ស្ត្រីម្នាក់​ស្រវឹង​​​បើករថយន្ត​​ឡើង​សួនច្បារ​ក្បែរ​រង្វង់​មូល​ជ្រោយចង្វា​រ

​រាជ​ធានី​ភ្នំពេញ ​៖ ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បើក​ឡើង​សួនច្បារ​ក្បែរ​​​រង្វង់​មូល​ជ្រោយចង្វា​រថ្មី​ទាំង​កំរោល​ដោយសា​តែ​ម្ចាស់​រថយន្ត​​ជា​ស្ត្រី​​ស្រា​ស្រវឹង​ជោ​កជាំ​ និង​​​​ឃត់​សមត្ថកិច្ច​​មិនឱ្យ​​ស្ទូច​រថយន្ត​របស់​ខ្លួន ​កាល​ពី​វេលា​ម៉ោង​១​រំលង​អ​ធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៨​ តុលា​​ ២០១៥ ​​នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​​​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-9743 បើក​ដោយ​ស្ត្រី​ម្នាក់​ដែល​ស្រវឹងស្រា​ជោក​ជាំ​ ​​ក្នុង​ល្បឿន​លឿន​​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ​លុះ​មក​ដល់​​ចំណុច​​កើតហេតុ​​​​ជា​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ក៏​បុក​ឡើង​សួនច្បារ​ទាំង​កំរោល​​បណ្តាលឱ្យ​​រថយន្ត​ដាច់​កាឡេ​​កង់​មុខ​បើក​ទៅ​មុខ​លែង​រួច បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​​​ចុះ​មក​​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​​ចុះ​​មក​​វាស់វែង​ រួច​ស្ទូច​យក​រថយន្ត​ទៅ​កា​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕ ​