ក្មេង​ប្រុស​-​ស្រី​៤​នាក់​លង់ទឹក​ស្លាប់​ជាមួយ​គ្នា​យ៉ាង​អាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​-​ស្រី​៤​នាក់​បាន​លង់ទឹក​ស្លាប់​ជាមួយ​គ្នា​យ៉ាង​អាណោចអាធ័ម​នៅ​ចំណុច​អូរ​មុខទឹក ស្ថិត​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈ​ក្មេង​ៗ​រង​គ្រោះ​ទាំង​៤​នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ដែល​នៅ​រស់រាន​មានជីវិត បាន​នាំ​គ្នា​ទៅ​លេង​ទឹក​ទៅ​នោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៣​ទៅ​ម៉ោង៥​ល្ងាច​ ថ្ងៃ​ទី​២៧ តុលា ២០១៥ ។

លោក មាស សុ​ភិន អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច មាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ប្រទះ​ឃើញ​​ក្មេង​ប្រុស​​ម្នាក់​កំពុង​តោង​ចុង​ឫស្សី​លើ​ទឹក​កំពុង​ហូរ និង​បាន​យំ​ស្រែក​ឲ្យ​គេ​ជួយ ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​បាន​ជួយ​យក​ក្មេង​ប្រុស​​រង​គ្រោះ​ខាងលើ​ចេញពី​ចុង​ឫស្សី ហើយ​បាន​សួរនាំ​ដឹង​ថា មាន​ក្មេងៗ​៤​នាក់​ទៀត​កំពុង​លង់​ក្នុង​ទឹក បន្ទាប់​មក​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ជួយ​ចុះ​មុជទឹក​រាវរក​រយៈពេល​ជា​ច្រើន​ម៉ោង ក៏​បាន​រក​សព​ក្មេង​ទាំង​៤​នាក់​នោះ​ឃើញ​ជា​បន្តបន្ទាប់ ។

លោក​អធិការ​ស្រុក​កំពុងត្រឡាច​បន្ត​ថា ក្មេង​ៗ​រង​គ្រោះ​ខាងលើ​មាន ១-​ឈ្មោះ ខុន ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​១១​ឆ្នាំ​, ២-​ឈ្មោះ ខុន ដា​រ៉ា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ស្ទឹង ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​, ៣-​ឈ្មោះ ហេង វិច្ឆិកា ភេទ​ស្រី អាយុ​៧​ឆ្នាំ និង​ ៤-​ឈ្មោះ អ៊ូច ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​១២​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។ ចំណែក​ក្មេង​ប្រុស​​ម្នាក់​ដែល​នៅ​រស់​ជីវិត​មានឈ្មោះ អ៊ូច វិសាល អាយុ​១០​ឆ្នាំ គឺជា​ប្អូន​របស់​ឈ្មោះ អ៊ូច ស្រី​លក្ខណ៍ ដែល​បាន​ស្លាប់​ដោយសារ​លង់ទឹក​នេះ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង ក្មេងៗ​​ទាំង​៥​នាក់​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​ចំណុច​ខាងលើ ពេល​នោះ​មាន​ក្មេង​​ម្នាក់​រអិល​ជើង​ចូល​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់ ពេល​នោះ​ក្មេងៗ​​ផ្សេង​ទៀត​បាន​ទៅ​ជួយ​ទើប​បណ្តាល​ឲ្យ​លង់​ទាំងអស់​គ្នា​បែប​នេះ ចំណែក​ក្មេង​ប្រុស​ ឈ្មោះ អ៊ូច វិសាល បាន​ស្រ​វ៉ា​តោង​ចុង​ឫស្សី​បាន​ទើប​រួចខ្លួន​បែប​នេះ ។

សព​ក្មេង​ប្រុស​-​ស្រី​ទាំង​៤​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន ក្រោម​សម្រែក​ទ្រ​ហ៊ោ​រយំ​ទាំង​ក្តី​សោកស្តាយ​អា​លោះ​អាល័យ​ក្រៃ​លែង ៕