ភ្នំពេញក្រោន ប្រកួតកាត់ក្តីជាមួយក្រុមខេមបូឌានថាយហ្គឺរ ថ្ងៃពុធនេះ

​ក្រុម​ខេមបូឌានថាយហ្គឺរ និង​ក្រុម​ម្ចាស់​ជើង​ឯក​​ភ្នំពេញ​ក្រោន នឹងយក​កីឡដ្ឋាន​វេស្ទើន ដើម្បី​ប្រកួត​កាត់​សេក្តី​រក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥ ​នៅ​​រសៀល​​ម៉ោង​៣:៣០ ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ការ​ជួប​គ្នា​រវាង​ក្រុម​ណាហ្គាវើល និង​បឹង​កេត ត្រូវ​បាន​លើក​ពេល​ប្រកួត​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​វិញ ដោយ​សារ​សហព័ន្ធ​ ចង់​ទុក​ពេល​ឲ្យ​ក្រុម​បឹង​កេត មាន​ពេល​សម្រាក និង​ហ្វឹក​ហាត់​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​ពាន Toyota Mekong Club Championship 2015 តំណាង​ឲ្យ​កម្ពុជា នៅ​​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ខាងមុខ​នេះ។
1
សម្រាប់​ការ​ប្រកួត​​​វគ្គ​ខ្វែង​ជើង​ទី​១ នៅ​កីឡដ្ឋាន RSN កាល​ពី​​ថ្ងៃ​អាទិត្យ ក្រុម​ភ្នំពេញ​ក្រោន បាន​​​បំបាក់​​ក្រុម​​ខេមបូឌាន​ថាយហ្គឺរ ក្នុង​លទ្ធ​ផល ៤-១ ហើយ​ការ​មាន​គ្រាប់​បាល់​ចំណេញ​រហូត​ដល់​ទៅ​៣​គ្រាប់​នៅ​ក្នុង​ដៃ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន មាន​ភាព​រយ​ខ្ពស់បំផុត ក្នុង​​ការ​ទទួល​បាន​​ឱកាស​ឡើង​ទៅ​​កាន់​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ការ​ពារ​ពាន​​​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត។

ជ័យ​ជម្នះ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ បាន​ធ្វើ​លោក Sam Schweingruber គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន មាន​ការ​រីក​រាយ​យ៉ាង​ខ្លាំង ដោយ​លោក​បាន​យក​ Page ផ្លូវ​ការ​របស់​ភ្នំពេញ​ក្រោន និយាយ​រ៉ាយ​រាប​អួត​សរសើរ​ដល់​ទម្រង់​លេង​របស់​កូន​ក្រុម ហើយ​ជា​ចុង​បញ្ចប់​លោក Sam បាន​សរុប​ខ្លឹម​សារ​ជា​រួម​ថា៖​«​សរុប​មក​យើង​ពិត​ជា​ស័ក្តិ​សម​នឹង​យក​ឈ្នះ ៤-១ ​ក្នុង​ការ​ប្រកួត​នេះ។ ​ឥឡូវ​​នេះ​យើង​ត្រូវ​រៀបចំ​សម្រាប់​ក្នុង​ការ​ប្រកួត​ជើង​ទី​២​បន្ត​ទៀត ​យើង​ត្រូវ​តែ​ឈ្នះ​ទាំង​ពីរ​ប្រកួត ដើម្បី​ធានា​បាន​ថា ​យើង​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​»។

ប៉ុន្តែ​លោក Masakazu Kihara ​គ្រូ​បង្វឹក​​​ក្រុមខេមបូឌាន​ថាយហ្គឺរ ​​បាន​សម្តែង​ការ​ខឹង​សម្យារ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​អាជ្ញា​កណ្តាល​កាត់សេច​ក្តី ក្នុងការ​ប្រកួត​នោះ។ គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​រូប​នោះ ​​បាន​ចាត់​ទុក​ការ​ចាញ់​​លើក​នោះ ​ដោយ​សារ​​ក្រុម​អាជ្ញា​កណ្តាល​កាត់​សេចក្តី​មិន​យុត្តិធម៌​នៅ​លើ​ទី​លាន គឺ​ក្រុមខេមបូឌាន​ថាយហ្គឺរ​របស់​​លោក​មិន​បាន​ចាញ់​​ភ្នំពេញ​ក្រោន ដោយ​​បច្ចេក​ទេស​នោះ​​ទេ។
2
យ៉ាង​ណា​ក៏​ដោយ ការ​ចាញ់​ភ្នំពេញ​ក្រោន ៤-១ នោះហាក់​បាន​បិទ​ផ្លូវ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក្នុង​ការ​ប្រជែង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៅ​ហើយ ព្រោះ​ការ​ចាញ់​ប្រៀប​យ៉ាង​ខ្លាំងនោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខេមបូឌាន​ថាយហ្គឺរ មិន​អាច​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​រហូត​ដល់ ៤-០ ឬ ៥-១ ដើម្បី​យក​ប្រៀប​លើ​ភ្នំពេញ​ក្រោន បាន​នោះ​ឡើយ ព្រោះ​ភ្នំពេញ​ក្រោន គឺ​ជា​ក្រុម​ខ្លាំង​នៅ​រដូវ​កាល​នេះ។

ចំណែក​​​ការ​​ប្រកួត​គ្នា​​​២​លើក​ក្នុង​វគ្គ​វិល​ជុំកន្លង​មក ក្រុម​ខេមបូឌាន​ថាយហ្គឺរ បាន​ចាញ់​ភ្នំពេញ​ក្រោន ៣-១ នៅ​ក្រៅ​ទឹក​ដី មុន​ពេល​ស្មើ​គ្នា ០-០ ​នៅ​លើ​ទឹក​ដី​ខ្លួន​ឯងវិញ ហើយ​​លទ្ធ​ផល​នោះ​វា​​បាន​​បង្ហាញ​ឲ្យ​ឃើញ​ថា ភ្នំពេញ​ក្រោន នឹង​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​គ្មាន​ការ​សង្ស័យ​នោះ​ឡើយ គឺ​ក្រុម​ខេមបូឌានថាយហ្គឺរ មិន​អាច​រារាំង​មហិច្ឆិតា ឡើង​ទៅ​ការ​ពារ​ពាន​របស់​ក្លិប​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​កីឡាមួយ​នេះ​បាន​ឡើយ៕​