រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បត់​អត់​មើលបុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ

​រាជ​ធានីភ្នំពេញ ៖ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​មួយបត់​ស្តាំ​បុក​រថយន្ត​​​ហា​យ​ឡែ​ន​ឌ័​របើក​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ក្រ​ពឹត​ទ្វារ​ក្រោយ​ចំហៀង​ខាងឆ្វេង​កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧​ តុលា នៅ​​កែង​​ផ្លូវ​លេខ​២៧១​​និង​លេខ​១៨៧​ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-0671 ជា​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ បើក​តាម​ផ្លូវ​លេខ​២៧១​ ពី​ត្បូង​ទៅ​ជើង ស្របគ្នា​ជាមួយ​រថយន្ត​​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-5593 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជិត​៥០​ឆ្នាំ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បើកបរ​ស្របគ្នា​ជាមួយ​រថយន្តរង​គ្រោះ​លុះ​មក​ដល់​ចំណុច​ខាងលើ​រថយន្ត​បង្ក​បាន​បត់​ស្តាំ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឲ្យ​បត់​ទៅ​កៀរ​បុក​រថយន្ត​រង​គ្រោះ​ក្រ​ពឹត​ទ្វារ​ក្រោយ​ចំហៀង​ខាងឆ្វេង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក រង​របួស​ទេ​ ។

ក្រោយ​ពេល​កើតហេតុ ​ភាគី​ទាំង​ពីរ​បាន​​​ចរចា​គ្នា​រាប់​ម៉ោង​ ទើប​ខាង​រថយន្ត​បង្ក​យល់ព្រមយក​រថយន្ត​ដែល​ខូចខាត​ទៅ​ជួសជុល​​​ដើម្បី​​បញ្ចប់រឿង ៕