​ប្រទះឃើញ សាកសព​បុរស​ម្នាក់ ក្នុង​ដីឡូត៍​មួយកន្លែង​នៅ​ស្រុក​មុខកំពូល​

ភ្នំពេញ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ សាកសព​បុរស​ម្នាក់ ក្នុង​ដីឡូត៍​មួយកន្លែង កាលពី​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ។ ជនសង្ស័យ​ជា​ករណី​វាយ​សម្លាប់​ប្លន់ ព្រោះ​ជនរងគ្រោះ បាត់​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១១ មួយគ្រឿង​។​

​តាម​សាច់ញាតិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់ ឈ្មោះ លឿង ជាង​លី ហៅ ម៉ាង អាយុ​៥០​ឆ្នាំ ជា​អតីត​មន្ត្រីប៉ូលិសស្រុក​មុខកំពូល បច្ចុប្បន្ន ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ជាមួយ​បងប្អូននៅផ្ទះ​លេខ​៤៨ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​។​

​ប្រភពពី​សាច់ញាតិ បាន​បន្តថា ជាទូទៅ ជនរងគ្រោះ ចេញ​រត់​ម៉ូតូឌុប​ពេល​ថ្ងៃ ហើយ​នៅ​ថ្ងៃត្រង់​ម្សិលមិញ​នេះ គាត់​មក​ហូបបាយ​ធម្មតា រួច​ក៏​ចេញទៅ​រត់​ម៉ូតូឌុប​បាត់​រហូត លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ តុលា នេះ មាន​ដំណឹង​ថា មាន​គេ​ប្រទះឃើញ​សព ក៏មាន​ការភ្ញាក់ផ្អើល នាំគ្នា​មក​មើល​ទើប​ដឹងថាជា​សាច់ញាតិ​របស់ខ្លួន​៕V/S​