លោក កឹម សុខា និងមន្រ្តីជាន់ខ្ពស់ CNRP ចេញទៅ ប្រទេសថៃយប់នេះ ដើម្បីសួរសុខទុក្ខ តំណាងរាស្រ្ត រងរបួស

ភ្នំពេញ៖ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នៅយប់ថ្ងៃទី២៧ ខែតុលានេះ រួមជាមួយមន្រ្តី ជាន់ខ្ពស់មួយចំនួនរួមមាន៖ លោក យ៉ែម បុញ្ញាប្ញទ្ធិ និងលោក អេង ឆៃអ៊ាង ព្រមទាំងសហការីមួយចំនួន បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ ដើម្បីសាកសួរសុខទុក្ខអ្នកតំណាងរាស្រ្តចំនួន២រូប (លោក ញ៉យ ចំរើន និង គង់ សភា) ដែលកំពុងស ម្រាកព្យាបាលនៅទីនោះ (មន្ទីរពេទ្យ ព្យ៉ាថៃ២) នេះបើយោងតាម Facebook លោក កឹម សុខា សរសេរយ៉ាងដូច្នេះ។

លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា បានឲ្យដឹងថា៖ «អ្នកតំណាងរាស្រ្តរងគ្រោះទាំងពីររូប ដែលកំពុងសម្រាក ព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យប្រទេសថៃនោះ ខ្ញុំទទួលព័ត៌មានថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលយើងខ្ញុំមាន ការព្រួយបារម្ភយ៉ាងខ្លាំង»។

លោក យ៉ែម បុញ្ញាប្ញទ្ធិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា «រូបខ្ញុំ និងឯកឧត្តម កឹម សុខា រួមនឹងលោក អេង ឆៃអ៊ាង ទៅប្រទេសថៃ ដើម្បីមើលសាកសួរសុខទុក្ខអ្នកតំណាងរាស្រ្តទាំងពីរ ដោយទទួល ដំណឹងថា មានការអាការធ្ងន់ធ្ងរ អាចមានឈាមកកក្នុងខួរក្បាល, ខ្ញូំឡើងទៅបន្តិចទៀតនេះ (ម៉ោង២០៖៣០នាទីយប់នេះ)»។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ គណបក្សសង្គ្រោះជាតិ សម្រេចបញ្ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ទៅព្យាបាល នៅក្រៅប្រទេស ដោយសារមានរបួសធ្ងន់ មានបាក់ឆ្អឹងជាច្រើនកន្លែង។

សូមបញ្ជាក់ថា លោក គង់ សភា និង លោក ញ៉ ចំរើន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានក្រុមបាតុករវាយតប់ ឲ្យរងរបួសធ្ងន់ នៅក្រៅវិមានរដ្ឋសភា នៅពេលអ្នកទាំងពីរបម្រុងនឹងជិះរថយន្តចេញពីរដ្ឋសភា ខណៈដែលបាតុករ ប្រមាណ៥ពាន់នាក់ ធ្វើបាតុកម្ម ដើម្បីទាមទារទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥៕

លោក កឹម សុខា និងមន្រ្តីជាន់ខ្ពស់ CNRP ចេញទៅ ប្រទេសថៃយប់នេះ ដើម្បីសួរសុខទុក្ខ តំណាងរាស្រ្ត រងរបួស