​ឆក់កាបូប​បាន​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួនទៅ​បុក​រោង​ការ​គេ​ ត្រូវ​ប៉ូលិសក្របួច​ជាប់

រាជធានី​ភ្នំពេញ ​៖ ចោរឆក់កាបូប​ពីរ​នាក់​ធ្វើ​សកម្មភាព​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួនត្រូវសមត្ថកិច្ច​ល្បាត​ប្រទះ​ឃើញបាន​ជិះ​ម៉ូតូ​ដេញ​បុកធ្វើ​ឱ្យ​ជន​សង្ស័យភ័យ​​ជិះ​ម៉ូតូ​ទៅ​បុក​​​រោងការ​របស់​គេ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ប្រជា​ពលរដ្ឋ​ពេញ​មួយ​ភូមិចេញ​មក​ឡោម​ព័ទ្ធដេញចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​វាយ​ឡើង​ទ្រម​ខ្លួន​ទើប​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ​តុលា ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្សារ​គីឡូ​លេខ៤ តាម​បណ្តោយ​ផ្លូវ​លេខ១៣៨ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ លឹ​ម​ថូ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួល​គោក ក្រោយ​សាលា​សន្ធរ​ម៉ុ​ក បាន​ឲ្យ​ដឹង​ថា មុន​ពេលកើតហេតុ​នាង​ចេញពី​បុណ្យ​គេ​នៅ​ខេត្ត ដោយ​ជិះ​ម៉ូតូ​ជាមួយ​​ប្អូនប្រុស​ម្នាក់ត្រឡប់​មក​ផ្ទះ​វិញ ដោយ​កាន់​កាបូបដៃ​មួយ​នៅ​ជាប់​នឹង​ដៃ ស្រាប់តែ​កំពុង​តែ​ជិះ​ម៉ូតូធ្វើ​ដំណើរតាម​ផ្លូវ​លេខ ១៣៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកស្មាស់​ស៊េរី​ចាស់ ពណ៌​ក្រហម  ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH- 1176 ​​ជិះ​មកក្បែរ​ម៉ូតូ​របស់​គាត់ ហើយ​​ធ្វើ​សកម្មភាព​ឆក់​កាបូបបាន​សម្រេច រួច​ពួក​គេ​ក៏​ជិះ​ម៉ូតូគេចខ្លួន តែ​ពេល​នោះ​​គាត់​ព្យាយាម​ស្រែក​ឱ្យគេ​ជួយ ស្រប​ពេល​នោះ​ក៏​មាន​សមត្ថកិច្ច​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ដូចនេះ​​​ជិះ​ម៉ូតូ​ដេញ​តាម​បុក​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​​ជិះ​ម៉ូតូ​ទៅ​បុក​​​រោងការ​របស់​គេបណ្តាលឱ្យ​ដួល​ម៉ូតូបង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជា​ពលរដ្ឋ​ពេញ​មួយ​ភូមិចេញ​មក​ឡោម​ព័ទ្ធចាប់​ជនសង្ស័យ​នេះ​ភ្លាម​ៗ ។

ប្រជាពលរដ្ឋ​បាន​បញ្ចេញ​កំហឹង​យ៉ាង​ចាស់ដៃ​ទៅ​លើ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ចាប់​បាន​នោះ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជា​ក្រោយ​។ ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ​ចំពោះ​លុយ​ក្នុង​កាបូ​ប​នោះ ​គឺ​គ្មាន​ច្រើន​ទេ​មាន​១០​ដុល្លារ​ និង​ទូរស័ព្ទ​ចិនមួយ​គ្រឿង​ប៉ុណ្ណោះ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ចាន់​រ៉ា ហ្គូ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ជា​អ្នកឆក់​មានឈ្មោះ ឆាយ​វិ​រៈ  ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា៕