ខ្ញុំ​លែង​ចង់​រស់ ព្រោះ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​

Sanofi

​ពេលដែល​ការងារ​ជា​ស្ត្រី​មេផ្ទះ​រវល់​ខ្លាំង​តាំងពីព្រឹក​រហូត​យប់នោះ​វា​ក្លាយទៅជា​មូលហេតុ​នាំឱ្យមាន​ការកាត់បន្ថយ​ភាពស្និទ្ធស្នាល​រវាង​នាង​ខ្ញុំ និង កូនប្រុស​តែមួយ​ដែល​អាយុ​ទើបតែ​បាន​ពីរ​ឆ្នាំ ព្រោះ​ក្រោក​ពី​ព្រឹក​នាង​ខ្ញុំ​ត្រូវ​រ៉ាប់រង​បោកគក់​ទាំង​សម្លៀកបំពាក់​ឪពុក​ម្តាយក្មេក​ផងដែរ ។ បន្ទាប់មក ត្រូវធ្វើ​ដំណើរ​ទៅ​ផ្សារ​ដោយ​ពកូន​ទៅជា​មួយ លុះ​មកវិញ​រៀបចំ​ចាត់ចែង​ធ្វើ​បាយទឹក​ឱ្យ​ហើយ​មុន​ស្វាមី​នាង​ខ្ញុំ​ត្រឡប់​មកពី​ធ្វើការ ។

រួចរាល់​ហើយ​នាង​ខ្ញុំ ត្រូវ​លាងចាន បោស​ជូត​ផ្ទះ​ងូតទឹក​ឱ្យ​ឪពុកក្មេក​ដែលមាន​ជំងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន រីឯ​ម្តាយក្មេក​មាន​ជំងឺ​រោគ​ស្ត្រី​មិនអាច​ធ្វើការ​ធ្ងន់​បានទេ ដូច្នេះ​ការងារ​ផ្ទះ​សព្វបែបយ៉ាង​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​តែម្នាក់ឯង គឺ​តាំងពីព្រឹក​ដល់​យប់​គ្មាន​ពេល​ដកដង្ហើម​ស្រួល​ឡើយ ហើយ​អ្វីដែល​ពិបាក​បំផុត​នោះ​គឺ​ការមើល​ថែទាំ​ឪពុក​ម្តាយក្មេក​ដែលមាន​ជំងឺ​ប្រចាំកាយ ។​ ​ហេតុការណ៍​ដ៏​គួរ​រន្ធត់​តក់ស្លុត​បំផុត​មួយ​បានកើត​ឡើង គឺ​ថ្ងៃមួយ​បន្ទាប់ពី​នាង​ខ្ញុំ​ត្រឡប់​ពីសា​ខោអាវ​វិញ ស្រាប់តែ​ឃើញ​កូនប្រុស​ប​ពា្ឈ​រ​ភ្នែក មុខ និង ខ្លួន​ឡើង​ពណ៌​ស្វាយ​ល្អូក ជើង​វា​ខំប្រឹង​គោះ ដៃ​ក្តាប់​ឡើង​ណែន មាត់​ប្រឹង​ស្រែក​តែ​ពុំ​ឮ​សំឡេង​ចេញមក​អស់​ទេ ។

