ដំណាំ​ខ្ទឹម របស់​អ្នកស្រុក​ត្រាំកក់​

Sanofi

​នៅតាម​ដី​ទួល​ចម្ការ ខាងមុខ​ភ្នំ​ដែល​នៅជាប់​អូរ ប្រឡាយ ត្រញំង មាន​ប្រភពទឹក​ខួប ប្រាំង​ខួប​វស្សា ប្រជាកសិករ​នៅ​ទីនោះ​នាំគ្នា ដាំ​ខ្ទឹម​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ដំណាំ​ខ្ទឹម​នេះ​មិន​រើស​រដូវ​កាល​ឡើយ គេ​អាច​ដាំ​វា បាន​គ្រប់​រដូវ ហើយ​វា​បានផ្តល់​ប្រាក់ចំណូល ច្រើនជាង​ដំណាំ​ស្រូវ ។ រាល់ថ្ងៃនេះ​ប្រជាកសិករ​នៅទីនេះ​មានការ​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការដាំដុះ និង មើលថែទាំ​ដំណាំ​ខ្ទឹម​នេះ ហើយក៏​មាន​ម៉ូយ​ជា ឈ្មួញកណ្តាល​ទៅ​ទិញ​ដល់​ចម្ការ ដើម្បី​យកទៅលក់​នៅតាម​ទីផ្សារ​នានា ។​

​កសិករ​ឈ្មោះ ចេក អឿន ជា​អ្នក​ដាំ​ខ្ទឹម​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​ទៀត​មានប្រសាសន៍ថា ប្រជាកសិករ​ទាំងអស់​នៅក្នុង​ភូមិ​តា​លាក់​ខាងជើង​នេះ ក្រៅពី​ធ្វើស្រែ តែងតែ​ធ្វើ​ចម្ការ​ផងដែរ ជាពិសេស​គឺ​ដាំ​ដំណាំ​ខ្ទឹម​នេះ ព្រោះ​សមស្រប​តាម​ស្ថានភាព​ដី ។ គ្រួសារ​នីមួយៗ​នៅក្នុង​ភូមិ​នេះ​មាន​ផ្ទៃដី​ដាំ​មិនសូវ​ធំ​ប៉ុន្មាន​ទេ តែ​ដំណាំ​ខ្ទឹម​នេះ​បានផ្តល់​ទិន្នផល និង ប្រាក់ចំណូល ច្រើន​គួរសម​ទើប​ប្រជាកសិករ​នៅទីនេះ​នាំគ្នា សម្រុក​ដាំ​ដំណាំ​ខ្ទឹម​នេះ ។ តាមពិត​ដំណាំ​ខ្ទឹម​នេះ​មិន​ពិបាក​ដាំ ឬ ថែទាំ​ឡើយ តែ​មានការ​ហត់នឿយ​បន្តិច​ត្រង់​មិនសូវ​ទំនេរ ព្រោះ ប្រចាំការ​នៅ​កន្លែង​ដាំ​ខ្ទឹម​នេះ​ជាប់​ខ្លាចក្រែង​គោ ក្របី ជ្រូក ចូល បំផ្លាញ ។​

បច្ចេកទេស​ក្នុង​ការដាំដុះ​វិញ ចាំបាច់​មុនដំបូង​ត្រូវ​ភ្ជួរ​រាស់​ធ្វើ​ដី​ឱ្យ​ម៉ដ្ឋ​ជាមុនសិន​ទើប​លើក​ជា​រង ឬ ថ្នាល​ជា​ក្រោយ ដោយ​ដាក់ ជី​នៅតាម​ចង្អូរ​ដែល​យើង​គូស​នៅលើ​រង​នោះ​ផងដែរ ។ ទន្ទឹមនឹង ប្រើ​ជីគីមី​ចាំបាច់​ក៏មាន​ជីធម្មជាតិ​ជា​ជំនួយ​ផងដែរ ដោយ​ជីធម្មជាតិ​នេះ​ផលិត​ខ្លួនឯង​គឺ​ផ្សំ​ពី​វត្ថុធាតុដើម​ដូចជា​អាចម៍គោ ផេះ អង្កាម និង ដីដំបូក​ទើប​ខ្ទឹម​លូតលាស់​បានល្អ ។ ក្នុង​ការដាំ​ខ្ទឹម ដំបូង​យើង​ត្រូវ​ចំណាយពេល ១ ខែ ១០ ថ្ងៃ​ទើប​យើង​អាច​បំបែក​វា លក់បាន ។ បន្ទាប់ពី​នោះមក​រយៈពេល​ត្រឹមតែ ២០ ថ្ងៃ​បំបែក ម្តង​តែបើ​លើស​ហ្នឹង​ដល់​មួយខែ​គឺ​ប្រើការ​លែងកើត​ហើយ ។

