យុវជន​មួយ​ក្រុម​បង្កើត App ជួយ​បក​ប្រែ​ភាសា​គដល់​ជន​ពិការ


យុវជន​មួយ​ក្រុម​បង្កើត App ជួយ​បក​ប្រែ​ភាសា​គដល់​ជន​ពិការ

យុវជន​មួយ​ក្រុម​ឈ្មោះ The Khmer Nerd បង្កើត​កម្មវិធី​ឆ្លាតវៃ Gesture Translator ដើម្បី​ជួយ​បក​ប្រែ​ភាសា​គសម្រាប់​ជន​ពិការគថ្លង់។

 

យុវជន​មួយ​ក្រុម​បង្កើត App ជួយ​បក​ប្រែ​ភាសា​គដល់​ជន​ពិការ

សមាជិក​ក្រុម The Khmer Nerd

 

Gesture Translator នេះ​អាច​បក​ប្រែភាសា​កាយវិការ​ទៅ​ជា​ពាក្យ​សម្រាប់​អាន និង​មាន​សំឡេង​ដោយ​​​ប្រើ​ប្រាស់​កាមេរ៉ា​ចាប់​យក​ចលនា​ដៃ (ភាសា​កាយវិការ) ហើយ​បក​ប្រែ​វា​ទៅ​ជា​ពាក្យ​និង​សំឡេង ដើម្បី​សម្រួល​ដល់​ការ​ទាក់ទង​គ្នា​របស់​ជន​ពិការ (គរ ថ្លង់) ជាមួយ​មនុស្ស​នៅ​ជុំវិញ។

 

យុវជន​មួយ​ក្រុម​បង្កើត App ជួយ​បក​ប្រែ​ភាសា​គដល់​ជន​ពិការ

 

លោក ជី សុថារិទ្ធ ដែល​ជា​ប្រធាន​ក្រុម The Khmer Nerd បាន​ឱ្យ​ដឹង​ថា​ ក្រុម​របស់​លោក​ក៏​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដើម្បី​អាច​បង្កើត App នេះ​ឡើង​ដោយ​សារ​មាន​ពេល​តិច​តួច និង​កង្វះ​ខាត​ផ្នែក​ធនធាន។

 

“ដោយ​សារ​ពេល​វេលា​ខ្លី ដូច្នេះ​សមាជិក​ទាំងអស់​ក្នុង​ក្រុម​ត្រូវ​ព្យាយាម​យ៉ាង​ណា​ឱ្យ App នេះ​ដំណើរ​ការ​ល្អ។ ​ការ​ទាក់ទង​គ្នា​ក្នុង​ក្រុម​ភាគច្រើន​គឺ​ត្រូវ​ប្រើ Skype ជំនួស អ៊ីចឹង​យើង​លំបាក​សម្រាប់​ការ​តេស្ត​វា (កម្មវិធី) ដូច្នេះ​បង្ខំ​ចិត្ត​ឱ្យ​សមាជិក​ក្រុម​ម្នាក់​ (ផាណា) ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សរសេរ​កូដ​ ប្រើ​ជើង​ជំនួស​ដៃ”។

 

ការ​មើល​ឃើញ​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​ជន​ ពិការ គរ ថ្លង់ ទើប The Khmer Nerd ព្យាយាម​បង្កើត​កម្មវិធី Gesture Translator នេះ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​​​ការ​ទំនាក់ទំនង​របស់​ជន​ពិការ និង​អាច​ឱ្យ​អ្នក​​ជុំវិញ​​​អាច​​និយាយ​ស្តាប់​​យល់​ពី​អត្ថន័យ។

 

លោក ជី សុថារិ្ធ បន្ត​ថា Gesture Translator ​ក្រុម​លោក​បង្កើត​ឡើង​ដោយ​ប្រើ​រយៈ​ពេល​តែ​១០ម៉ោង​ប៉ុណ្ណោះ និង​បាន​យក​ទៅ​​ចូលរួម​ការ​ប្រកួត​ក្នុង​កម្មវិធី Hack+Marathon (ហៅ​កាត់​ថា Hack​athon) នា​ព្រឹត្តិការណ៍​នៃ​ការ​ជួបជុំ​អភិវឌ្ឍ​បច្ចេកវិទ្យា Google GDG DevFest Cambodia 2015 កាល​ពី​ថ្ងៃ​ទី ៣និង​ទី៤តុលា​កន្លង​ទៅ​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១។

 

លោក​ថា ដោយ​សារ​ App នេះ​ជា​គំនិត​បង្កើត​ថ្មី​និង​អាច​ផ្តល់​សារប្រយោជន៍​ច្រើន​ដល់​សង្គម​បើ​ធៀប ​ App ​ក្រុម​ផ្សេង​ទៀត ហេតុ​ដូច្នេះ​ទើប​​ធ្វើ​ឱ្យ The Khmer Nerd ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ តាម​ពី​ក្រោយ​ដោយ Alpha Dev លេខ២ (​App ឈ្មោះ​ថា​ ភូមិ​រំដួល Phum rumdoul ) និង​ក្រុម​លេខ​បី​ឈ្មោះ​ Dragon Moon (App ឈ្មោះ​ថា​ញ៉ាំ​អី Nham Eii)។

 

យ៉ាងណាមិញ បើ​តាម​ក្រុម The Khmer Nerd  App នេះ​​នៅ​ពុំ​ទាន់​​អាច​ប្រើប្រាស់​នៅ​​លើ Play Store នៅ​ឡើយ​ទេ ដោយ​សារ​គុណភាព​​នៅ​មាន​កម្រិត ព្រោះ​មាន​តែ​មុខងារ​បកប្រែ​ភាសា​កាយវិការ​៣​សិន​ប៉ុណ្ណោះ​ដូចជា សួរស្តី (លា​ម្រាម​ដៃ​ទាំង​អស់) ល្អ (លើក​មេដៃ) និង​ជោគជ័យ (ក្ដាប់​ដៃ)។

 

លោក​បញ្ជាក់​ថា​ The Khmer Nerd ត្រូវ​ការ​ដៃគូ​សហការ ដើម្បី​ជួយ​ឱ្យ​​គុណភាព Gesture Translator កាន់​តែ​ឆ្លាតវៃ មាន​​ភាសា​កាយវិការ​ច្រើន​ទៀត ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ សម្រាប់​បម្រើ​ជា​ប្រយោជន៍​មួយ​ផ្នែកជួយ​​ដល់​សង្គម៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត