សាក្សី​ឃើញ​ពួក​ខ្មែរក្រហម​ជ្រើសរើស​ជនជាតិ​វៀតណាម​យក​ទៅ​សម្លាប់

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បន្ត​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ថ្មី​ទី​២ ក្នុង​សប្ដាហ៍​នេះ។ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សម្រេច​ធ្វើ​សវនាការ​ជា​សាធារណៈ​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​ការ​ស្ដាប់​សាក្សី​អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ក្នុង​តំបន់​របស់​លោក។

សាក្សី​ថ្មី​ឈ្មោះ សៀន ស៊ង់ អតីត​ជា​សមាជិក​កង​ចល័ត​នៅ​ខេត្ត​សៀមរាប មួយ​រូប ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​បាន​ឃើញ​យោធា​ខ្មែរក្រហម​វាយ​សម្លាប់​ជនជាតិ​វៀតណាម៖ «ខ្ញុំ​ឮ​សំឡេង​កង​រំពង។ ខ្ញុំ​លប​មើល ឃើញ​គេ​បណ្ដើរ​ចេញ​ពី​កណ្ដាល​វត្ត ពី​ហោរត្រៃ។ ខ្ញុំ​លប​មើល​ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ ពេល​ដែល​គេ​កំពុង​សម្លាប់។ ឈរ​មើល​ប្រហែល​ជា​មួយ​ម៉ោង​បាន​ខ្ញុំ​ត្រឡប់​ចេញ​មក​វិញ។ ប្រហែល ៥​ម៉ែត្រ​ពី​របង​វត្ត។ ប្រហែល ១០ ទៅ ១២​នាក់។ គេ​ដុត​ចង្កៀងម៉ាំងសុង​បំភ្លឺ។ មើល​ឃើញ​ច្បាស់»

ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លាប់​ជនជាតិ​វៀតណាម គឺ​ជា​អង្គហេតុ​មួយ​នៅ​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ក្នុង​សំណុំរឿង ០០២ វគ្គ ២។ អង្គហេតុ​នេះ គឺ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ធ្វើ​សវនាការ​ផ្ដោត​លើ​ការ​ប្រព្រឹត្ត​របស់​ពួក​ខ្មែរក្រហម ទៅ​លើ​ក្រុម​មនុស្ស​ជាក់លាក់​ណា​មួយ​ដូច​ជា​ចិន និង​វៀតណាម។

លោក សៀន ស៊ង់ បញ្ជាក់​ថា ជនជាតិ​វៀតណាម នៅ​ពេល​នោះ ត្រូវ​បាន​គេ​ប្រមូល​យក​ទៅ​ដាក់​នៅ​វត្ត​ខ្សាច់​ក្នុង​ឃុំ​សង្វើយ ស្រុក​សូត្រនិគម ខេត្ត​សៀមរាប។ លោក​បន្ត​ថា ការ​សម្លាប់​ដែល​លោក​ឃើញ​នៅ​ពេល​នោះ គឺ​ពួក​ខ្មែរ​ក្រហម ជ្រើសរើស​យក​តែ​ជនជាតិ​វៀតណាម​ទេ៖ «ស្ដាប់​ឮ។ គេ​សួរ​ចម្លើយ "ចិន ឬ​មួយ​យួន?” អ្នក​ដែល​ឆ្លើយ​ជា​ជនជាតិ​វៀតណាម គេ​សម្លាប់​នៅ​មាត់​អន្លង់។ អ្នក​ឆ្លើយ​ថា ជា​ជនជាតិ​ចិន។ ឮ​ថា គេ​ថា ខ្ញុំ​ជនជាតិ​ចិន រួច​ទៅ​គេ​ដឹក​ដៃ​ចូល​ទៅ​ក្នុង​វត្ត​វិញ។ ពេល​គេ​បណ្ដើរ​ចូល​ទៅ​ក្នុង​ទៅ ស្រាប់​ដល់​ពេល​ផ្អាក​វាយ​មនុស្ស​មួយ​ភ្លែត​នោះ ស្រាប់​តែ​ឃើញ​ជិះ​រទេះគោ​បរ​ចេញ​ទៅ​ក្រៅ ទៅ​ស្រាវជ្រាវ​រក​ប្រពន្ធ​កូន។ បញ្ជូន​ទៅ​ភូមិ​វិញ​ទាំង​យប់។ គេ​យក​គល់​ឫស្សី​ពីងពង់ ប្រវែង​ប្រហែល ៧​តឹក​វាយ។ ពេល​យក​កុមារ​ទៅ​ដល់ ជួន​កាល​គេ​វាយ​សម្លាប់។ ជួនកាល​គេ​ចាប់​បោះ​ឡើង​លើ​ធ្លាក់​មក​វិញ​ចូល​ក្នុង​អន្លង់​សន្លប់ វាយ​ពី​លើ​ដាក់​សង្កត់​ទៅ​ទៀត​ស្លាប់»

ទោះ​ជា​ឃើញ​ដូច្នេះ​ក្ដី លោក សៀន ស៊ង់ ថ្លែង​ថា លោក​មិន​ដឹង​ថា ពួក​ខ្មែរក្រហម​ប្រមូល​ជនជាតិ​វៀតណាម ទាំង​នោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​មក​ពី​ណា​ខ្លះ​ទេ ព្រោះ​នៅ​ក្នុង​ភូមិ​របស់​លោក មាន​ជនជាតិ​វៀតណាម តែ​មួយ​គ្រួសារ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​សំណុំរឿង​លេខ ០០២ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន​ទាក់ទង​នឹង​អង្គហេតុ​សម្លាប់​ជនជាតិ​ចាម នៅ​ក្នុង​សវនាការ​កាល​ពី​មុន​បុណ្យ​ភ្ជុំបិណ្ឌ។

សាក្សី សៀន ស៊ង់ ទើប​តែ​បាន​បញ្ចប់​សក្ខីកម្ម​របស់​លោក​បាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ទេ ហើយ​អង្គ​ជំនុំជម្រះ​នឹង​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​លោក​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។