មន្ត្រី​​​បដិសេធ​​​​ការ​​​ចោទ​​​ប្រកាន់ពីបទ​បរិហារកេរ្តិ៍​​​ទាក់ទិន​ការបង្ហោះសារតាម​​​ហ្វេសប៊ុក

មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​​​​ដែល​​ត្រូវ​​​បាន​​​ព្យួរ​​​​​​មុខ​​​តំណែង​​​មួ​​​យ​​​រូប​​​ និង​​​មន្ត្រីយោធា​​​ម្នាក់​​​បាន​​​បន្ត​​​សវនាការ​​​ជំនុំជម្រះ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញកាល​​​ពី​​​ម្សិលមិញ ពាក់​​​ព័ន្ធ​​​ការ​​​បង្ហោះ​​​សារ​​​អះ​​​អាង​​​តាម​​​​​​ហ្វេស​​​ប៊ុក​​​ អំពីជីវិត​​​ផ្លូវ​​​ភេទ​​​​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយរូប​ ជាការអះអាង​​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បរិហារ​​​កេរ្តិ៍ និង​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ផ្តន្ទាទោស​​​មនុស្ស​​​ពីរ​​​នាក់​​​រួច​​​ហើយ​​​។ 

លោក ផែង វណ្ណៈ ដែល​​​ត្រូវ​​​បាន​​​ព្យួរ​​​   ​​​មុខ​​​តំណែង​​​របស់​​​ខ្លួន​​​នៅ​​​ការិយាល័យ​​​ប្រឆាំង ​​​បទ​​​ល្មើស​​​បច្ចេក​​​ទេស​​​នៃ​​​នាយកដ្ឋាន​​​​សន្តិ​​​សុខ​​​ផ្ទៃ​​​ក្នុង​​​ ដោយ​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ និង​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​គំរាម​​​សម្លាប់​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​ទៀតនោះ​​​ ​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បរិហារ​​​កេរ្តិ៍​​​លោក​​​ស្រី ​​​កែវ ម៉ាលី សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ ដែល​​​លោក​​​បាន​​​ស​​​រសេរ​​​ថា​​​គឺជា​​​ស្រីកំណាន់​​​របស់​​​ឧត្តម​​​សេនីយ៍​​​យោធា​​​​​​​​​រៀបការ​​​រួច​​​ហើយមួួយ​​​រូប ។​

​លោក ផែង វណ្ណៈ មន្ត្រីក្រសួង​​​មហាផ្ទៃ​​​ដែល​​​ត្រូវ​​​បាន​​​ព្យួរ​​​​​​មុខ​​​តំណែង​​​​​​ បាន​​​ទៅដល់​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពីម្សិលមិញ មុន​​​ពេល​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ពីបទ​​​បរិហារកេរ្តិ៍។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily

​លោក ផែង វណ្ណៈ មន្ត្រីក្រសួង​​​មហាផ្ទៃ​​​ដែល​​​ត្រូវ​​​បាន​​​ព្យួរ​​​​​​មុខ​​​តំណែង​​​​​​ បាន​​​ទៅដល់​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពីម្សិលមិញ មុន​​​ពេល​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ពីបទ​​​បរិហារកេរ្តិ៍។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

អ្នក​​​ដែល​ក៏​​​នៅក្នុង​​​ក្រចក​​​សេះ​​​កាល​​​ព​​​ី​​​ម្សិលមិញ​​​ផង​​​ដែរ គឺ​​​ឈ្មោះ​​​ ហង្ស បូរី ដែល​​​តុលាការ​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​ត្រឹម​​​តែ​​​ថា ជា​​​សមាជិក​​​ “ជាន់​​​ខ្ពស់​​​” នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​​​​ហើយ​ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​លោកស្រី កែវ​​​ ម៉ាលី ដែរ​​​។

សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​​​​ធ្លាប់​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​រួចមកហើយ​ក្នុង​​​ការ​​​ប្តឹង​​​លោក ​​​ព្រំ សាន​​​ មន្ត្រីក្រសួង​​​ព័ត៌មាន​​​ និង​​​អ្នក​​​ស្រី​​​មុំ ម៉ានុត ភរិយា​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​ពាក់​​​ព័ន្ធ​​​ការ​​​អះអាង​​​ដូច​​​គ្នា​​​ដោយ​​​តុលាការ​​​បាន​​​បង្គាប់​​​ឲ្យ​​​ពួក​​​គាត​់​បង់​​​ប្រាក់​​​ពិន័យក្នុង​​​ម្នាក់​​​ៗ​​​​​​ចំនួន​​​៣.៧៥០​​​ដុល្លារ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។

អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ដ៏​​​តាន​​​តឹង​​​កាល​​​ពីម្សិលមិញ លោក ផែង វណ្ណៈ បាន​​​ឈ្លោះ​​​​​​ប្រកែក​​​ជា​​​មួយ​​​ព្រះរាជអាជ្ញា​​​រង ហីុង​​​ប៊ុន​​​ថន ហើយ​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​បរិហារ​​​កេរ្តិ៍ លោក​​​ស្រី កែវ ម៉ាលី ឡើយ​​​ដោយ​​​ពន្យល់​​​ហេតុ​​​ផល​​​ថា ពេល​​​ដែល​​​លោក​​​​​​ធ្វើ​​​ការបង្ហោះ​​​សារ​នៅ​​​លើ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ គឺ​​​វា​​​មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព័ត៌​​​មាន​​​នៃ​​​ការ​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់ដោយ​​​លោក​​​ស្រី​​​កែវ ម៉ាលី ហើយ​​​វា​មិន​​​មែន​​​ជា​​​ទង្វើ​​​បរិហារ​​​កេរ្តិ៍​​​ទេ​​​។

លោក​​​​​​ ផែង វណ្ណៈ បាន​​​និយាយ​​​ថា “ខ្ញុំ​​​សរសេរ​​​វា ជា​​​អត្ថបទ​​​ព័ត៌​​​មាន​​​​​​ដក​​​ស្រង់​​​ចេញ​​​ពី​​​​​​ [ការ​​​បង្ហោះ​​​] របស់​​​លោក​​​ ព្រំ ​​​សាន”។ ​​​បន្ទាប់​​​មក​​​​​​ លោក​​​ ហីុង ប៊ុន​​​ថន បាន​​​ក្រើន​​​រំឮក​​​លោកថា​​​ លោក​​​ជា​​​មន្ត្រី​​​អនុវត្ត​​​ច្បាប់​​​មួយរូប​​​​ហើយ​​​បាន​​​ប្រាប់​​​លោក​​​ថា ការ​​​បង្ហោះ​​​របស់​​​លោក​​​រំលោភ​​​បំពាន​​​ភាព​​​ឯកជន​​​របស់​​​លោកស្រី កែវ ម៉ាលី។

លោក ផែង វណ្ណៈ បានឆ្លើយ​​​តប​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ឆ្លើយ​​​តប​​​នឹង​​​ព្រះរាជអាជ្ញា​​​រូប​​​នេះ​​​បន្ត​​​ទៀត​​​ឡើយ​​​”។ ព្រះរាជអាជ្ញា​​​រូបនេះ បាន​​​ឆ្លើយតបវិញ​ថា “ប្រសិន​​​បើ​​​អ្នក​​​មិន​​​ចង​​​់​​​ឆ្លើយ​​​តប​​​នឹង​​​ព្រះរាជ​​​អាជ្ញា​​​ អ្នក​​​មិន​​​ចាំ​​​បាច់​​​មាន​​​គេ​​​ប្តឹង​​​ទេ​​​”។

អំឡុង​​​ការ​​​សាក​​​សួរ​​​ លោក​​​ស្រី ហង្ស បូរី ​​​ដែល​​​ជា​​​មន្ត្រី​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ បាន​​​លើក​​​ឡើង​​​ថា គណនី​​​ហ្វេសប៊ុក​​​របស់​​​​​​លោក​​​ស្រី​​​ត្រូវ​​​​គេ​​​ហែ៊ក ពេល​​​ដែល​​​លោក​​​ស្រី​​​ត្រូវ​​​បាន​​​​ចោទ​​​ប្រកាន់​​​ថា បាន​​​បង្ហោះ​​​សារ​​​ថា ​​​លោក​​​​​​ ស្រី កែវ ម៉ាលី និង​​​លោក សៀក សុជាតិ​​​ ដែល​​​ជា​​​ឧត្តម​​​សេនីយ៍យោធា​​​មាន​​​សាហាយ​​​ស្មន់​​​នឹង​​​គ្នា​​​។

