​អ្នក​មិន​ជក់បារី គឺ​កុមារ និង​ស្ត្រី បាន​ស្រូប​ផ្សែង​បារី​ពី​គេ មាន​អត្រា​ខ្ពស់បំផុត​

ភ្នំពេញ: លទ្ធផល​ស្រាវជ្រាវ នៃ​ការប្រើប្រាស់​ថ្នាំជក់ បាន​បង្ហាញថា អត្រា​រងគ្រោះ ដោយសារ​ការ ស្រូប​ផ្សែង​បារី​ពី​គេ ខ្ពស់បំផុត ក្នុងចំណោម​អ្នក​មិន​ជក់បារី ដូច្នេះ​ដើម្បី​ការពារ អ្នក​មិន​ជក់បារី ជាពិសេស​កុមារ និង​ស្ត្រី ពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ចាំបាច់​ត្រូវមាន​យន្តការ ច្បាស់លាស់ ដើម្បី​ពង្រឹង​ការអនុវត្តន៍ ការហាម​ជក់បារី នៅតាម​ទីសាធារណៈ និង​កន្លែងធ្វើការ និង​មានការ​ផាកពិន័យ ចំពោះ​ជនល្មើស ទើប​មាន​ប្រសិទ្ធភាព គ្រប់គ្រាន់​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការស្រាវជ្រាវ​ថ្នាក់ជាតិ ស្តីពី​ការប្រើប្រាស់​ថ្នាំជក់ ក្នុងចំណោម​មនុស្ស ពេញវ័យ​កម្ពុជា ឆ្នាំ​២០១៤ (NATSC, 2014) បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០១៥ នា​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ នៃ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា (CMH) បាន​លើកឡើងថា សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ​នូវ​លទ្ធផល នៃ​ការអង្កេត​ថ្នាក់ជាតិ លើ​មនុស្សពេញវ័យ ស្តីពី​ថ្នាំជក់​នៅ​កម្ពុជា ឆ្នាំ​២០១៤ ដល់​សមាជិក​លេខាធិកា​រដ្ឋា​ន នៃ​អនុសញ្ញា ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ដែល​ពាក់ព័ន្ធ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ។

​លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​ឲ្យ​ដឹងថា ការអង្កេត​ថ្នាក់ជាតិ​នេះ ធ្វើឡើង​ដោយ វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ ដោយមាន​ជំនួយ​បច្ចេកទេស និង​ឧបត្ថម​ថវិកា ពី​សំណាក់​សម្ព័ន្ធ ត្រួតពិនិត្យ​ថ្នាំជក់ អាស៊ីអាគ្នេយ៍ (SEATCA)  អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) ។​

​តាម​លទ្ធផល​នៃ ការអង្កេត​នេះ បង្ហាញថា អត្រា​ជក់បារី បច្ចុប្បន្ន ក្នុងចំណោម​បុរស អាយុ​ពី​១៥​ឆ្នាំ​ឡើងទៅ បាន​ថយចុះ​ពី ៣៩ ភាគរយ នៅ​ឆ្នាំ​២០១១ មក ៣៣ ភាគរយ នៅ​ឆ្នាំ​២០១៤​។ ដោយឡែក អត្រា​ជក់បារី ក្នុងចំណោម​បុរស វ័យ​ចំណាស់ អាយុ​ចាប់ពី ៤៥ ដល់ ៦៤​ឆ្នាំ មានកំ​រិត​ខ្ពស់បំផុត គឺ​៤៨,៧ ភាគរយ​។ ដោយសារ​កំណើន​ប្រជាពលរដ្ឋ ចំនួន​ពិតប្រាកដ​នៃ អ្នក​ជក់បារី​ជា​បុរស បាន​កើនឡើង​ពី ១,៣៤ លាន​នាក់ កាលពី​ឆ្នាំ ២០១១ ទៅ ១,៥៥ លាន​នាក់ ក្នុង​ឆ្នាំ ២០១៤​។

​ការកើនឡើង​នូវ​ចំនួន អ្នក​ជក់បារី ក្នុងចំណោម​មនុស្សពេញវ័យ ជា​បុរស សបញ្ជាក់​ឱ្យឃើញថា ទីផ្សារ​របស់​ឧស្សាហកម្ម​ថ្នាំជក់ កាន់​តែមាន​ឥទ្ធិពល ទៅលើ​ប្រជាពលរដ្ឋ នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា​ប្រទេស​កម្ពុជា​យើង ជាពិសេស​ក្នុងចំណោម យុវជន​ដែលជា​សសរទ្រូង របស់​សង្គមជាតិ និង​ជាម​នុស្ស​ពេញកំលាំង ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សង្គម ។​

​ក្រឡេក​មក​មើល អត្រា​នៃ​ការ​ស្រូប​ផ្សែង​បារី ពី​គេ​វិញ  យើង​ឃើញថា ការ​ស្រូប​ផ្សែង​បារី​ពី​គេ នៅតែមាន​កំរិត​ខ្ពស់​នៅឡើយ គឺ ៧៦ ភាគរយ នៅតាម​ភោជនីយដ្ឋាន ៤៩ ភាគរយ នៅតាម​អគារ​របស់​រដ្ឋ ៣៣,៦ ភាគរយ នៅតាម​ទីសាធារណៈ និង ២១,៦ ភាគរយ នៅតាម​គ្រឹះស្ថាន​សុខាភិបាល​។

​តាម​លទ្ធផល​នៃ​ការអង្កេត​នេះ បាន​បង្ហាញថា មានតែ ៤ ភាគរយ នៃ​អ្នក​ជក់បារី បច្ចុប្បន្ន​ប៉ុណ្ណោះ ដែលមាន​បំណង​លះបង់ ទម្លាប់​ជក់បារី ក្នុងកំឡុងពេល ១២ ខែ​កន្លងមក​។ លក្ខណៈ​នៃ​ការ​ញៀន គួបផ្សំ​នឹង​តម្លៃ​បារី នៅ​ប្រទេស​កម្ពុជា ថោក ហើយ​អាច​រក​ទិញ​បាន គ្រប់កន្លែង​ផង​នោះ ជា​កត្តា​លើកទឹកចិត្ត ឱ្យ​យុវជន​វ័យក្មេង និង​ប្រជាពលរដ្ឋ​ក្រីក្រ អាចមាន​លទ្ធភាព ទិញ​បារី​ជក់​បាន​។

​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ឲ្យ​ដល់​កំរិត​មួយ ដែល​អាច​នាំឱ្យ​បារី​ឡើងថ្លៃ ហួស​ពី​លទ្ធភាព​របស់​កុមារ និង​ប្រជាពលរដ្ឋ​ក្រីក្រ ជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​។ ឈ្នះ​មួយ​គឺ នៅពេលដែល​បារី​លក់ នៅលើ​ទីផ្សារ មានតម្លៃ​ខ្ពស់ នោះ​នឹង​ជួយ​បង្ការ​កុមារ និង​ប្រជាពលរដ្ឋ​ក្រីក្រ ពី​ការចាប់ផ្តើម​ជក់បារី និង​លើកទឹកចិត្ត អ្នក​ជក់បារី ឱ្យ​លះបង់​ទម្លាប់ របស់​ពួកគេ​។ ខណៈ​ឈ្នះ​មួយទៀត គឺ​ការដំឡើង​ពន្ធ​បារី នាំឱ្យមាន​ការកើនឡើង នូវ​ចំណូល​ពន្ធ​របស់​រដ្ឋ ដែល​ចាំបាច់ សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។

​ជាមួយគ្នា​នោះដែរ លោក​វេជ្ជបណ្ឌិត យ៉ិ​ល ដារ៉ាវុធ នាយ​ប្រតិបត្តិ នៃ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា (WHO) បាន​មានប្រសាសន៍ថា អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ថា ការដំឡើង​ពន្ធ លើ​ផលិតផល​ថ្នាំជក់ រហូតដល់​ជាង ៧៥ ភាគរយ នៃ​តម្លៃ​លក់រាយ គឺជា​ការអន្តរាគមន៍ ត្រួតពិនិត្យ​ថ្នាំជក់​ដ៏ មាន​ប្រសិទ្ធភាព​អនុវត្ត និង​មាន​ប្រសិទ្ធភាព ផ្នែក​តម្លៃ​បំផុត​។ បន្ទុក​ពន្ធ​លើ​បារី បច្ចុប្បន្ន គិត​ជា​ភាគរយ នៃ​តម្លៃ​លក់រាយ​គឺ ២២​ភាគរយ ចំពោះ​ផលិតផល​បារី​ក្នុងស្រុក និង ២៨​ភាគរយ ចំពោះ​បារី​នាំចូល គឺ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត ក្នុង​តំបន់​អាស៊ាន​។