នាង​ខ្ញុំ​ទម្លាក់​ខោអាវ​ចុះ​ស្ទុះ​ទៅលើ​កកូន​បី​ហើយ​ស្រែកយំ​ហៅ​ឱ្យ​គេឯង​ជួយ​ទាំង​ញ័រទទ្រើក រហូត​ផ្អើល​អ្នកជិតខាង​មកជួយ​កូន​នាង​ខ្ញុំ​ដែរ តែ​ជា​អកុសល​កូនប្រុស​របស់ខ្ញុំ​បាន​ដាច់ខ្យល់​ទៅហើយ ។ មូលហេតុ​នោះ​គឺ​គេ​ស្លាក់​គ្រាប់​មៀន​ចូលទៅក្នុង​បំពង់ខ្យល់​កាលដែល​នាង​ខ្ញុំ​ទុក​គេ​ឱ្យនៅ​ម្នាក់ឯង ហើយ​ចេញទៅ​សា​ខោអាវ ដោយ​នៅក្បែរ​ខ្លួន​របស់គេ​មាន​ផ្លែ​មៀន​មួយ​ចាន ។ ក្រោយពី​ធ្វើបុណ្យ​បញ្ចុះសព​កូន​រួច​នាង​ខ្ញុំ​មិន​ខុសពី​នាង​បដា​ចា​ឡើយ ។ ទាំង​ឪពុក​ម្តាយក្មេក​ក្តី ស្វាមី​របស់​នាង​ខ្ញុំ​ក្តី គ្មាន​អ្នកណា​បន្ទោស​ខ្ញុំ​ទេ ព្រោះ​គាត់​យល់​ណាស់​ពី​ភាព​នឿយហត់​របស់​នាង​ខ្ញុំ​ក្នុង​ជីវភាព​រស់នៅ​រាល់ថ្ងៃ​រួម និង ក្តី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​កូន ។

ប៉ុន្តែ​ភាពមិន​មាត់ក​របស់​ពួកគាត់​ចំពោះ​រឿងនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​គិតថា​ខ្លួនឯង​កាន់​តែមាន​កំហុស​ទ្វេ​ឡើង ព្រោះ​បើ​ពួកគាត់​បន្ទោស​នាង​ខ្ញុំ​ខ្លះ​ប្រហែលជា​ខ្ញុំ​អាច​ធូរស្បើយ​បន្តិច ហើយ​បង្វែរ​ចិត្ត​មក​អាណិត​ខ្លួនឯង​វិញ ព្រោះ​នាង​ខ្ញុំ​ពិតជា​ប្រឹង​តស៊ូ​ដើម្បី​គ្រួសារ​អស់ពី​សមត្ថភាព​ហើយ ម្តេច​ឡើយ​ទេវតា​ដាក់ទណ្ឌកម្ម​រូបខ្ញុំ​ដល់​ថ្នាក់​នេះ​ទៀត ? ឪពុក​ម្តាយក្មេក និង ស្វាមី​ស្រឡាញ់​នាង​ខ្ញុំ​ត្រង់​ភាព​អត់ធ្មត់​តស៊ូ​របស់​នាង​ខ្ញុំ​សូម្បី​ខ្លួន​ឈឺ​ក៏​នៅ​ក្រាញននៀល​មើលថែ​គ្រួសារ​ដោយ​មិន​រំពឹង​ផល​តបស្នង ។​ ពេល​គេង​ពេល​ញ៉ាំ សូម្បីតែ​ក្នុង​យល់សប្តិ​ក៏​ឃើញ​មុខ​កូន​នឹក​ដល់​កូន​មិនដែល​រំលង​សូម្បី​តែមួយ​វិនាទី ។

