រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​សម្រេចបង្កើត​គណៈកម្មការមួយ​ស្រាវជ្រាវ​ករណី​មនុស្ស​មួយក្រុម ដែល​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ – សុវណ្ណ

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៧តុលានេះ​ឲ្យ​ដឹងថា ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​កម្មមួយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់ខ្លួន​ករណី​មនុស្ស​មួយក្រុមដែល​បាន​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២​រូប បណ្តាល​ឲ្យ​រងរបួស នៅពេលដែល​ជិះ​រថយន្ត​ចេញពី​ប្រជុំ​សភា កាលពី​ថ្ងៃទី​២៦តុលា ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។

ប្រភព​បាន​និយាយបន្តថា ​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​មនុស្ស​មួយក្រុម​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​លោក​ ឯម សំអាន ជា​ប្រធាន​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ​ អគ្គ​ស្នងការរង​នគរបាលជាតិ ជា​អនុប្រធាន រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​ជា​សមាជិក​។

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា គឺ​លោក​ ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក​ គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​។  នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ដោយសារមានរបួសធ្ងន់ មានបាក់ឆ្អឹងជាច្រើនកន្លែងនោះ គណបក្សសង្គ្រោះជាតិ បានសម្រេចបញ្ជូនអ្នកតំណាងរាស្ត្រ​ទាំងពីររូបទៅព្យាបាល នៅក្រៅប្រទេសថៃ៕

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥។