ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងខ្ទម ដីឡូត៍មួយកន្លែង សង្ស័យចោរប្លន់យកម៉ូតូ

ភ្នំពេញ ៖  ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុង ដីឡូត៍មួយកន្លែង នៅសង្កាត់ ព្រែកតាសេក បង្កឲ្យមានការភ្ញាក់ឡើង ដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យនៅកន្លែង កើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៦និង១៥ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ខ្ទមដីឡូត៍មួយកន្លែង នៅតាមផ្លូវលំ ក្រុម៣ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះលឿង ជាងលី ហៅម៉ាង អាយុ៥០ឆ្នាំ ជាអតីតមន្ត្រីប៉ូលិសស្រុកមុខកំពូល បច្ចុប្បន្នជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជាមួយបងប្អូននៅផ្ទះលេខ៤៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ប្រភពពីបងប្អូនជនរងគ្រោះបានឱ្យដឹងថា ជាទូទៅជនរងគ្រោះចេញទៅរត់ម៉ូតូឌុបពេលថ្ងៃ ហើយនៅថ្ងៃត្រង់ម្សិលមិញនេះគាត់មកហូបបាយធម្មតា រួចក៏ចេញទៅរត់ម៉ូតូឌុបបាត់រហូត លុះព្រឹកឡើងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះមានគេប្រទះឃើញសពបុរសម្នាក់ស្លាប់នៅក្នុងដីឡូត៍ នៅសង្កាត់ព្រែក តាសេក រួចក៏នាំគ្នាមកមើលទើបដឹងថា ជាសាច់ញាតិ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១១ មួយគ្រឿង ដូច្នេះករណីនេះ អាចជាករណីចោរប្លន់យកម៉ូតូ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័្ចយរួច ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យនៅវត្តខ្ទរ ៕