នាង​ខ្ញុំ​លែង​ចង់បាន​អ្វី​ទាំងអស់ ទ្រព្យ សម្បត្តិ មាសប្រាក់​ក៏​គ្មាន​ខ្លឹមសារ​អ្វី​សម្រាប់​នាង​ខ្ញុំ​ទៀត​ដែរ បើ​ខ្ញុំ​អាច​យក​ជីវិត​របស់ខ្លួន​ទៅ​ប្តូរ​នឹង​ការរស់រានមានជីវិត​ជាថ្មី​របស់​កូន​គឺ​នាង​ខ្ញុំ​ព្រម​ដោយ​មិន ចាំបាច់​ពិចារណា និង មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ គឺ​សូម​តែ​ម្យ៉ាង​គត់ នោះ​គឺ​ខ្ញុំ​ចង់ឃើញ​កូន​មានជីវិត​រស់នៅ​ដូច​កូន​គេ​ដទៃ ។ ​ពិភពលោក​នេះ​ងងឹត​សូន្យសុង​សម្រាប់​នាង​ខ្ញុំ និង គ្មាន​កម្លាំងចិត្ត​បន្ត​រស់នៅ​តទៅទៀត​ទាល់តែសោះ ។ ស្វាមី​របស់​នាង​ខ្ញុំ​ស្រឡាញ់​នាង​ខ្ញុំ​ខ្លាំងណាស់ តែ​ទឹកចិត្ត​ស្រឡាញ់​កូន​ក៏​រឹត​តែមាន​ទំហំ​ធំ​ហើយ​ជ្រៅ​ថែមទៀត ។ ខ្ញុំ​ដឹងថា​ស្ថានភាព​ផ្លូវចិត្ត​របស់គាត់​មិន​ខុសពី​នាង​ខ្ញុំ​ឡើយ ។

គ្រប់​ពេលដែល​នាង​ខ្ញុំ​លួច​មើល​គាត់​ឈរ​យំ​នឹក​កូន ពេលនោះ​ហើយ​ដែល​វិញ្ញាណ​របស់​នាង​ខ្ញុំ​ប្រាប់ថា​លែង​ចង់​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​រាងកាយ​របស់ខ្លួន​តទៅទៀត​ហើយ ។ នាង​ខ្ញុំ​យល់ថា​ប្រហែល​មានតែ​ការបញ្ចប់​ជីវិត​របស់​ខ្លួន​ទេ​ទើប​អាច​គេចផុត ក្តី​ទុក្ខសោក និង វិប្បដិសារៈ​ដូច​មាន​សព្វថ្ងៃនេះ ?  ​តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ក្រៅពី​មធ្យោបាយ​មួយ​នេះ ដើម្បី​រំដោះ​ជីវិត​ខ្លួន​ឱ្យ​ផុតពី​អន្លង់​ទុក្ខសោក​ដ៏​សែន​ជ្រៅ​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​បាន​នេះ ?

​ជូន​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

«​ប្រជាប្រិយ​»​សូម​ចូលរួម​សោកស្តាយ និង រំលែក​ទុក្ខ​ដល់​នាង ព្រមទាំង​ក្រុមគ្រួសារ​ទាំងមូល​ផង​ចំពោះ​ការបាត់បង់​សមា​ជិត​គ្រួសារ​ជាទី​ស្រឡាញ់​ដោយហេតុ​ការណ៍​ស្មាន​មិន​ដល់ និង គួរឱ្យ​រន្ធត់​ដូច្នេះ ។ ក្នុង​លោក​នេះ​ពិតជា​គ្មាន​ម្តាយ​ល្អ​ណា​ម្នាក់​ដែល​អាចធ្វើ​ចិត្ត​បានទេ​នៅពេល​បាត់បង់​កូន​ទាំង​នៅ​វ័យក្មេង​ខ្ចី និង កំពុងតែ​ពេញ​ស្រឡាញ់​ដូច្នេះ រហូត​នាង​គិត​ចង់​ជ្រើស​រើសយក​ផ្លូវ​បញ្ចប់ជីវិត​ខ្លួនឯង​ដើម្បី​បញ្ចប់​ទុក្ខសោក​នេះ​ទៀតផង ។ ការធ្វើអត្តឃាត​គឺមាន​កំហុស​ធ្ងន់​ខ្លាំងណាស់ សូម្បីតែ​ព្រះ​ក៏​មិនអាច​ប្រោស​បានដែរ​ចំពោះ​បុគ្គល​ដែល​សម្លាប់​ជីវិត​ខ្លួនឯង ហើយក៏​មិនមែនជា​វិធី បញ្ចប់​ទុក្ខសោក​ដែរ ញ្រេះ​នាង​អាច​ទៅ​ផុត ប៉ុន្តែ​ស្វាមី​ឪពុក​ម្តាយក្មេក​នាង ជា​អ្នករងគ្រោះ​បន្ត ។

