អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ចំពោះ​ករណី​វាយប្រហារ​លើ​អ្នកតំណាងរាស្ត្រ​

ករណី​ក្រុមបាតុករ​បិទមុខ​វាយប្រហារ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក ញ៉យ ចំរើន និង លោក គង់ សភា កំពុង​ប្រឈម​នឹង​ការរិះគន់​ថ្កោលទោស​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch)​បាន​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ស៊ើបអង្កេត​ករណី​វាយដំ​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ដោយ​ក្រុមអ្នកតវ៉ា​ដែលមាន​ការរៀបចំ​មួយ​។ ការជំរុញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ គឺ​កើតឡើង​ស្រប​ពេលដែល​ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត ចំពោះ​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ​នៅមុខ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ ផងដែរ​។

កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដោយបាន​រៀបរាប់​ពី​ហេតុការណ៍​ដែល​កើតឡើង​ទៅលើ​អ្នកតំណាងរាស្ត្រ​២​រូប និង​ការទាមទារ​ទម្លាក់ លោក កឹម សុខា ចេញពី​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លើកឡើងថា អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ​នៅខាងមុខ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា​នោះ ប្រហាក់ប្រហែលគ្នា​ទៅនឹង​អំពើហិង្សា​ដែល​គណបក្សកាន់អំណាច​ធ្លាប់ប្រើ​កាលពី​ក្នុង​ទសវត្សរ៍​ទី​៩០ ដែល​គេ​ស្គាល់​ថា​ជា​កម្លាំង​វាយបក​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា ក៏បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​នៅមុខ​រដ្ឋសភា​នោះដែរ ដោយហេតុថា​ជា​ការបំពានច្បាប់​ធ្ងន់ធ្ងរ​បំផុត​។

លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​ថា ការប្រើប្រាស់​មហាជន​វាយដំ​លើ​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង គឺជា​សញ្ញា​មួយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា អំពើហិង្សា​លើ​អ្នកនយោបាយ​អាច​កើតឡើង​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ លោក ប្រេដ អាដាម បានបញ្ជាក់​ទៀតថា ហេតុភេទ​អាក្រក់​លើ​អ្នកនយោបាយ​បែបនេះ គឺ​ដូចគ្នា​ទៅនឹង​ករណី​អំពើហិង្សា​កាលពី​ទសវត្សរ៍​ទី​៩០​ទៅលើ​អ្នកប្រឆាំង ដើម្បី​ទប់ទល់​នឹង​ការប្រណាំង​ប្រជែង​ជាមួយ​គណបក្ស​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន​។ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុខ​រដ្ឋសភា​កម្ពុជា​នោះ លោក ប្រេដ អាដាម បាន​ថ្លែងថា​ករណីនេះ​ចាំបាច់​ត្រូវមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​នាំ​អ្នកប្រព្រឹត្ត​មក​ផ្តន្ទាទោស ហើយ​ប្រទេស​ម្ចាស់ជំនួយ​មិនគួរ​មើលរំលង​ហេតុការណ៍​នេះ​ទេ គឺ​ត្រូវ​ជំរុញ​ឲ្យ​គណបក្សកាន់អំណាច​ក្នុងប្រទេស​កម្ពុជា បញ្ឈប់​អំពើហិង្សា​លើ​អ្នកនយោបាយ​គណបក្សប្រឆាំង​ជាបន្ទាន់​ផងដែរ​៕

130613-brad-adamsលោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស 12063653_187192088284167_5134529868430556078_n