Costa របស់ Chelsea ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររបួសឆ្អឹងជំនីរ

ខ្សែ​ប្រយុទ្ធ Diego Costa  របស់​ក្រុម Chelsea ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ ក្រោយ​ពី​​បាន​រង​របួស​ឆ្អឹង​​ជំនីរ អំឡុង​ពេលក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយ​នេះ​បាន​​រង​បរា​ជ័យក្នុង​ការ​ប្រកួត​ពាន League Cup ​ដោយ​​ការ​ស៊ុត​បាល់​​ប៉េ​ណាល់​ទីនៅលើ​ទឹក​ដីក្រុម Stoke City កាល​ពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Jose Mourinho ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ស្ប៉ាញដើម​កំណើត​ប្រេស៊ីល​រូប​នេះ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​រង​របួស​​ខ្លួន​ឯង​ក្នុងការ​ប៉ះ​ទង្គិច​មួយ​ជាមួយនឹង​អ្នក​ចាំ​ទី Jack Butland របស់​ក្រុម Stoke ហើយ​ក្រោយពី​ការ​លេង​បាន​បន្តិច រូប​គេ​​ត្រូវ​បាន​ប្តូរ​ចេញនៅនាទី ទី​៣៣ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Loic Remy ​ជា​អ្នក​ចូល​ជំនួសកន្លែង​របស់​គេ​។
1
នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​​ពីកម្រិត​ដែល Costa បាន​រង​របួស លោក Mourinho បាន​ឆ្លើយ​ថា៖ «ខ្ញុំមិន​ដឹង​ទេ​។ ខ្ញុំ​​គិត​ថា ​រូប​គេ​​​បាន​ដាល់​ខ្លួន​ឯង​»​។ Chelsea បាន​រង​បរា​ជ័យក្នុង​លទ្ធ​ផល ៥-៤ ដោយ​បាល់​ប៉េ​ណាល់​ទី ខណៈ​ដែល Butland បាន​សង្គ្រោះ​ការ​ស៊ុតបាល់​កាត់​សេច​ក្តី​មួយ​ពី​សំណាក់​ខ្សែ​បម្រើ Eden Hazard ក្រោយ​ពី​​ការ​ប្រកួត​នេះ​បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ ១-១ ក្នុងម៉ោង​ធម្ម​តា​។ Costa វ័យ​២៧​ឆ្នាំ គឺ​ជា​អ្នក​រកគ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​របស់ Chelsea កាល​​ពី​រដូវកាល​មុន​ជា​មួយនឹង​ការ​រក​បាន​២១​គ្រាប់​ក្នុង​យុទ្ធ​នា​ការ​លើក​ទី​១​របស់​គេ ក្រោយ​ពី​​ផ្ទេរមក​ពី​ក្លិប Atletico Madrid ប៉ុន្តែ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​៣​គ្រាប់​គត់ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​នៅ​រដូវ​​កាលនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia