បក្ស​​ប្រឆាំង​​ដាក់​ទំនួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាល ករណី​បាតុកម្ម​​ហិង្សា

គ្មានសមត្ថកិច្ចណាម្នាក់ របស់រដ្ឋាភិបាល ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជាអើពើ ជួយទប់ស្កាត់បាតុកម្ម ដែល​ទាមទារ​ទម្លាក់​អនុប្រធាន​ទី​មួយ​​នៃរដ្ឋសភានោះទេ។ នេះបើតាមការអះអាង របស់លោក កឹម សុខា អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា និងជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
បក្ស​​ប្រឆាំង​​ដាក់​ទំនួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាល ករណី​បាតុកម្ម​​ហិង្សា
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថត monoROOM.info/ U. Bory)

ហេតុការណ៍វាយតប់ ទៅលើតំណាងរាស្ត្រ និងការទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញពីតំណែង ជា​អនុប្រធានទីមួយរដ្ឋសភា បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ប្រតិកម្មតបវិញ ដោយទម្លាក់ការទទួលខុសត្រូវ ទៅលើសមត្ថកិច្ច និងរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណឹងទេ លោក សម រង្ស៊ី វិញ បានចង្អុលចំៗទៅលើ ហ៊ុន សែន តែម្ដង ដោយបានហៅលោក ហ៊ុន សែន ថាកំពុងប្រើវិធី ស្រដៀងពួក ហ្វាស៊ីស្តនៅអ៊ីតាលី។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា បានសរសេរថា បើទោះបីជាមានកិច្ចស្នើអន្តរាគម ដោយ​រូបលោក និងគ្រួសារក៏ដោយ តែគ្មានសមត្ថកិច្ចណាម្នាក់អើពើ និងចេញមកជួយទប់ស្កាត់ ក្រុមបាតុករនោះ​ដែរ។ លោកបានបន្តថា ក្រុមបាតុករទាំងនោះ បាននាំគ្នាសម្រុក ទៅព័ទ្ធផ្ទះរបស់លោក តែគ្មាន​សមត្ថកិច្ច​ណា ខ្វល់ពីសុវត្ថិភាពលោក និងគ្រួសារលោកនោះឡើយ។

លោក កឹម សុខា បានសរសេរថា៖ «កាលពីថ្ងៃទី២៦ តុលា ២០១៥ នេះ ជនពាលមួយក្រុម បានមកពទ្ធ័​គេហដ្ឋាន​របស់ខ្ញុំ ហើយបានប្រើអំពើហិង្សា ដោយមានការគប់ដំថ្ម ចូលក្នុងរបងផ្ទះខ្ញុំ បណ្តាលឲ្យ​ភរិយា​របស់ខ្ញុំ ត្រូវជាប់ក្នុងផ្ទះ អស់រយៈពេល៦ម៉ោង ដោយពុំមានការជួយអន្តរាគមន៍ ពីសមត្ថកិច្ច ទោះជាមាន​ការស្នើសុំ ពីសំំណាក់យើងខ្ញុំក៏ដោយ។»

បន្ថែមពីលើករណី នៃការវាយដំ ទៅលើតំណាងរាស្រ្តពីរូប នៃគណបក្សសង្រ្គោះជាតិ នៅមុខរដ្ឋសភា​ជាតិ​នោះ លោក កឹម សុខា បានចាត់ទុកហេតុការណ៍ទាំងនេះ កើតឡើងពីកង្វះខាត នៃការទទួលខុសត្រូវ របស់​សមត្ថកិច្ច និងរដ្ឋាភិបាល ដែលមានតួនាទីការពារសុវត្ថិភាពសាធារណៈ ដោយមិនរើសអើងនិន្នាកា។

លោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកជនដៃដល់ និងស៊ើបអង្កេត រកជននៅពីក្រោយខ្នង និងពាក់ពទ្ធ័អំពើហិង្សានេះ មកផ្តន្ទាទោស ដើម្បី​ជៀសវាង កុំឲ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿ លើប្រពន្ធ័យុត្តិធម៌ និង រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា៖ «សូមចាំទុកថា សុវត្ថិភាពរបស់បុគ្គលគ្រប់រូប មិនថាមកពីគណបក្សណា គឺជាទំនួលខុសត្រូវរបស់​រាជ​រដ្ឋាភិបាល។ ដូច្នេះ សូមរាជរដ្ឋាភិបាល បង្ហាញនូវសមត្ថភាព និងសុឆន្ទៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយ​ឥតលក្ខខណ្ឌ។»

រីឯលោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា ហើយកំពុងមានវត្តមាន នៅក្នុង​ប្រទេសបារាំងនោះ បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «ព្រោះតែចង់ការពារ និងរក្សានូវ​អំណាចរបស់ខ្លួន ឲ្យបានច្រើនឆ្នាំទៅមុខទៀត លោក ហ៊ុន សែន (នាយករដ្ឋមន្រ្តី) កំពុងប្រើវិធីស្រដៀង​ពួក​ហ្វាស៊ីស្ត (fascit) នៅប្រទេសអ៊ីតាលី ដែលចូលចិត្តប្រើអំពើហឹង្សា ទៅលើអ្នកតំណាងរាស្ត្រ និងអ្នក​ដទៃ​ទៀត ពីឆ្នាំ ១៩២២ ដល់ឆ្នាំ ១៩៤៥។»

ប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិចរូបនេះ បានសរសេរទំនងជាចង់លើកឡើងថា បាតុកម្មនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលានេះ ស្ថិតក្រោមការបង្គាប់បញ្ជា របស់បុគ្កលមានអំណាច ក្នុងគណបក្ស​ប្រជាជន​កម្ពុជាណាម្នាក់។ លោកបានលើកឡើងថា៖ «មុនចេញដំណើរ ពីប្រទេសកម្ពុជា ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ នៅប្រទេសបារាំង លោក ហ៊ុន សែន បានព្រមានថា បើក្រុមប្រឆាំងធ្វើបាតុកម្ម​ប្រឆាំង​លោក នៅទីក្រុងប៉ារីស (នោះ)អ្នកគាំទ្រលោក (ហ៊ុន សែន) នឹងធ្វើបាតុកម្មប្រឆាំងអ្នកគាំទ្រលោក សម រង្សី វិញ នៅប្រទេសកម្ពុជា។ ដូចថាមែន! តាមទម្លាប់ នៃការបំភិតបំភ័យពីសំណាក់គណបក្សកាន់អំណាច គេ​អាច​ទស្សន៍ទាយថា អំពើហឹង្សាអាចនឹងកើតមាន ជាបន្តបន្ទាប់ទៀតនៅថ្ងៃមុខ។»៕