នាយ​ក្រឹម ថា៖ភាពយន្ត​ខ្មែរ​ឥឡូវ​ដូច​ភ្លើង​ចំបើង


នាយ​ក្រឹម ថា៖ភាពយន្ត​ខ្មែរ​ឥឡូវ​ដូច​ភ្លើង​ចំបើង

តារា​កំប្លែង និង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម បាន​ប្រាប់​ឲ្យ​ដឹង​ថា “ភាពយន្ត​ខ្មែរ​ឥឡូវ​ដូច​ភ្លើង​ចំបើង” បាន​តែ​មួយ​ឆាវ​ៗ​ប៉ុណ្ណោះ។

 

 

នាយ​ក្រឹម ថា៖ភាពយន្ត​ខ្មែរ​ឥឡូវ​ដូច​ភ្លើង​ចំបើង

 

រូបភាពពី​ Google

 

ចំពោះ​មូលហេតុ​ដែលតារា​កំប្លែង​​ដៃគូ​​សក្ដិសម​របស់ នាយ​កុយ ​និយាយ​បែប​នោះ ព្រោះ​ការ​និពន្ធ និង​ដឹកនាំ​បច្ចុប្បន្ន​មិន​ទាន់​ដល់​ជម្រៅបេះដូង​របស់​ខ្មែរ​យើងទូទៅ ដែល​ធ្វើឲ្យ​ខ្មែរ​យើង​មិន​ទាន់​ទទួល​យក​បាន។ នាយ​ ក្រឹម​ បាន​ប្រាប់​ពី​ភាព​ខុស​គ្នា​ឆ្ងាយ​​​រវាង​កុន បច្ចុប្បន្ន និង​ទសវត្សរ៍ ៩០ ថា ព្រោះ​តែ​ភាពយន្ត​កាលពី​មុន ​គឺ​ត្រូវ​ចំណី​ចក្ខុ​ខ្មែរ​យើង​ជាង។ “​ឥឡូវ​ធ្វើ​បាន​ត្រឹមតែ​មួយ​ជ្រុង​តូច​សម្រាប់​អ្នក​ទស្សនា ហើយ​ភាពយន្ត​សព្វថ្ងៃ​គឺ​ត្រូវ​តែ​ចំពោះ​យុវវ័យ ឬ​វ័យ​កណ្ដាល​ប៉ុណ្ណោះ។ តែ​សម្រាប់​វ័យ​ចាស់​គឺ​គាត់​ទទួល​យក​មិន​បាន​ទេ”។ សម្ដី នាយ ក្រឹម។

 

លោក បន្ត​ទៀត​ថា “​ភាពយន្ត​ពី​មុន​វិញ​គឺ​មាន​គ្រប់​រសជាតិ​ទាំងអស់ អប់រំ ចរឹតពិត​របស់​ខ្មែរ ដូចនេះ​ហើយ​អ្នក​ស្រុកស្រែ​ចម្ការ​ក៏​អាច​មើល​បាន​ទាំងអស់ កាល​ជំនាន់​នោះ។” វិល​មក​​ទីផ្សារ​សម្ដែង​បច្ចុប្បន្នវិញ តារា​មាឌ​ល្អិត​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ប្រសិន​បើ​ផលិតកផលិត​ឡើង​ដើម្បី​តែ​​លុយ​ គឺ​​ចេះ​តែ​បាន​ហើយ តែ​គុណភាពទៅ​តាម​នោះ គឺ​គ្រាន់​តែ​អាច​មើល​បាន​ប៉ុណ្ណោះ។ លោក អ៊ូ ប៊ុណ្ណារ៉ាត់ បាន​បន្ថែម​ទៀត​ថា សម្រាប់​​ប្រជាជន​ខ្មែរ​ ពួកគាត់​​ចូលចិត្ត​ទស្សនា​ប្រភេទ​រឿង​​មនោសញ្ចេតនា វណ្ណៈ​ស្នេហ៍ អ្នក​ក្រ​អ្នក​មាន​ជាដើម។

 

ដូច្នេះ​ហើយ​តារា​វ័យ ៥៤ ឆ្នាំ​រូប​នេះ នៅ​តែ​​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​កុន​ខ្មែរ​កាលពី​ទសវត្សរ៍ ៩០ ដែល​មួយ​រឿង​ៗ ​ប្រើ​ពេល​យូរ​ៗ​ដើម្បី​សម្រិតសម្រាំង​ផលិត​ចេញ​មកយូរ ធ្វើ​ឲ្យ​រឿង​មាន​គុណភាព និង​ឆក់​បេះដូង​អ្នក​ទស្សនា​គ្រប់​ស្រទាប់។ ប៉ុន្តែ​វិល​មក​ភាពយន្ត​ខ្មែរ​សព្វ​ថ្ងៃ​វិញ រឿង​​ខ្លះ​ប្រើ​ពេល​ខ្លី​មែន​ទែន ហើយ​រសជាតិ​អត់​បាន​គ្រប់​ជ្រុងជ្រោយ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​​កុន​បច្ចុប្បន្ន​ទាក់​ទាញ​បាន​​តែ​ក្មេង​ៗ​ប៉ុណ្ណោះ។ នាយ ក្រឹម ថ្លែង​ទៀត​ថា “កុន​ខ្មែរ​រាល់ថ្ងៃ​គេ​ចូលចិត្ត​ថត​រឿង​ខ្មោច តែ​ខ្មោច​នោះ​វា​អត់​មាន​អី​គួរឲ្យ​ខ្លាច​ទៀត!”។

 

នាយ ក្រឹម ខាន​សម្ដែង​រឿងចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ជាង​ពីរ​ឆ្នាំ​មក​ហើយ គឺ​ចាប់ពី​ឆ្នាំ ២០១៣ ក្នុង​រឿង “ទេវតា​ធ្លាក់​ពី​លើ​មេឃ” ពោល​រូប​លោក​បច្ចុប្បន្ន​គឺ​ជា​អ្នក​ដឹកនាំ​ថត​រឿង​កំប្លែង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន៕

 

អត្ថបទ៖ទ្រី រ៉ាវី