​ហាយ​ឡិន​ឌ័​រ​ម្ចាស់ទើប​​ចាក់​សាំង​រួច​ជាន់​ហ្គា​ហោះទៅ​បុកបុរស​ម្នាក់​បាក់ជើង​ទាំង​ពីរ

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​​​​បាក់ជើង​ទាំង​ពីរ​ដោយ​សារ​រថយន្ត​ម៉ាក​ហាយ​ឡិនឌ័​រ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​​​ទើបតែ​ចាក់​សាំង​រួច​​​ជាន់​ហ្គា​ហោះទៅ​បុក​ដួល​ផ្ទប់​នឹង​ថ្ម​​​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ​តុលា ​២០១៥ នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៤៣០ កែង​និង​ផ្លូវ​លេខ៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ កង សុនី​ន អាយុ​៣២​ឆ្នាំ មុខ​បរជា​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ ៦៤ ផ្លូវ​លេខ២០៣ ភូមិ​ត្នោត​ជ្រុំ​៤ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ជន​រង​គ្រោះជិះ​ម៉ូតូ​ម៉ាក​ហុងដា C110 ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​១M-០៧៦១ ចូល​មក​ចាក់​សាំង ចំណែក​អ្នកបើកប​រថយន្ត​បង្ក​មានឈ្មោះ ហ៊ុន កុសល ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៤ ផ្លូវ​បេតុង ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​បើករថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ព៌​ណ​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AC-៤០៨៧ មួយ​គ្រឿង​ចេញពី​ចាក់​សាំង​បាន​ជាន់​ហ្គា​ទៅ​មុខ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ចាក់​សាំង​ខាង​មុខ​ពេញទំហឹង​តែ​ម្តង​៕