ប្រទះ​ឃើញ​ទារក​ត្រូវ​បាន​គេ​ច្រក​ថង់​ខ្មៅ​បោះចោល​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​​ម្នាក់​បាន​ប្រទះ​ឃើញ​ទារក​អភ័ព្វ​ម្នាក់​ត្រូវ​បាន​គេ​ច្រក​ដាក់​ក្នុង​ថង់​ពណ៌​ខ្មៅ​យក​មក​បោះចោល​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ក្បែរផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០១៥ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និង​មនុស្ស​ម្នា​នាំ​គ្នា​ចោមរោម​មើល​យ៉ាងច្រើន​កុះករ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​ដែល​បានឃើញ​ថង់​ខ្មៅ​ខាងលើ​មុនគេ បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​បានឃើញ​ថង់​ខ្មៅ​ខាងលើ​នេះ​តាំងពី​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ម្ល៉េះ ប៉ុន្តែ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ថា​មាន​អ្វី​នៅ​ក្នុង​ថង់​នោះ​ទេ ។ រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ដោយសារ​ផ្ទះ​របស់​គាត់​សល់​សំបក​កំប៉ុង​ច្រើន ទើប​គាត់​ដើរទៅ​រើស​ថង់​ខាងលើ បំណង​យក​ទុក​ច្រក​សំបក​កំប៉ុង​ឲ្យ​មាន​របៀបរៀបរយ ប៉ុន្តែ​ខណៈ​ពេល​គាត់​លើក​ថង់​ខ្មៅ​នោះ​ឡើង ហាក់ដូចជា​ធ្ងន់​ៗ​ដូច​មាន​អ្វី​ម្យ៉ាង​នៅ​ខាងក្នុង ទើប​គាត់​លា​ថង់​មើលទៅ​ក៏​ប្រទះ​ឃើញ​ទារក​ម្នាក់​នៅ​ក្នុង​នោះ​តែ​ម្តង​ទៅ ។ គាត់​បន្ត​ថា ក្រោយ​ពី​ឃើញ​ភ្លាម​ៗ គាត់​ក៏​បាន​ស្រែកហៅ​គេឯង​ឲ្យ​មក​ជួយ​មើល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នកស្រុក​ក្បែរ​នោះ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​នាំ​គ្នា​ចោមរោម​មើល ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ទារក​អភ័ព្វ​ខាងលើ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ មុន​ពេល​ដែល​អ្នកស្រុក​ប្រទះ​ឃើញ ។

អ្នកស្រុក​បាន​នាំ​គ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ទារក​ខាងលើ​ប្រហែល​ទើបនឹង​ចាប់កំណើត​ពី​ផ្ទៃ​ម្តាយ​ទេ ព្រោះ​ពេល​ដែល​គេ​ស្លាប់​គឺ​ខ្លួន​នៅ​មាន​ទងផ្ចិត​ជាប់​នឹង​ផ្ចិត​នៅឡើយ ។ តែ​ទោះបីជា​យ៉ាងណា បច្ចុប្បន្ន​ទារក​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រៃ​អ​ង្គាស​លុយ​និ​មន្ត​ព្រះ​ស​ង្ឈ​មក​សូត្រ​មន្ត​ធ្វើបុណ្យ​នៅ​កន្លែង​កើតហេតុ រួច​ដឹក​យក​ទៅ​កាន់​ទី​វត្ត​អារាម ដើម្បី​បូជា​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា សម្រាប់​ភូមិសាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទាំងមូល គឺ​កន្លង​មក​ក៏​ធ្លាប់​កើត​មាន​ករណី​បែប​នេះ​ជា​ញឹកញាប់​ផង​ដែរ ដែល​ករណី​ទាំង​អស់នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​វាយតម្លៃ​ថា គឺ​ភាគច្រើន​កើតឡើង​ដោយសារ​គ្រួសារ​នីមួយ​ៗ​មាន​ជីវភាព​ក្រីក្រ​ខ្លាំងពេក គ្មាន​លទ្ធភាព​ចិញ្ចឹម​, ជា​កូន​របស់​ជនអនាថា និង​កើតឡើង​ដោយសារ​ម្តាយ​គ្រប់​រូប​ដែល​ជា​ស្ត្រី​មេម៉ាយ ឬ​ខ្វះខាត មុន​ពេល​បង្កើត​មិន​ព្រមទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​រក​គ្រូពេទ្យ​ជំនាញ សុខចិត្ត​រង់ចាំ​កូន​កើត​ចេញ​មក​ដោយ​ឯង​ៗ ជា​ហេតុ​នាំ​ឲ្យ​ទារក ឬ​ទារិកា ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​កើត​ចេញ​មក​ខាងក្រៅ ។ ក្រោយ​ពេល​ស្លាប់​ហើយ​នោះ ទើប​ច្រក​ថង់​យក​មក​បោះចោល​ជា​បន្តបន្ទាប់ ដូច​រឿងហេតុ​ខាងលើ​ជាក់ស្តែង​តែ​ម្តង​ទៅ ។

ទោះជា​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មាតាបិតា​គ្រប់​រូប​ត្រូវ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​បញ្ហា​ទារក ឬ​ទារិកា ដែល​ជា​សាច់សាលោហិត​របស់​ខ្លួន ទោះបីជា​គ្នា​កើតមក​ត្រូវ​បាត់បង់​ជីវិត​ក៏​ដោយ ក៏​ត្រូវ​តែ​រក្សាសីល ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ដែល​បាន​ស្លាប់ ដោយ​ត្រូវ​រក​កន្លែង​រៀបចំ​ទុកដាក់​សព​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា សា​លត​ម្គ​ល់ស​ពនៅ​តាម​មន្ទីរពេទ្យ ឬ​វត្ត​អារាម និង​កន្លែង​សមរម្យ​ផ្សេង​ជា​ច្រើន​ទៀត​ផង​ដែរ ព្រោះ​ធ្វើ​ម្តេច​បើ​គ្នា​មិន​អាច​មានជីវិត​រស់រាន​បន្ត​ទៅ​មុខ​ទៀត​ទៅ​ហើយ​នោះ ៕