ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ត្រូវ​គេ​វាយស​ម្លាប់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​សង្កាត់​ព្រែក​តាសេក

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ស្លៀក​ខោ​ខូវ​ប៊យ ពាក់​អាវ​ដៃ​វែង​ក្រឡា​ខ្លឹម​ខ្នុរ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​១៥នាទី​ព្រឹក ថ្ងៃ​ទី​២៨ តុលា នេះ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា សព​ប្រហែល​​​ត្រូវ​គេ​វាយ​សម្លាប់ពី​កន្លែង​ណា​មួយ​​រួច​អូស​យក​មកទុក​ចោល​​​ក្នុង​ដី​ឡូត៍​ខាង​លើ​ដែល​មានចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្លូវ​លំ​។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​តាម​ផ្លូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក​កន្លែង​កើត​ហេតុ​គេ​ប្រទះ​ឃើញ​មួក​សុវត្ថិ​ភាព​មួយ​​ ដែល​គេ​សង្ស័យ​ថា ជា​មួក​របស់​សព​ជន​រង​គ្រោះ​។ ​

ជន​រង​គ្រោះ​ត្រូវ​គេ​សង្ស័យ​ថា ​​អាច​ជា​អ្នក​រត់​ម៉ូតូ​ឌុប ឬ​មាន​អ្នក​ស្គាល់​គ្នា​ហៅ​ឌុប​មក​កាន់​កន្លែង​កើតហេតុជា​កន្លែង​ស្ងាត់​រួច​ធ្វើ​សកម្ម​ភាព​វាយសម្លាប់​ប្លន់​យក​ម៉ូតូ​តែ​ម្តង។

សព​​គេ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ទេ ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​សាច់​ញាតិ​៕