បទ​ កែវ វាសនា នៅ​​ថោន ត្រៀម​ចេញ​លក់

បទ​ កែវ វាសនា នៅ​​ថោន ត្រៀម​ចេញ​លក់

តារា​ចម្រៀង កែវ វាសនា ដែល​បាន​ចេញ​ពី​ផលិតកម្ម​សាន់ដេ មក​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថោន​ជិត១ឆ្នាំ​មក​នេះ បាន​ថ្លែង​ប្រាប់ Sabay ​ថា ប្រហែល​ជា​កន្លះ​ខែ​ទៀត បទ​ចម្រៀង​របស់​លោក​​ចេញ​លក់​នៅ​លើ​ទីផ្សារ​ហើយ ដោយ​បច្ចុប្បន្ន​​ខាង​ផលិតកម្ម​​កំពុង​រៀប​ចំ។

 

បទ​ កែវ វាសនា នៅ​​ថោន ត្រៀម​ចេញ​លក់

 

ក្នុង​ជំនួប​តាម​ទូរសព្ទ​កាល​ពី​​ព្រឹក​ម្សិល​មិញ​លោក កែវ វាសនា បាន​ឲ្យ​ដឹង​ថា បទ​ចម្រៀង​របស់​លោក​​ត្រៀម​ចេញ​លក់​នោះ មាន​៤ទៅ៥បទ ដោយ​​បទ​ចម្រៀង​​ទាំង​នោះ​ជា​​បទ​មនោសញ្ចេតនា ​ចង្វាក់​ស្លូ ហើយ​ច្រៀង​ទោល។ “ខ្ញុំ​អត់​អាច​ប្រាប់​ឈ្មោះ​បទ​ចម្រៀង​ទេ ចាំ​​ចេញ​ទៅ​ដឹង​ហើយ មាន​៤ទៅ​៥បទ​ទេ កន្លះ​ខែ​ទៀត​ដឹង​ហើយ” លោក កែវ វាសនា ថ្លែង។

 

ម្ចាស់​បទ “ខ្លាច​គេ​ឈឺ​តែ​មិន​ខ្លាច​បង​ទឹក​ភ្នែក” បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា មាន​៣បទ​បាន​ថត​ MV ​រួច​ហើយ និង​មួយ​ចំនួន​ទៀត​នៅ​ជា ​CD​ នៅ​ឡើយ​ទេ ។ និយាយ​ដោយ​មិន​លាក់​លៀម តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា បទ​ចម្រៀង​របស់​លោក​ដែល​ត្រៀម​ចេញ​លក់​នេះ មិន​មែន​ជា​បទ Original Song ទាំង​អស់​ឡើយ ពោល​គឺ​មាន​បទ​មួយ​ចំនួន​យក​​ពី​បរទេស។ “មាន​ខ្លះOriginal Song ខ្លះ​យក​ពី​គេ បង”
លោក កែវ វាសនា មិន​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា បទ​ចម្រៀង​របស់​លោក​ជា​មួយ​នឹង​ផលិតកម្ម​ថ្មី​នេះ​មាន​ការ​គាំទ្រ​កម្រិត​ណា​ឡើយ ដោយ​លោក​​រង់​ចាំ​មើល​ពេល​ចេញ​មក​សិន។ លោក​ថ្លែង​ថា “បើ​ខ្ញុំ​ថា ចេញ​មក​វា​ផ្ទុះ តែ​ចុង​ក្រោយ​មិន​ដូច​បំណង​នាំ​ឲ្យ​ខ្មាសគេ អីចឹង​មាន​តែ​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ទៅ”។

 

លោក វែក វាសនា បាន​ចេញ​ពី​ផលិតកម្ម​សាន់ដេ កាល​ពី​ជិត១ឆ្នាំ​មុន​នេះ បន្ទាប់​ពី​លោក​បាន​បញ្ចប់​កុងត្រា​អស់​រយៈពេល​៦ឆ្នាំ​ជាមួយ​ផលិតកម្ម​ចាស់​រួច​មក។ ការ​មក​ចូល​ក្នុង​ផលិតកម្ម​ថោន​នេះ លោក​ប្រាប់​ថា នៅ​មិន​ទាន់​ចុះ​កុងត្រា​ជា​មួយ​គ្នា​ឡើយ។ ចំពោះ​ការ​ចុះ​កុងត្រា ជា​មួយ​គ្នា​​ជា​ផ្លូវ​ការ​នៅ​ពេល​ណា​នោះ តារា​ចម្រៀងមក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​​នេះ​ប្រាប់​ថា នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ៕

 

បទ​ កែវ វាសនា នៅ​​ថោន ត្រៀម​ចេញ​លក់

 

អត្ថបទ៖ ខុត សីហា