លោក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​ទង្វើ​​​អាក្រក់​​​លើ​​​លោក​​​ស្រី ​​​កែវ ​​​ម៉ាលី​​​  ទេ។ គណនី​​​របស់​​​ខ្ញុំ​​​ត្រូវ​​​គេ​​​ហែ៊ក​​​ កាល​​​ពីខែ​​​កក្កដា និង​​​ខែ​​​សីហា”។

ទោះជា​​​យ៉ាង​​​ណា ព្រះរាជអាជ្ញា​​​រូបនេះ​​​បានច្រាន​​​ចោល​​​ការ​​​អះអាង​​​ទាំង​​​នោះ​​​។

លោក ហីុង ប៊ុន​​​ថន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ទោះ​​​បី​​​ជា​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​បដិសេធ​​​ចំពោះ អ្វី​​​ដែល​​​​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ក៏​​​ដោយ​​​ តែ​​​យោង​​​តាម​​​សកម្មភាព​​​​​របស់​​​ពួក​​​គាត់​ និង​​​ភ័ស្តុ​​​តាង​​​តាម​​​ហ្វេស​​​បុ៊ក ព្រះរាជអាជ្ញា​​​សន្និ​​​ដ្ឋាន​​​ថា វា​​​ពិត​​​ជា​​​ការ​​​បរិហារ​​​កេរ្តិ៍​​​ជា​​​សាធារណៈ​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​បញ្ចប់​​​របស់​​​ខ្លួន​​​ លោក ​​​ថេង ​​​ម៉េងអីុ មេធាវី​​​របស់​​​លោក​​​ស្រី កែវ ម៉ាលី ​​​បាន​​​ លើក​​​ឡើង​​​ថា លោក​​​ស្រី ហង្ស បូរី បាន​​​កែ​​​ប្រែ​​​រឿង​​​រ៉ាវ​​​របស់​​ខ្លួន​​​​ តាំង​​​ពី​​​ពេល​​​ត្រូវ​​​បាន​​​​​​សាក​​​សួរ​​​មុន​​​ពេល​​​បើក​​​សវនាការ​​​ទៅ​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ចំពោះ ​​​មុខ​​​ព្រះរាជ​​​អាជ្ញា​​​​​​​​​ លោក​​​ស្រី ហង្ស បូរី បាន​​​យល់ព្រម​ទទួល​​​យក​​​រួច​​​ហើយ​​​ថា លោក​​​ស្រី​​​បាននិយាយ​​​ថា [ លោក​​​ស្រី កែវ ម៉ាលី ] មាន​​​សហាយ​​​ស្មន់​​​ជាមួយ​​​ឯក​​​ឧត្តម សៀក សុជាតិ”​​​។

លោក ថេង​​​ ម៉េងអីុ បានលើក​​​ឡើង​​​ទៀត​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​បាន​​​បន្ធូរ​​​បន្ថយ​​​ការ​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ពី​​​៥០០.០០០ដុល្លារ​​​មក​​​នៅ​​​ត្រឹម​​​៥០.០០០ដុល្លារ​​​ពី​​​លោក ផែង ​​​វណ្ណៈ ​​​និង​​​ពី​​​៥៥០.០០០ដុល្លារ​​​មក​​​នៅ​​​ត្រឹម​​​១០០.០០០ដុល្លារ​​​ពី​​​លោក​​​ស្រី ហង្ស បូរី ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​មិន​​​ចង់​​​បាន​​​ប្រាក់​​​ទេ​​​ គាត់​​​ចង់​​​បាន​​​ត្រឹម​​​តែ​​​យុត្តិធម៌​​​ប៉ុណ្ណោះ”។

ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ ​​​តុប ឈុន​​​ហេង បាន​​​លើក​​​ឡើង​​​ថា តុលាការ​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែ​​​វិច្ឆិកា៕​​​ស៊ុយឈាង​​​

The post មន្ត្រី​​​បដិសេធ​​​​ការ​​​ចោទ​​​ប្រកាន់ពីបទ​បរិហារកេរ្តិ៍​​​ទាក់ទិន​ការបង្ហោះសារតាម​​​ហ្វេសប៊ុក appeared first on ខេមបូឌា ដេលី.