ហ៊ុយ ច័ន្ទ​រាជ​នី លែង​ខ្វល់​ពី​ការងារ​សិល្បៈ​

Sanofi

ជាមួយនឹង​រូប​សម្រស់​ស្រស់ស្អាត​បែប​កូនកាត់​ចិន​របស់​អតីត​ហ្វ្រេស​ស៊ី ហ៊ុយ ច​ន្ទ័​រាជ​នី បានធ្វើឱ្យ​បុរស​ជាច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង មាន​ទាំង​អ្នក​នៅក្នុង និង ក្រៅប្រទេស ក្នុងនោះ​ក៏មាន​ទាំង​ឧកញ៉ា​សម្បូរ​ទ្រព្យ​ផងដែរ ។ ជាមួយនឹង​ការចេញមុខ ច្រានចោល​ព័ត៌មាន​ទាំងអស់នេះ ហ៊ុយ ច​ន្ទ័​រាជ​នី ក៏បាន​ប្រកាសថា នាង​មាន​គូស្នេហ៍​ជា​អ្នកជំនួញ​ដែលមាន​វ័យ​ជាង ៣០ ឆ្នាំ តែ​នាង​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ពិតប្រាកដ​របស់​គូស្នេហ៍​នោះទេ ។ ហ៊ុយ ច័ន្ទ​រាជ​នី ធ្លាប់​និយាយថា គូស្នេហ៍​របស់​នាង​ពូកែ​ប្រចណ្ឌ និង បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ពេល​ឃើញ​នាង​ថត​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស ។

អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ នៅពេល​នាង​ប្រកាសថា មាន​គូស្នេហ៍​មិនទាន់បាន​ប៉ុន្មាន​ផង គេ​បាន​កត់សម្គាល់ឃើញ​សកម្មភាព​ការងារ​សិល្បៈ​របស់​ស្រី​ស្អាត​មុខ​មូល​ក្រឡង់​រូបនេះ​កាន់តែ​ស្ងប់ស្ងាត់ ។ សូម្បីតែ​បងប្រុស​របស់​នាង​ជា​ម្ចាស់​ផលិតកម្ម​ក៏​មិនបាន​ជ្រើស​យក​នាង​ឱ្យ​សម្តែង​ក្នុង​រឿង​របស់ខ្លួន​ដែរ​។ហ៊ុយ ច័ន្ទ​រាជ​នី ហាក់​មិន​ខ្វល់ខ្វាយ​ពី​ការងារ​សិល្បៈ​នោះទេ ។ មានការ​លើកឡើងថា មូលហេតុ​ដែល ហ៊ុយ ច​ន្ទ័​រាជ​នី លែង​ខ្វល់​ពី​ការងារ​សម្តែង ដោយសារ​នាង​មិន​ចង់ឱ្យ​គូស្នេហ៍​អាក់អន់ចិត្ត ។ ចុងក្រោយ​នេះ គេ​ឧស្សាហ៍​ឃើញ​នាង​ចេញចូល​ប្រទេស​ថៃ​ជា​ញឹកញាប់ ។ ជាក់ស្តែង​ថ្មីៗ​នេះ​គេ​បានឃើញ​វត្តមាន ហ៊ុយ​
​ច​ន្ទ័​រាជ​នី ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ដោយ​គ្មាន​វត្តមាន​ម្តាយ​របស់​នាង​រួម​ដំណើរ​ជាមួយ​ទេ ហើយ​មានការ​សង្ស័យថា ស្រី​ស្រស់​រូបនេះ​ទៅ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍ ។

ទាក់ទង​ជាមួយ​រឿងនេះ ម្តាយ​របស់ ហ៊ុយ ច័ន្ទ​រាជ​នី បាន​ចេញមុខ​បកស្រាយ​ថា​«​ហ៊ុយ ច័ន្ទ​រាជ​នី ពិតជា​ឧស្សាហ៍​ចេញចូល​ប្រទេស​ថៃ ញឹកញាប់​ពិតមែន ។ ថ្មីៗ​នេះ រាជ​នី បាន​ទៅពិនិត្យ​សុខភាព​នៅ​ទីនោះ ហើយ​ឆ្លៀត​ដើរ​កម្សាន្ត​ផង ។ ប៉ុន្តែ រាជ​នី ទៅ​តែម្នាក់ឯង មិនមាន​គូស្នេហ៍​រួម​ដំណើរ​ដូច​គេ​និយាយ​នោះទេ​» ។ ប៉ុន្តែ​យ៉ាងណា​អ្នកស្រី​មិនបាន​ប្រាប់ថា ហ៊ុយ ច​ន្ទ័​រាជ​នី មាន​ជំងឺ​អ្វី​នោះឡើយ ។ ម្តាយ ហ៊ុយ ច័ន្ទ​រាជ​នី បានលើកឡើង​របៀបកា​រពារ​កូនស្រី​ថា​«​កូនស្រី​របស់ខ្ញុំ​មិនមាន​អ្នកណា​ជ្រោមជ្រែង​អី​នោះទេ ។ ពេលណា​ទំនេរ​គ្នា​មកជួយ​លក់​ខោអាវ​ខ្ញុំ​ដែរ​ហ្នឹង ។ មូលហេតុ​ដែល​គេ​ផ្អាក​ការងារ​សិល្បៈ​មួយរយៈ​កន្លងមក ដោយសារ​គេ​ជាប់រវល់​មើលថែទាំ​ខ្ញុំ កាល​ខ្ញុំ​មាន​ជំងឺ »​។

អ្នកស្រី​ទទួលស្គាល់ថា ហ៊ុយ ច​ន្ទ័​រាជ​នី ពិត​ជាមាន​គូស្នេហ៍​មែន តែ​សុំ​មិន​និយាយ​អ្វី​ច្រើន​ខ្លាច​ខុស ។ អ្នកស្រី​បាន​បន្ថែមថា តាមពិត ហ៊ុយ ច័ន្ទ​រាជ​នី ត្រូវ​ថត​រឿង​«​នរណា​ជា​ខ្មោច​» ឲ្យ​ផលិតកម្ម​បងប្រុស​រប​ស់​នាង ។ គួរឱ្យ​ស្តាយ​ដោយសារ​ទម្រង់​មុខ​របស់​នាង​ដូច​ចិន មិន​ស៊ី​ជាមួយនឹង​ការសម្តែង​តួ​ខ្មោច ហើយក៏​ជំនួស​ដោយ​តារា​ដែល​និយម​ថតរូប​សិច​ស៊ី ឌុ​ច លីដា វិញ ។​ គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ជាប់​ជ័យលាភី​លេខ ១ នៅក្នុង​កម្មវិធី​ហ្វ្រេស​ស៊ី​ហ្គើ​ល​ឆ្នាំ ២០១១ ស្រី​ស្អាត ហ៊ុយ ច័ន្ទ​រាជ​នី បាន​ហក់​ចូលក្នុង​សង្វៀន​សិល្បៈ មាន​ទាំង​ការធ្វើជា​ពិធី​ការិនី ថត​ស្ប៉ត​ពាណិជ្ជកម្ម ចម្រៀង​ខារ៉ាអូខេ និង រឿង​ភាគ​ជាដើម ។ អ្វីដែល​ធ្វើ​ឲ្យ​គេ​កត់សម្គាល់​នោះ​គឺ​នាង​លេចមុខ​នៅលើ​វិថី​សិល្បៈ​មិនទាន់បាន​ប៉ុន្មាន​ផង ហ៊ុយ ច​ន្ទ័ រាជ​នី ក៏​ពើបប្រទះ​នឹង​រឿងអាស្រូវ​ស្នេហា​រសេមរសាម​មិន​ចាញ់​តារា​ល្បីៗ​ដទៃទៀត​ប៉ុន្មាន​ឡើយ ។

ដោយ​អ្នកខ្លះ​បាន​សន្យា​ផ្តល់​ជា​សម្ភារ និង ប្រាក់កាស​ដល់​រូបនាង ប៉ុន្តែ ហ៊ុយ ច​ន្ទ័​រាជ​នី បាន​ចេញមុខ​បដិសេធ ដោយ​អះអាងថា នាង​មិន​ចង់​លេង​ផ្លូវ​កាត់ និង ធ្វើជា​សារិកា​នៅក្នុង​ទ្រុង​មាស​នោះឡើយ ។ នាង​ចង់​ប្រឹងប្រែង​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង ។ ជាមួយគ្នានេះ​មានការ​កត់សម្គាល់ឃើញ​ថា នៅពេល​ការងារ​សិល្បៈ​មិនទាន់​ប្រឡូក​បាន​ប៉ុន្មាន​ផង ហ៊ុយ ច​ន្ទ័ រាជ​នី បាន​បោះទុន​រាប់​មឺ​ុ​ន​ដុល្លារ​បើក​ភោជនីយដ្ឋាន «​ផ្ទះ​ត្រាវ​»​ដែលមាន​ទីតាំងនៅ​ម្តុំ​កោះ​ពេជ្រ តែ​ដំណើរការ​មិនទាន់បាន​ប៉ុន្មាន​ផង នាង​ក៏​សេង​ហាង​នេះ​បន្ត​ឱ្យ​អ្នកផ្សេង ដោយ​ប្រាប់ថា ខាត​អស់​ពាក់កណ្តាល ។ កន្លងមក ហ៊ុយ ច័ន្ទ​រាជ​នី ក៏​ធ្លាប់​បង្ហាញមុខ​នៅក្នុង​វីដេអូ​ភាគ ដែល​បានដាក់​បញ្ចាំង​នៅតាម​កញ្ចក់​ទូរទស្សន៍​ប្រមាណ​ជា​បី​រឿង​ក្នុង​តំណែង​ជា​តួឯក មានដូចជា​រឿង​«​ស្នេហ៍​គ្រា​ដំបូង​»« ផ្ទះ​ស្នេហ៍​» និង រឿង​«​នារី​ឆ្លាត​»​។ ហ៊ុយ ច័ន្ទ​រាជ​នី ត្រូវបាន​គេ​ចាត់ទុកជា​តារា​វ័យក្មេង មាន​រូប​សម្រស់​ស្រស់ស្អាត ហើយ​នៅពេល​នាង​តុបតែង​ខ្លួន​បែប​ស្ទីល​ឃ្យូ​ត ឃ្យូ​ត ម្តងៗ​មាន​បុរសៗ​មិនតិច​ទេ ដែល​លង់​ស្នេហ៍​នាង ៕



សុធា​រៈ​

Related