​បុរស​ម្នាក់​បើក​ត្រាក់ទ័រ រេ​ចង្កូត​ក្រឡាប់​សង្កត់​ស្លាប់​

បាត់ដំបង​: បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ រេ​ចង្កូត​ក្រឡាប​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កាលពី​ម៉ោងជាង ៧​យប់ ថ្ងៃទី​២៧​ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥៧B ក្នុងភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

​លោក​វរសេនីយ៍ទោ ពេជ្រ សា​រ៉ែ​ន អធិការនគរបាល ស្រុក​សំពៅ​លូន បានអោយ ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ឈ្មោះ វ៉ា​ត់ ប្រ៉ា ហៅ វ៉ាន់ អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​លោក​អធិការ បាន​បន្តថា ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម លោក​បាន​អោយកម្លាំងចុះមក​អន្តរាគមន៍ និង​ពិ​និត្យនៅ​កន្លែងកើតហេតុ និង​សាកសព​ជនរងគ្រោះ​ខាងលើ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ជិះ​ត្រាក់ទ័រ​រេ​ចង្កូត​ក្រឡាប់​ស្លាប់​ខ្លួនឯងពិតប្រាកដ​មែន ហើយ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ មក​ទទួលយក ទៅធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕V​/S