មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ជំងឺ​រលាក​ខ្នែងពោះវៀន​មិន​បាន​ព្យាបាល​?

មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ជំងឺ​រលាក​ខ្នែងពោះវៀន​មិន​បាន​ព្យាបាល​?

​ការ​រលាក​ខ្នែងពោះវៀន​អាច​បណ្តាល​ឱ្យ​ឈឺចាប់​ផ្នែក​ខាងក្រោម និង​ស្តាំ​នៃ​ពោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្ស​ភាគច្រើន​ចាប់ផ្តើម​ឈឺពោះ​នៅ​ជុំវិញ​ផ្សិត​សិន​ទើប​ឈឺ​រាល​ដល់​ផ្នែក​ខាងក្រោម និង​ស្តាំ​។ ដោយសារតែ​ការ​រលាក​កាន់តែ​ធ្ងន់ធ្ងរ​នោះ ការឈឺចាប់​ដោយសារ​ការ​រលាក​ខ្នែងពោះវៀន​ជា ធម្មតា​នឹងត្រូវ​បន្ត​កាន់តែខ្លាំង​ឡើងៗ ហើយ​ធ្ងន់ធ្ងរ​ដែរ​។

​បើសិនជា​មិន​មាន​ការព្យាបាល​ទេ ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​នឹង​បណ្តាលឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា​៖
 

​បែក​ខ្នែកពោះវៀន​
កាលណា​ខ្នែងពោះវៀន​ដែល​រលាក​មិនបាន​ព្យាបាល វា​នឹង​អាច​បណ្តាលឱ្យ​បែក​បាន ដូច្នេះ​មេរោគ​នឹង​រីក​រាលដាល​ពេញ​ក្នុង​ស្រោម​ពោះ​។ ករណីបែបនេះ​គឺ​អាច​គម្រាមកំហែង​ដល់​ជីវិត​អ្នកជំងឺ​ខ្លាំងណាស់ ដូច្នេះ​ត្រូវតែ​មាន​ការព្យាបាល​ដោយ​វះកាត់​ជា​បន្ទាន់​ដើម្បី​កាត់​ខ្នែងពោះវៀន និង​សម្អាត​ស្រោមពោះ​ផង​។

បង្កើត​ជា​ថង់​ទឹក​ខ្ទុះ​ដក់​ក្នុង​ពោះ​
បើសិនជា​ខ្នែងពោះវៀន​បែក វា​អាច​បង្កើតបាន​ជា​ថង់​ទឹក​ខ្ទុះ​ក្នុង​ពោះ​បាន​។ ករណី​ភាគច្រើន គ្រូពេទ្យ​វះកាត់​អាច​នឹង​បង្ហូរ​ខ្ទុះ​ចេញ​ដោយ​ការដាក់​បំពង់​ចូលទៅ​ក្នុង​ពោះ​ទម្លុះ​ដល់​កន្លែង​មាន​ខ្ទុះ​នោះ​តែម្តង និង​ទុក​បំពង់​នោះ​រយៈពេល​ពីរ​សប្តាហ៍ និង​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​សម្លាប់​មេរោគ​។

នៅ​ពេល​អស់​មេរោគ​ហើយ អ្នក​នឹង​ត្រូវ​ធ្វើ​ការវះកាត់​ខ្នែងពោះវៀន​នោះ​ម្តងទៀត​។ ករណីខ្លះ ខ្ទុះ​ក៏ត្រូវ​បង្ហូរ ហើយ​ខ្នែងពោះវៀន​ក៏​ត្រូវ​កាត់ចោល​ភ្លាមៗ​តែម្តង៕

ប្រែសម្រួលដោយ៖ វេជ្ជ.​ ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។