វិចារណកថាៈ ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យ១១ឆ្នាំហើយ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោម សីហមុនី បានឡើងគ្រងរាជ្យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ហើយគិតគ្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គឺព្រះអង្គគ្រងរាជ្យ បានរយៈ ពេល១១ ឆ្នាំហើយ ។ ប្រជារាស្រ្តខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានចងចាំរាល់សកម្មភាពរបស់ព្រះអង្គ ដែលគង់ជាម្លប់ដ៏ ត្រជាក់សម្រាប់សម្រាប់ប្រជានុរាស្រ្តទូទាំងប្រទេស ក៏ដូចជាចងចាំនូវទឹកព្រះទ័យដ៏ល្អប្រពៃ របស់ព្រះអង្គក្នុងការ សន្តោសប្រណីដល់ប្រជារាស្រ្តគ្រប់ពេលវេលា ។ ជាងនេះទៅទៀតប្រជារាស្រ្តខ្មែរ ទូទាំង នគរបានមើលឃើញថា ព្រះ មហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាក្សត្រប្រកប ដោយទសពិធរាជធម៌គួរឲ្យគោរព ស្រឡាញ់ ហើយជាគ្រឹះនៃអត្តសញ្ញាណប្រជាជាតិខ្មែរយ៉ាងពិតប្រាកដ ។ ប្រការនេះហើយដែលប្រជារាស្រ្តខ្មែរទូទៅ គោរពស្រឡាញ់ព្រះអង្គ និងមើលឃើញកាន់តែច្បាស់នូវគ្រប់ទង្វើ ប្រកបដោយសេចក្តីមេត្តាករុណារបស់ព្រះអង្គ ។

ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះរាជសម្ភពនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ១៩៥៣ នារាជធានីភ្នំពេញ ហើយព្រះអង្គរៀនសូត្របានខ្ពង់ខ្ពស់ មានការទទួលស្គាល់ជាអន្តរជាតិ ។ បន្ទាប់ ពីព្រះ បាទសម្តេចព្រះ នរោត្តម សីហនុ ដែលជាបិតារបស់ព្រះអង្គដាក់រាជសម្បត្តិរួចមក ព្រះអង្គត្រូវបាន ក្រុមប្រឹក្សារាជ សម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តពីព្រះបិតា ។ ព្រះរាជពិធីរាជាភិសេកព្រះ អង្គឡើងគ្រងរាជសម្បត្តិបានប្រព្រឹត្តទៅជាផ្លូវការក្នុងព្រះបរមរាជវាំងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ។ បើគិតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គឺព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជសម្បត្តិរយៈពេល១១ឆ្នាំមកហើយ ។ រយៈពេល១១ឆ្នាំកន្លងមកនេះព្រះអង្គ បំពេញតួនាទីជា ព្រះមហាក្សត្រយ៉ាងល្អសម្រាប់ប្រទេស ជាតិ និងប្រជាពលរដ្ឋ ហើយទឹកព្រះទ័យប្រកបដោយករុណាធម៌ របស់ព្រះអង្គត្រូវប្រជាពលរដ្ឋដឹងយ៉ាងច្បាស់ ។

សូមបញ្ជាក់ថា ព្រះបរមនាថក្នុងរាជសម្បតិ្តរបស់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺ “ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរា រដ្ឋរាស្រ្ត ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រិពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី” ។ មានន័យថា “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជា រាស្រ្តខ្មែរដោយស្វាមីភ័ក្តិ និង ភក្តីភាព ។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ អ្នករួបរួមខេមរជន ទាំងអស់ អ្នកការពារឯករាជ្យបូរណ ភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព វិបុលភាពរបស់ប្រជារាស្រ្តខ្មែរ” ។ តាមរយៈព្រះបរម នាមដ៏ខ្ពង់ខ្ពស់បំផុតនេះ ព្រះមហាក្សត្រព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានប្រជារាស្រ្តខ្មែរទូទាំង នគរគោរពស្រឡាញ់ព្រះអង្គគ្រប់ៗគ្នា ហើយ តែងតែបួងសួងឲ្យព្រះអង្គមានព្រះរាជសុខភាពល្អគង់ជាម្លប់ដ៏ត្រជាក់ របស់ប្រជារាស្រ្តជារៀងរហូត ។

ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេសបានកត់សម្គាល់ថា ការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រយៈពេល១១ឆ្នាំកន្លងមកនេះ គឺព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាង ខ្លាំង ចំពោះការបម្រើផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ពង្រឹងវប្បធម៌ជាតិ សេដ្ឋកិច្ចជាតិ និងគិតគូរ ដល់ទុក្ខលំ បាករបស់ប្រជារាស្រ្តគ្រប់ពេលវេលា ។ ជាក់ស្តែងមានពេលខ្លះព្រះអង្គបានយាងស្ងាត់ៗ ទៅទតដល់ លំនៅដ្ឋានរបស់ប្រ ជារាស្រ្តក្រីក្រតែម្តង ដើម្បីចង់ដឹងពីទុក្ខលំបាករបស់ប្រជារាស្រ្តកូនចៅព្រះអង្គ ។ ព្រះមហាក្សត្រព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជារាស្រ្ត ទូទៅប្រកបដោយទឹកព្រះទ័យរីករាយ បង្ហាញពីការអាណិតស្រឡាញ់ប្រជារាស្រ្តមិនអាចកាត់ថ្លៃបាន ។ ហេតុនេះ ហើយទើបប្រជារាស្រ្តទូទៅចាត់ទុកថា ព្រះ អង្គគឺជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ និងជាគ្រឹះដ៏រឹង មាំនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។

គួររំលឹកដែរថា ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យ ដេកាត នៅរាជធានីភ្នំពេញ បន្ទាប់មកព្រះអង្គត្រូវបានព្រះរាជបិតាគឺព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បញ្ជូនទៅទី ប្រាក ប្រទេសឆេកូស្លូវ៉ាគី រៀននៅសាលាតូរ្យតន្រ្តី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥ ។ ព្រះអង្គបានស្ទាត់ជំនាញជា ច្រើនភាសាដូចជា ភាសាបារាំង អង់គ្លេស រុស្ស៊ី និងឆេកយ៉ាងច្បាស់លាស់ផងដែរ ។ ចំណេះដឹងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ទើបធ្វើឲ្យព្រះអង្គក្លាយទៅជាព្រះមហាក្សត្រដ៏ល្អ បន្ទាប់ពីព្រះអង្គឡើង គ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ។ ជាងនេះទៅទៀត ព្រះអង្គបានក្លាយ ទៅជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និង ដោះស្រាយបញ្ហាជាតិសំខាន់ៗ ជាច្រើនក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ។ ប្រជារាស្រ្តទូទាំងនគរចងចាំរហូតនូវព្រះ រាជសកម្មភាពទាំងឡាយរបស់ព្រះអង្គ ក្នុងនាមជាព្រះមហាក្សត្រ ជាគ្រឹះនៃអត្តសញ្ញាណជាតិខ្មែរទាំងមូល ។

រយៈពេល១១ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជាណាចក្រកម្ពុជាមានសន្តិសុខ សន្តិភាពពេញលេញ ប្រជារាស្រ្តរស់នៅ និងប្រកបរបរទទួល ទានយ៉ាង សុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ។ ព្រះមហាក្សត្រព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី គឺជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្រ្តខ្មែរ ព្រោះប្រជារាស្រ្តត្រូវការចាំបាច់ខ្លាំង ណាស់នូវព្រះមហាក្សត្រដែល មានទឹកព្រះទ័យទូលាយប្រកបដោយទសពិធរាជធម៌គួរឲ្យគោរព ។ ដោយ សារមានព្រះមហាក្សត្រដ៏ល្អបែបនេះហើយ ទើបប្រទេសកម្ពុជាស្គាល់តែភាពសុខសាន្ត ការរីកចម្រើនកាន់តែឆាប់ រហ័ស ហើយភ្ញៀវបរទេសមកកម្សាន្តក្នុងព្រះរាជា ណាចក្រកម្ពុជាកាន់តែច្រើនឡើងៗ ។ រំលឹកដល់ខួបគម្រប់ ១១ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមក្រាបបង្គុំថ្វាយព្រះពរព្រះអង្គឲ្យ មានព្រះរាជសុខភាពល្អ មានព្រះ ជន្មាយុយឺន យូរ ដើម្បីជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តខ្មែរជារៀងរហូត ៕