ពី​ក្រោយ​តំណែង​តួ​ឯក​របស់ ណាតាហ្សា ក្នុង​រឿង​ថ្មី

ពី​ក្រោយ​តំណែង​តួ​ឯក​របស់ ណាតាហ្សា ក្នុង​រឿង​ថ្មី

ណាតាហ្សា កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​តួ​ឯក​ក្នុង​រឿង​ថ្មី​របស់ រ៉ូណាន ចាន់ណា ដែល​គ្រោង​ដំណើរ​ការ​ថត​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​នេះ ក្នុង​ផលិតកម្ម​ទើប​បង្កើត​ឡើង។

 

ពី​ក្រោយ​តំណែង​តួ​ឯក​របស់ ណាតាហ្សា ក្នុង​រឿង​ថ្មី

 

អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​ខាង​លើ​បញ្ជាក់​ថា ពួក​គេ​កំពុង​ជជែក​គ្នា​ពី​ខ្លឹម​សារ​សាច់​រឿង និង​រៀប​ពេល​វេលា ខណៈ​តួ​នីមួយៗ​មាន​ការ​មមាញឹក​ថត​ឱ្យ​ផលិតកម្ម​ផ្សេងៗ​ផង​ដែរ។ ជាមួយ​គ្នា​នោះ​ បុរស​វ័យ​ក្មេង​មាន​ប្រវត្តិ​រស់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ខាង​លើ​បាន​បញ្ជាក់​ថា មាន​ហេតុ​ផល​មួយ​ចំនួន ដែល​រូប​គេ​សម្រេច​ចិត្ត​ជ្រើសរើស​តារា​កូន​កាត់​ខ្មែរ-ឥស្លាម ចូលរួម​សម្ដែង​ក្នុង​តំណែង​ដ៏​សំខាន់​ក្នុង​រឿង​ថ្មី​នេះ។

 

“ឆ្លង​កាត់​បទ​ពិសោធន៍​ធ្វើ​ការងារ​ជាមួយ​គ្នា​កន្លង​មក ខ្ញុំ​បាន​ដឹង​ថា គាត់​ជា​មនុស្ស​មាន​ទេពកោសល្យ មាន​ការ​តស៊ូ​ព្យាយាម​ខ្ពស់”។ រ៉ូណាន ចាន់ណា បញ្ជាក់​មក​កាន់ Sabay។ រូប​គេ​អះអាង​ម្យ៉ាង​ទៀត​ថា ណាតាហ្សា មាន​ទម្រង់​មុខ​ស្រប​តាម​ការ​ចង់​បាន ដើម្បី​សម្ដែង​ជា​តួ​ខ្មោច​ក្នុង​រឿង​នេះ ខណៈ​រូប​គេ​ក៏​ត្រូវ​ការ​អ្នក​គោរព​ពេល​វេលា​ថត​ដូច​គ្នា​ដែរ ស្រប​ពេល​នាង​មាន​បទ​ពិសោធន៍​សម្ដែង​បាន​ល្អ​ក្នុង​រឿង “៧ថ្ងៃ” របស់​ផលិតកម្ម Rich Kids Media កន្លង​មក។

 

ពី​ក្រោយ​តំណែង​តួ​ឯក​របស់ ណាតាហ្សា ក្នុង​រឿង​ថ្មី

 

រូប​គេ​មិន​ទាន់​ឱ្យ​ដឹង​នូវ​ចំណង​ជើង​រឿង​ថ្មី​នេះ​នៅ​ឡើយ​ទេ​ ដោយ​លើក​ហេតុផល​ថា រង់ចាំ​ដល់​ពេល​ក្រុង​ពាលី​ថត និង​ប្រកាស​បើក​ជា​ផ្លូវ​ការ​ផលិតកម្ម​ថ្មី​របស់​គេ ដែល​ជា​ការ​ចូល​ហ៊ុន​គ្នា​ជាមួយ​បង​ស្រី​បង្កើត​តែ​ម្ដង។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ដឹក​នាំ​រឿង​រូប​សង្ហារ​ខាង​លើ​បន្ថែម​ថា ភាពយន្ត​បន្ទាប់​​នេះ​បង្ហាញ​ពី​សម័យ​លង្វែក និង​សម័យ​បច្ចុប្បន្ន​ផង​ដែរ។

 

អ្នក​ដឹក​នាំ​រឿង​ដដែល​មាន​សុទិដ្ឋិនិយម​ថា ភាពយន្ត​ថ្មី​របស់​គេ​អាច​នឹង​ទទួល​បាន​ជោគជ័យ​មិន​ខាន​ឡើយ ដោយ​ផ្អែក​លើ​ខ្លឹម​សារ តួ​សម្ដែង និង​បទ​ពិសោធន៍​ដឹក​នាំ​រឿង​កន្លង​មក​។ ម្យ៉ាង​ទៀត​រូបគេ​យល់​ថា ​បច្ចុប្បន្ន​តារា​ខ្មែរ​ចាប់​ផ្ដើម​មាន​ការ​រីក​ចម្រើន​សមត្ថភាព​ផ្នែក​សម្ដែង​គួរ​ឱ្យ​កត់​សម្គាល់​ហើយ៕​

 

អាន​អត្ថបទ៖  គង់ សុធារិទ្ធ សម្រេច​ចិត្ត​ចូល​រោង​ការ​បញ្ចប់​មន្ទិល​ស្នេហ៍​ចាស់

អាន​អត្ថបទ៖  ស្នេហា​ក្រៅ​ឆាក​ ចំរុង-ដាលីស ដោយ​សារ​រឿង​ហ្នឹង!

អត្ថបទ៖ សំ ជំនាញ