លើក​ពេល​ប្រកាស​សាល​ក្រម​សំណុំ​រឿងបរិហារ​កេរ្តិ៍ទៅ​ថ្ងៃ​ទី២ ​វិច្ឆិកា ២០១៥

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា បាន​លើកយក​សំណុំរឿង​របស់​លោក​ជំទាវ កែវ ម៉ា​លី សមាជិក​ព្រឹទ្ធសភា បាន​ប្តឹង​លោក​ផែង វណ្ណៈ មន្ត្រី​នគរបាល​ជាតិ និង​លោកស្រី​ហង្ស បូ​រី ជា​មន្ត្រី​យោធា ពី​បទ​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ ដែល​អង្គ​សវនាការ​នេះ​បាន​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល តែ​អស់ម៉ោង លោក​ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២ វិច្ឆិកា ខាង​មុខ​នេះ ។

អង្គ​សវនាការ​លើ​សំណុំរឿង​នេះ មាន​លោក​តុ​ប ឈុ​ន​ហេង ជា​ចៅក្រម​ជំនុំជម្រះ និង​លោក​ហឹ​ង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ។ ចំពោះ​មុខ​ជន​ត្រូវ​ចោទ​លោក ផែង វណ្ណៈ អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ជាតិ និង​លោកស្រី ហង្ស បូ​រី អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​យោធា អវត្តមាន​ដើមបណ្តឹង ប៉ុន្តែ​មាន​មេធាវី​៣​រូបតំណាង​ការពារ​សំណុំរឿង​នោះ ។ លោក​ចៅក្រម​ជំនុំជម្រះ​បាន​លើកយក​បណ្តឹង​របស់​លោក​ជំទាវ កែវ ម៉ា​លី ប្តឹង​ជន​ត្រូវ​ចោទ​ពីរ​នាក់​ពី​បទ​បរិហា​កេ​រ្ត៍​ជា​សាធារណៈ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អង្គហេតុ​បទ​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ​នោះ​សំដៅលើ​លោក​ជំទាវ កែវ ម៉ា​លី ដោយ​ចោទ​ថា ជា​ភរិយា​ទី​៤​របស់​លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ ជា​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ពាក់ព័ន្ធ​ថា​សហាយ​ស្មន់នឹងគ្នា​ទៀត​ផង ។ ពាក្យបណ្តឹង​នោះ​ត្រូវ​បាន​តំណាង អយ្យការ​សាកសួរ​ដេញដោល​ទៅ​ជន​ត្រូវ​ចោទ​ទាំង​ពីរ ក៏​ប៉ុន្តែ​លោក ផែង វណ្ណៈ បាន​បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

លោក ផែង វណ្ណៈ អះអាង​ថា ការ​បង្ហោះ ព័ត៌មាន​នោះ​គឺ​លោក​បាន​ផ្សាយ​ទៅ​តាម​អ្វី​ដែល​លោក ព្រំ សាន បាន​បង្ហោះ​រួច​ទៅ​ហើយ ដូច្នេះ​ការ​ផ្សាយ​ឬ​បង្ហោះ​ព័ត៌មាន​នោះ គឺ​លោក​ផ្សាយ​តាមតែ​លោក ព្រំ សាន ទេ ។ ចំណែក​លោកស្រី ហង្ស បូ​រី វិញ ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​លើ​ពាក្យបណ្តឹង​របស់​លោក​ជំទាវ កែវ ម៉ា​លី ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះ​ដែរ ។ លោកស្រី ហង្ស បូ​រី បាន​ច្រានចោល​រាល់​អត្ថបទ​ដែល​មានការ​ចុះ​ផ្សាយ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដែល​មាន​ពាក្យពេចន៍​ជា​ច្រើន​សុទ្ធតែ​អសុរ​ស ប្រើ​ទៅ​លើ​លោក​ជំទាវ កែវ ម៉ា​លី នោះ ។ ក្រោយ​ពី​តំណាង​អយ្យការ​សាកសួរ និង​មេធាវី​ដើមបណ្តឹង សាកសួរ​ដេញដោល​ចប់​ហើយ តំណាង​អយ្យការ​នៅ​តែ​រក្សា​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដដែល ដើម្បី​ទុក​ពេល​ឲ្យ​ចៅក្រម​ជំនុំជម្រះ​សម្រេច និង​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចុង​ក្រោយ​ជា​សំណូមពរ លោក​ផែង វណ្ណៈ បាន​ពោល​ពាក្យ​យ៉ាង​ខ្លី​ថា សុំ​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់​ចុះ ព្រោះ​លោក​មិន​មាន​កំហុស​អ្វី​ទេ ។

ឯ​លោកស្រី ហង្ស បូ​រី បាន​សំណូមពរ​ដល់​អង្គ​សវនាការ​ឲ្យ​លើកលែង​ការ​ចោទប្រកាន់​លោកស្រី ព្រោះ​អ្វី​ៗ​ដែល​លោក​ជំទាវ កែវ ម៉ា​លី ប្តឹង​នៅ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី​នោះ មិនមែន​ជា​ព័ត៌មាន​ដែល​លោកស្រី​បាន​សរសេរ​នោះ​ទេ ។ ក្រោយ​ពី​សួរ​យក​ចម្លើយ​ចប់​សព្វគ្រប់​ហើយ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម ។ លោក ផែង វណ្ណៈ មន្ត្រី​នគរបាល​ជាតិ ដែល​ល្បីឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោក កឹ​ម សុខា មេដឹកនាំ​គណបក្សប្រឆាំង​នោះ ពេល​នេះ​ត្រូវ​បាន​ដក​ចេញពី​តំណែង​ហើយ ដើម្បី​ត្រួសត្រាយ​ផ្លូវ ឱ្យ​គណៈកម្មការ​ថ្មី​មួយ ធ្វើការ​សុ​ើ​ប​អង្កេត ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៥ កញ្ញា បានឱ្យ​ដឹង​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដក​លោក​វរសេនីយ៍ទោ ផែង វណ្ណៈ ពី​អនុប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ទៅ​កាន់​នាយកដ្ឋាន​បុគ្គលិក​វិញ ដើម្បី​បើកផ្លូវ​ឱ្យ​មានការ​សុ​ើ​ប​អង្កេត​លើ​ករណី​រំលោភច្បាប់​បទបញ្ជាផ្ទៃក្នុង​នគរបាល​ជាតិ ។ ទន្ទឹម​នឹង​នេះ សម្តេច​ក្រឡាហោម​ក៏​បាន​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈកម្មការ ដែល​មានការ​តែងតាំង​មន្ត្រី​តំណែង​ខ្ពស់​ចំនួន​៧​រូប ដើម្បី​បើក​ការ​សុ​ើ​ប​អង្កេត​លើ​ពាក្យបណ្តឹង​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​លោក ផែង វណ្ណៈ រូប​នេះ ។ ទោះបីជា​បែប​ណា រឿង​ក្តី​ដែល​សាលាដំបូង​បើក​សវនាការ​នេះ មិន​ទាក់ទិន​នឹង​សំណុំរឿង​គំរាម​សម្លាប់​លោក កឹ​ម សុខា នៅឡើយ​ទេ ៕