ការបាត់បង់​កូន និង ចៅ​ពួកគាត់​ខ្លោចផ្សា​ណាស់ ទៅហើយ ចុះបើ​នាង​ទៅ​បាត់​ម្នាក់ទៀត តើ​ពួកគាត់​ជាពិសេស​ស្វាមី​របស់ នាង​អាច​រស់នៅ​ដូច​ម្តេចទៅ ? ស្វាមី​នាង និង ឪពុក​ម្តាយក្មេក​ពិតជា​ស្រឡាញ់​នាង និង មិនអាច​ខ្វះ​នាង​បានទេ ពួកគាត់​មិន​បន្ទោស​នាង​គឺជា​រឿង ត្រឹមត្រូវ​បំផុត ព្រោះ​អំណាច​នៃ​គុណធម៌​របស់​នាង​វា​ធ្ងន់​ពេក ។ ដើម្បី​កាត់បន្ថយ​នូវ​ភាព​ទុក្ខសោក​នេះ​នាង​គួរតែ​ពិចារណា​នៅក្នុង​ផ្លូវធម៌​វិញ ដោយ​ចាត់ទុកថា​កូនប្រុស​របស់​នាង​មាន​និស្ស័យ​ជាមួយ​នាង បានត្រឹមតែ​ប៉ុណ្ណេះ ព្រោះតែ​អំណាច​កម្ម​ពី​បុព្វេ ។ នាង​គួរ​ឧស្សាហ៍​ទៅ​វត្ត​យក​ច​ង្អា​ន់​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​កូនប្រុស​របស់​នាង​ឱ្យ​រួច ផុត​កម្ម​ទាំងឡាយ និង ឧស្សាហ៍​ស្តាប់ធម៌​ទេសនា ជ្រះថ្លា​នឹង​ការធ្វើ​បុណ្យ ដាក់​ទាន​ក៏​អាចជា​ចំណែក​កាត់បន្ថយ​ភាព​ទុក្ខសោក​របស់​នាង​បាន​ខ្លះ​ដែរ ។

ម្យ៉ាងទៀត​នាង​នៅ​ក្មេង នៅ​ឱកាស​មានកូន​ច្រើន​ទៀត នាង និង ស្វាមី​គួរ​ប្រញាប់​មានកូន​បន្តទៀត ហើយ​ពេល​កូន​នោះ​កើតមក​នាង​កំណត់ថា​ជា​កូនប្រុស​របស់​នាង​មក​ចាប់កំណើត​ជាមួយ​នាង​ជាថ្មី​ទៅ​ចុះ ។ ការយល់ឃើញ​បែបនេះ​ក៏​ជា​ចំណែក​មួយ​ធ្វើឱ្យ​ចិត្ត​របស់​នាង​អាច​រសាយ​បាន​ខ្លះទៀត​ដែរ ហើយក៏​ជាការ​ពញាក់​អារម្មណ៍​នាង​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ ចិញ្ចឹម​បីបាច់​ថែរក្សា និង បញ្ចៀស​ឱ្យបាន​នូវ​គ្រោះថ្នាក់​ផ្សេងៗ ។​ «​ប្រជាប្រិយ​»​សូម​ជូន​ជា​កម្លាំងចិត្ត​ដល់​នាង​ឱ្យ​បន្តជីវិត​រស់នៅ​ត​ទៅមុខទៀត ដើម្បី​ស្វាមី ឪពុក​ម្តាយក្មេក និង បង្កើតកូន​សម្រាប់​ស្នង​ត្រកូល​ដូច​គ្រួសារ​ក្នុងសង្គម​ខ្មែរ​របស់​យើង​ដទៃ ៕

 

Related