​អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​

ភ្នំពេញ: កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង គ្រឿងញៀន​មួយ​សំបុក បាន​ចំនួន​៤ នាក់ កាលពី​វេលា​ម៉ោង ៦ ព្រលប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវឌឿងហែម ប្លុក​តាន់​ប៉ា ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ ឌដូនពេញ​។​

​លោក ថោង ពិសិដ្ឋ មេបញ្ជាការ​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៤​នាក់ ដែល​ឃាត់ខ្លួន​៖ ទី​១.​ឈ្មោះ ខឹម គុយ​សៀ ហៅ​អា​យួន អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​លេខ​៩៣ ផ្លូវ​១០៧ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា​។ ទី​២.​ឈ្មោះ ធី រ៉ាវី អាយុ​២២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ទី​៣.​ឈ្មោះ ខឹម តឿ អាយុ​២៧​ឆ្នាំ មុខរបរ​មិនមាន ទីលំនៅ​មិន​ពិតប្រាកដ​។ និង​ទី​៤.​ឈ្មោះ​អែម ពន្លឺ អាយុ​៣៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ ប្រើប្រាស់ និង​ចាក់​ថ្នាំ​ទាំង ៤​នាក់​ខាងលើ កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង ចាប់យក ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​ធំ​(​ទម្ងន់​៣​ជី​) និង ១​កញ្ចប់​តូច ម្សៅ​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​តូច សឺ​រ៉ាំ​ង​សម្រាប់​ចាក់ ចំនួន​៥១ កន្ត្រៃ​ចំនួន​៩ កូនកាំបិត​ចំនួន​៣ ទូរស័ព្ទ​ចំនួន​១​គ្រឿង ដែកកេះ​​ចំនួន​១០ លុយ​៨.០០០​រៀល ដំបង​ឈើ​ចំនួន​១ ទីប​ដែក​ចំនួន​៣ ទឹក​ថ្នាំ​ស​ថ្លា ចំនួន​៦​ដប​តូច ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ និង​ឧបករណ៍ សម្រាប់​សេព​គ្រឿង ញៀន​មួយចំនួន​។​

​លោក​ថោង ពិសិដ្ឋ បាន​បញ្ជាក់ថា នៅ​មុនពេល​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​មួយ​សំបុក​នោះ គឺ​កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ​ពីមុខ​សញ្ញា​នោះ ជា​យូរ​មកហើយ លុះ​ដឹង​យ៉ាងច្បាស់​ថា ជនសង្ស័យ​ទាំងនោះ កំពុង​ជួញដូរ និង​ប្រើប្រាស់ នៅក្នុង​ប្លុក​តាន់​ប៉ា​ដូច្នេះហើយ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ដោយផ្ទាល់ ក្នុង​ការចេញ​ល្បាត ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​នោះ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះទៅ​បង្ក្រាប​ជាក់ស្ដែង​ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងនោះ បាន​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន និង​ឧបករណ៍​ជក់ និង​ចាក់​មួយចំនួនទៀត​ដើម្បី​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕V​/S

​អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​

​អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​