ក្រសួងព្រមាន ដកអាជ្ញាប័ណ្ណ ពីស្ថានីយវិទ្យុ FMបន្ដរំខានឆ្លងរលកហ្វ្រេកង់ស៍ជាមួយអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាសព្រមាន ដកហូតអាជ្ញាប័ណ្ណ ពីស្ថានីយវិទ្យុ FM ទាំងឡាយ ដែលនៅតែបន្ដការរំខានការឆ្លង រលកហ្វ្រេកង់ស៍ ជាមួយអាកាសចរណ៍ស៊ីវិល ហើយនឹង ចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចាប់ពីឆ្នាំ២០១៦។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានផ្ញើសេចក្ដីជូនដំណឹង ទៅក្រសួង ព័ត៌មានដែលមានអត្ថន័យថា រលកហ្វេ្រកង់ស៍រំខានរបស់ស្ថានីយវិទ្យុផ្សាយសំឡេង FM ឆ្លងចូលហ្វ្រេកង់ស៍ Air Band បណ្ដាលឱ្យមានការឆ្លងរំខានវិទ្យុ បញ្ជាការហោះហើររយៈឆ្ងាយ និងមធ្យមរបស់យន្ដហោះ។

គេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា ការឆ្លងរំខានរលកហ្វ្រេកង់ស៍ ការផ្សាយវិទ្យុ FM ជាមួយអាកាសចរស៊ីវិលនេះ ជាបញ្ហាសំខាន់ដែលត្រូវយកចិត្ដទុកដាក់ និងជា អាយុជីវិតសម្រាប់ប្រទេសជាតិ ហើយនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនៃការហោះហើរ និងអាចបង្កគ្រោះថ្នាក់ធ្លាក់យន្ដហោះជាយថាហេតុ។

លោកបន្តថា ចាប់ពីឆ្នាំ២០១៦ ក្រសួងនឹងចាត់វិធានការយ៉ាងតឹង រ៉ឹងបំផុតជាមួយស្ថានីយវិទ្យុទាំងអស់ ដែលមិនគោរពទៅតាមការណែនាំ និងតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ពិសេសនៅតែបន្ដការឆ្លង រំខានហ្វេ្រកង់ស៍ដល់ការហោះហើរ របស់យន្ដហោះទៀតនោះ ក្រសួងនឹងដកហូតអាជ្ញាប័ណ្ណ ឈប់ឱ្យធ្វើអាជីវកម្ម។

សេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងទៀតថា រលកហ្វេ្រកង់ស៍រំខាន របស់ស្ថានីយវិទ្យុផ្សាយសំឡេង FM នៅតាមបណ្ដាខេត្ដមួយចំនួនក៏ដូចជានៅរាជធានីភ្នំពេញ ដែលឆ្លង ចូលហ្វ្រេកង់ស៍ Air Band ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ និងមានហានិភ័យខ្ពស់សម្រាប់សុវត្ថិភាព ហោះហើររបស់យន្ដហោះ៕

ក្រសួងព្រមាន ដកអាជ្ញាប័ណ្ណ ពីស្ថានីយវិទ្យុ FMបន្ដរំខានឆ្លងរលកហ្វ្រេកង់ស៍ជាមួយអាកាសចរណ៍ស៊ីវិល