កឹម សុខា។

មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​លោក កឹម សុខា ចំពោះ​ការ​ទាមទារ​ទម្លាក់​រូប​លោក​ពី​សំណាក់​កងកម្លាំង​យោធា​នេះ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រង់​មាត្រា​ ៩ ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី​ និង​ក្នុង​សកម្មភាព​ការងារ​ ហើយ​ត្រូវ​បាន​ហាម​ឃាត់​ការ​ប្រើ​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។