អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាប​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៤​នាក់

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​ឌឿ​ង​ហែប ស្ថិត​ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ និង​ប្លុក​តាន់​ប៉ា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧ តុលា ២០១៥ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ខឹ​ម គុយ​សៀ ហៅ​អា​យួន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​លេខ​៩៣ ផ្លូវ​១០៧ សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា​, ២-​ឈ្មោះ ធី រ៉ា​វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​, ៣-​ឈ្មោះ ខឹ​ម តឿ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង ៤-​ឈ្មោះ អែម ពន្លឺ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។ ក្នុង​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​ធំ​(​ទំងន់​៣​ជី​) និង​១​កញ្ចប់​តូច​, ម្សៅ​ពណ៌​ស​ថ្លា​១​កញ្ចប់​តូច​, សឺ​រ៉ាង​សម្រាប់​ចាក់​ចំនួន​៥១, កន្ត្រៃ​៩, កូនកាំបិត​៣, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ដែកកេះ​១០, លុយ​៨​ពាន់​រៀល​, ដំបង​ឈើ​១, ទីប​ដែក​៣, ទឹក​ថ្នាំ​ស​ថ្លា​៦​ដប​តូច​, ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំងអស់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ផ្តន្ទាទោស​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក លី គឹ​ម​ឡេ​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ទោ ថោ​ង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ៕