សាលា​រាជធានី​ភ្នំពេញ ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ពីររូប នៅមុខ​រដ្ឋសភា​

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨​តុលា​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​អំពើ​ហឹ​ង្សា​លើ​តំណាងរាស្ត្រ ២ រូប​។ ក្នុង​សេចក្តីថ្លែងការណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា បាតុកម្មអហិង្សា​នោះ មាន​លិខិត​ពី​ប្រជាពលរដ្ឋ ដាក់​មក​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​តី​២២​តុលា ហើយ​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​២៦​តុលា គឺជា​ថ្ងៃ​បាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា ពី​អនុប្រធានរដ្ឋសភា ទើប​សាលា​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ​តំណាង​ក្រុមបាតុករ មក​ប្រជុំពិភាក្សា និង​ណែនាំ​ពី​នីតិវិធី​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី​។ ក្នុងនោះ តំណាង​បាតុករ​ក៏បាន​បញ្ឈប់ និង​រំសាយ​បាតុកម្ម នៅ​ម៉ោង ១០ និង ៣០ នាទី នា​ខែ​ឆ្នាំ​ដដែល បន្ទាប់ពី​អ្នកតំណាងរាស្ត្រ មក​ទទួល​ញត្តិ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា នៅ​ម៉ោង ១២ និង ១៥​នាទី ថ្ងៃទី​២៦​តុលា ដែលមាន​ហេតុការណ៍​បង្កដោយ​ជន​មួយក្រុម មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​ឲ្យ​មាន​របួសស្នាម ​មកលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២ រូប ដោយ​ពុំ​ដឹង​មូលហេតុ បន្ទាប់ពី​ក្រុមបាតុករ បាន​រំសាយ​រួចរាល់​ហើយ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ សាលា​រាជធានី​ភ្នំពេញ មានការ​សោកស្តាយ និង​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​ខាងលើ ដែល​កើតឡើង​ចំពោះ​អ្នកតំណាងរាស្ត្រ​ទាំង​ពីររូប និង​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជនបង្ក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​របស់​តំណាងរាស្ត្រ​ពីររូប ដែល​ត្រូវ​បាតុករ​វាយ ត្រូវបាន​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អមដំណើរ​ជាមួយនឹង​លោក​កឹម​សុខា និង​តំណាងរាស្ត្រ​ជាច្រើន​ទៀត ទៅសួរសុខទុក្ខ បាន​ឲ្យ​ដឹងថា លោក ញ៉យ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រទេស​ថៃ គឺ​កាលពី​ថ្ងៃទី​២៧​តុលា បាន​វះកាត់​ដៃស្តាំ ដែល​បាក់ ចំនួន ៣​កន្លែង​របស់គាត់ រួចរាល់​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​ការវះកាត់​ភ្នែក​ស្តាំ​បន្តទៀត ដោយសារ​ឆ្អឹង​ក្រោម​ភ្នែក​បាក់​ផុង​ជាប់​នឹង​សាច់ដុំ​ភ្នែក ដូច្នេះ​ត្រូវ​វះ​យក​ឆ្អឹង​នេះ ចេញ​ជាមុនសិន ហើយ​ពេទ្យ​មិនទាន់​សន្និដ្ឋានថា ភ្នែក​ខាងស្តាំ នឹង​ជាសះស្បើយ​ដូចដើម​វិញ​ឬទេ​។ រីឯ​ច្រមុះ ក៏មាន​ការបាក់​ឆ្អឹង​ធ្ងន់ធ្ងរ​ដែរ ជាពិសេស ផ្នែក​ក្បាល​នៅ​វិលមុខ ដែល​អាច​គ្រាំ​ក្នុង​ខ្លាំង​។​

​ដោយឡែក​លោក គង់ សភា ត្រូវបាន​លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា កំពុង​វះកាត់ ក្តោងច្រមុះ​ផុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រចៀក ពិបាក​ក្នុងការ​ស្តាប់ ជាពិសេស​នៅតែ​បន្ត​វិលមុខ និង​អាការ​ស្រវាំងភ្នែក​ជាខ្លាំង​៕​

សាលា​រាជធានី​ភ្នំពេញ ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ពីររូប នៅមុខ​រដ្ឋសភា​