អាជ្ញាធរអប្សរា កំណត់ម៉ោង ទស្សនាប្រាសាទ នៅរមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អាជ្ញាធរជាតិអប្សរា បានប្រកាសជូនដំណឹង ពីការកំណត់ម៉ោង ទៅទស្សនា ប្រាសាទនានា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ទៅដល់ភ្ញៀវទេសចរនិងភាគី ពាក់ព័ន្ធផ្នែកទេស ចរណ៍។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរាបានឲ្យដឹងថា គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ សមាគម សណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ នឹងមានការកំណត់ពេលវេលា ដើម្បីសម្រួលដល់ការទស្សនាក៏ដូចជាធានាសណ្តាប់ធ្នាប់ សុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា។

អ្នកទាំងអស់អាចទស្សនា ប្រាសាទអង្គរវត្ត និងស្រះស្រង់ ចាប់ពីម៉ោង ៥៖០០នាទីព្រឹក ដល់ម៉ោង ៥៖៣០នាទីល្ងាច , ប្រាសាទភ្នំបាខែង និងប្រាសាទប្រែរូប ចាប់ពីម៉ោង ៥៖០០នាទីព្រឹក ដល់ម៉ោង ៧៖០០នាទីល្ងាច , ប្រាសាទផ្សេងទៀត ចាប់បើកទស្សនាពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៥៖៣០នាទីល្ងាច៕