​លោក​វេជ្ជបណ្ឌិត យ៉ិ​ល ដារ៉ាវុធ បាន​បន្តថា តាម​លទ្ធផល​នៃ​ការអង្កេត​នេះ ក៏​បង្ហាញ​ផងដែរ​ថា អ្នក​ជក់បារី បច្ចុប្បន្ន ដែល​គិតពី​ការលះបង់ ការជក់បារី ដោយសារ​សារ ព្រមាន​សុខភាព បាន​ថយចុះ​ពី ៨២​ភាគរយ កាលពី​ឆ្នាំ ២០១១ មក​ត្រឹម ៤៤​ភាគរយ ក្នុង​ឆ្នាំ ២០១៤ ។ ការថយចុះ​នេះ បញ្ជាក់ថា សារ​ព្រមាន​សុខភាព ជា​អក្សរ​លើ​កញ្ចប់​បារី បច្ចុប្បន្ន បាន​ថយចុះ​ប្រសិទ្ធភាព ក្នុងការ​ជំរុញ​អ្នក​ជក់បារី ឱ្យ​ពិចារណា ពី​ការលះបង់​ទម្លាប់​ជក់បារី​។

​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ការបោះពុម្ព​សារ ព្រមាន​សុខភាព ជា​រូបភាព​លើ​កញ្ចប់​បារី ដែលមាន​ទំហំ ៥៥ ភាគរយ លើ​ផ្ទៃ​សំខាន់​ទាំងសងខាង នៃ​កញ្ចប់​បារី និង​កញ្ចប់​ផលិតផល​ថ្នាំជក់​។ ដូច្នេះ ៩​ខែ ក្រោយ​ពេលដែល​អនុក្រឹត្យ​នេះ ចូល​ជា​ធរមាន គឺ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ រាល់​កញ្ចប់​បារី និង​កញ្ចប់​ផលិតផល​ថ្នាំជក់​ទាំងអស់ ត្រូវតែមាន​សារ​ព្រមាន សុខ​ភាពជា​រូបភាព ដែលមាន​ទំហំ ៥៥ ភាគរយ​។ រាល់​ផលិតករ និង​អ្នក​នាំចូល អ្នក​លក់ដុំ និង​អ្នក​ចែកចាយ ព្រមទាំង​អ្នកលក់​រាយ ផលិតផល​ថ្នាំជក់ ដែល​បំពាន​អនុក្រឹត្យ​នេះ នឹងត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ដូច​មានចែង​នៅក្នុង​ទោស​ប្បញ្ញត្តិ នៃ​អនុក្រឹត្យ​នេះ​។
​រាជរដ្ឋាភិបាល គួរ​អនុវត្ត​សារ​ព្រមាន​សុខភាព ជា​រូបភាព​លើ​កញ្ចប់​បារី ដែលជា​គោលនយោបាយ​មួយ គាំទ្រ​ដោយ​មនុស្សពេញវ័យ​កម្ពុ​ជា ភាគច្រើន​លើសលប់ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ភាពលេច​ធ្លោ​របស់ សារ​ព្រមាន​សុខភាព​ទាំងនេះ​។  

​តាម​របាយការណ៍​ថ្មី​បំផុត របស់​អង្គការ​សុខភាព​ពិភពលោក ការប្រើប្រាស់​ថ្នាំជក់ បានសម្លាប់​មនុស្ស​អស់ ៦ លាន​នាក់ ក្នុង​មួយឆ្នាំ ក្នុងនោះ​មាន ៦ សែន​នាក់ ស្លាប់​ដោយសារ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​។ ប្រសិនបើ​គ្មាន​វិធានការ​ជាបន្ទាន់​ទេនោះ ការប្រើប្រាស់​ថ្នាំជក់ អាច​សម្លាប់​មនុស្ស រហូតដល់ ៨ លាន​នាក់ ជា​រៀងរាល់ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០៣០ ដែល​ក្នុងចំណោម អ្នកស្លាប់​ទាំងនោះ អាចមាន​ស្ត្រី ចំនួន ២,៥ លាន​នាក់​។ ដោយឡែក នៅ​ប្រទេស​កម្ពុជា មាន​មនុស្ស​ប្រមាណ​ជា ១០.០០០ នាក់ បាន​ស្លាប់​ដោយសារ ជំងឺ​ដែល​ទាក់ទង​ទៅនឹង​ថ្នាំជក់​៕V​/S