ក្រសួង​អប់រំ​យុវជន​និង​កីឡា ធ្វើ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ពង្រឹងគុណភាព

ខេត្តកំពត ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្តី​ពី​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ រយៈពេល​បី​ថ្ងៃ មាន​សមាជិក​ចូលរួម​ពី​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ការងារ​អប់រំ​ពី​ស្ថាប័ន​នានា និង​អង្គការ​សង្គម​ស៊ី​វិល សរុប​ចំនួន​១២៦​នាក់ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ តុលា នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ។

លោក​បណ្ឌិត​ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា គោល​គំនិត​នៃ​ការ​កែទម្រង់​កម្មវិធី​សិក្សា​នេះ គឺ​ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​ឱ្យទាន់​ប្រទេស​ជិតខាង​ក្នុង​តំបន់ ឈាន​ទៅ​ពង្រឹងសមត្ថភាព​សិស្ស ឱ្យទាន់​ប្រទេស​ជិតខាង​ទាំងនោះ ។

ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​នេះ ជា​ត្រីវិស័យ​សម្រាប់​បង្ហាញ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​ប្រើ​លើ​វិស័យ ផ្សេង​ៗ​ទៀត​របស់​ប្រទេស ។

បង្ហាញ​អំពី​សមត្ថភាព​សិស្ស​ដែល​នឹង​ត្រូវ​ទទួល​បាន ក្រោយ​ពេល​បញ្ចប់​ភូមិ​សិក្សា នីមួយ​ៗ និង​បង្ហាញ​អំពី​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រែក្លាយ​ចក្ខុវិស័យ​ឱ្យទៅ​ជា​សកម្មភាព​ដែល​អាច​អនុវត្ត​បាន ។

លោក​បណ្ឌិត​ហង់ ជួនណា​រ៉ុ​ន បន្ត​ថា តាម​ការ​វាយតម្លៃ​ផ្ទៃក្នុង និង​ការ​ស្រាវជ្រាវ​កម្មវិធី​សិក្សា​បច្ចុប្បន្ន បង្ហាញ​ថា​មាន​ភាព​មិន​ឆ្លើយ​តប​នៃ​កម្មវិធី​សិក្សា​លម្អិត​ទៅ​នឹង​ការ​រស់នៅ​របស់​សិស្ស ឬ​ការ​បន្ត​ការ​សិក្សា​នៅ​ក្រោយ​ថ្នាក់​មធ្យម​។ មាន​កំហុស​បច្ចេកទេស​ទាំង​ផ្នែក​ខ្លឹមសារ និង​គរុកោសល្យ​លើ​មុខ​វិជ្ជា និង​មេរៀន​មួយ​ចំនួន ជា​លទ្ធផល​គ្រូ​ពិបាក​បង្រៀន​សិស្ស និង​សិស្ស​មិនសូវ​ចូល​ចិត្ត​រៀន ឬ​រៀន​បាន​លទ្ធផល​មិនសូវ​ល្អ សិស្ស​បោះបង់​ការ​សិក្សា​ច្រើន និង​ប្រឡង​បាក់​ឌុ​ប​ជាប់​តែ​ប្រហែល​៥០%​។ ដូច្នេះ​គុណភាព​នៃ​កម្មវិធី​សិក្សា​ចូលរួម​យ៉ាង​សំខាន់ ដល់​ការ​សិក្សា​របស់​សិស្ស ។

លោក​បណ្ឌិត​ហង់ ជួនណា​រ៉ុ​ន បាន​សុំ​ឲ្យ​អ្នកចូលរួម​ត្រូវ​ពិភាក្សា​ស្វែងរក​គន្លឹះ ល្អ​ៗ ដើម្បី​កែទម្រង់​គុណភាព​កម្មវិធី​សិក្សា​ឲ្យ​កាន់តែ​ល្អ ដើម្បី​ឲ្យ​សិស្ស​មាន​សមត្ថភាព​អាច​ប្រឡងប្រជែង​ជាមួយ​ប្រទេស​ជិតខាង ៕