មួយទៀត​ក្រោយពី​បំបែក​វា​ហើយ​ចាំបាច់​ត្រូវ​ជ្រួយ​គល់​វា​ដាក់​ជី​ជាថ្មី បើ​មិន​ដូច្នេះ​ទេ​ខ្ទឹម​មិន​លូតលាស់​ល្អ ស្លឹក​ក៏​ប្រែ​ទៅជា​ពណ៌​លឿង ។​ កសិករ ចេក អឿន មានប្រសាសន៍​ឱ្យដឹងទៀតថា ខ្ទឹម​បន្ទាប់ពី​បំបែក​លក់​ជា​ច្រើនដង​ហើយ​យើង​ត្រូវ​បំបែក​ទុក​ធ្វើ​ពូជ ផងដែរ ហើយ​ចុងក្រោយ​បំបែក​ផ្តាច់​ដើម្បី​ដាំ ជាថ្មី​ឡើងវិញ ។ មុននឹង​ដាំ​ជាថ្មី​ត្រូវ​ភ្ជួរ​រាស់​ដី​ទុកចោល​កន្លះ​ខែ​សិន​ដើម្បីឱ្យ​ដី​ហើរ​ជាតិ​ហឹរ​អស់ បើ​មិន​ដូច្នោះ​ដាំ​ទៅ​មិនសូវ​ល្អ​ឡើយ ។ ខ្ទឹម​មិន​ខុសពី​ដំណាំ​នានា​ឡើយ តែង​ត្រូវការ​ទឹកជា​ប្រចាំ​ទន្ទឹម​នោះ​ថ្នាំ​សម្លាប់​សត្វល្អិត​ក៏ត្រូវ​ប្រើ​ជា​ចាំបាច់​ផងដែរ​ដើម្បី​ការពា​មិនឱ្យ​ដង្កូវ​ស៊ី​ស្លឹក ។

ចំពោះ ខ្ទឹម​នេះ បើ​មិនមាន​ការថែទាំ​ឱ្យបាន​ដិតដល់​ទេ នោះ​គឺ​មិនសូវ​បែក​គុម្ព​ទេ ជួនកាល​វា​អាច​ប្រែ ទៅជា​ពណ៌​លឿង និង ប្រហោង​ស្លឹក​ដែល​ទីផ្សារ មិនត្រូវ​ការ ។ ឥឡូវនេះ​គាត់​មាន​ថ្នាល​ខ្ទឹម​ចំនួន ២២ ថ្នាល​ដែរ ហើយ​គាត់​កំពុងតែ​ពង្រីក​ផ្ទៃដី​ដាំ បន្ថែមទៀត ។ គាត់​បាន​បំបែក​លក់​ម្តងៗ​បាន ទម្ងន់ ៣០០ គីឡូក្រាម ហើយ​មាន​ម៉ូយ​ចុះទៅ ទិញ​ផ្ទាល់​ដល់​កន្លែង​តែម្តង ដោយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៣.២០០ រៀល ។ ក្នុង​មួយខែៗ​គ្រួសារ​របស់គាត់​អាច​រកប្រាក់​ចំណូល​បាន ១ លាន​រៀល ពី​ដំណាំ​ខ្ទឹម​នេះ បន្ថែម​ពីលើ​ការប្រកបមុខរបរ​ផ្សេងៗ​ទៀត ។​

កសិករ ញ៉ែម បុល ដែលជា​អ្នក​ដាំ​ខ្ទឹម​ដែរ នោះបាន​ឱ្យដឹងថា គាត់​ដាំ​ខ្ទឹម​បាន ២០ ថ្នាល ដែរ ដោយ​ក្នុង​មួយខែ​ដក​លក់បាន​ប្រាក់ ២ លាន រៀល ទៅ ៤​លាន​រៀល រហូត​មានលទ្ធភាព​ធ្វើ​ផ្ទះថ្ម ។ ការថែទាំ​មិន​ខុសពី​កសិករ​ដទៃទៀត​ឡើយ ហើយ​មូល​ហេតុដែល​ខ្ទឹម​របស់គាត់​បានទទួល​ផល​ច្រើន​នោះ​គឺ​មកពី​ដី​របស់គាត់​ល្អ ហើយ​នៅក្បែរ​ផ្ទះ​ស្រាប់ ងាយស្រួល​មើល​ការខុសត្រូវ ។ សួន​ខ្ទឹម​របស់គាត់​ទំនើប​ជាងគេ​ដែរ​ដោយ ប្រើ​ប្រព័ន្ធ​ទឹក​ស្រោច​ស្រពតាម​ក្បាល​រ៉ូ​ប៊ី​ណេ មាន​កន្លែង​ស្តុក​ទឹក​កម្ពស់ ៥ ម៉ែត្រ​ផង ។​

ពូ នាក់ សារ៉ន ជា​ម៉ូយ​ទៅ​ទិញ​ខ្ទឹម​នៅទីនេះ​បានឱ្យដឹងថា គាត់​មក​ទិញ​ខ្ទឹម​នៅទីនេះ​រាល់ថ្ងៃ​ដើម្បី​យកទៅ​លក់ដុំ និង លក់រាយ​បន្ត​នៅតាម​ទីផ្សារ​នានា​ដោយ​មួយ​គីឡូក្រាម​ចំណេញ ៥០០ រៀល ។ ម៉ូយ​ទិញ​ខ្ទឹម​មិនមែន​មានតែ​គាត់ ម្នាក់​ទេ គឺមាន​ច្រើន​ទិញ​ជ្រែ​តម្លៃ​គ្នា ។​ ​សរុបមក​បច្ចេកទេស​សំខាន់ៗ​ក្នុង​ការដាំ​ខ្ទឹម​នេះ​គឺ​រៀបចំ​ដី​ដាំ​ដោយ​ភ្ជួរ​រាស់​ដី​ឱ្យបាន​ច្រើនសា និង ហាល​ឱ្យ​ស្ងួត​ល្អ ។ ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ទ្រាប់​បាត​រង​ឱ្យបាន​ច្រើន ។​ កប់​មើម​ខ្ទឹម​ដាំ​ក្នុង​ជម្រៅ​រាក់​ដើម្បីឱ្យ​ពន្លក​ស្លឹក​ដុះ​ចេញ​ល្អ ។ ដាំ​ចន្លោះ​គុម្ព​សមស្រប​ពី​គុម្ព​មួយ​ទៅមួយ ២ តឹក ដើម្បីឱ្យ​ខ្ទឹម​ទទួល​ពន្លឺ​បាន​គ្រប់គ្រាន់ និង ថែទាំ​ស្រោច​ទឹក​ដកស្មៅ និង ក្រាល​កម្ទេច​ចំបើង​គ្របពីលើ​ការពារ​ការ​ហួត​សំណើម ។

​ដើម​ខ្ទឹម​សម្បូរ​ដោយ​វីតាមីន សារជាតិ ខនិជ និង ហ្វ៊ី​តូ​ឃិ​មី​ខ​ល (Phytochemical)  ហើយ​អ្នក​អាច​ទទួលទាន​ឆៅ ឬ ឆ្អិន​ក៏​អាច​ទទួលបាន​គុណប្រយោជន៍​ដូចគ្នា​ដែរ ។ អ្វីដែល​អ្នក​មិនទាន់​ដឹង គឺ​ការ​ទទួលទាន​ដើម​ខ្ទឹម​ឆៅ ៣ ដើម ជា​រៀងរាល់ថ្ងៃ​អាចជួយ​ដុតបំផ្លាញ​ខ្លាញ់​ក្បាលពោះ​ធ្វើឱ្យ​អ្នកទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត ៕ លី​លី​

  

Related