មន្រ្តី​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​វាយ​តម្លៃ​ការខូច​ខាត​ដោយ​សារ​រញ្ជួយ​ដី​

មន្រ្តី​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​វាយ​តម្លៃ​ការខូច​ខាត​ដោយ​សារ​រញ្ជួយ​ដី​

បុរស​ម្នាក់​និង​កូន​ប្រុស​របស់​គាត់​ ប្រមូល​បំណែក​អគារ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ក្រោយ​ពេល​មាន​រញ្ជួយ​ដី​នៅ​ក្នុង​ស្រុក​ Behsud ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៥។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ខិត​ខំ​ប្រឹងប្រែង​ ដើម្បី​ឱ្យ​បាន​ទៅ​ដល់​តំបន់​ដាច់ស្រយាល​ក្នុង​ប្រទេស​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ ​ដែល​រង​ការ​រញ្ជួយ​ដី​មាន​កម្លាំង​៧,៥​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣៦០​នាក់​ស្លាប់​និង​នាំ​ឱ្យ​មនុស្ស​ជាង​២២០០​នាក់ទៀត​ត្រូវ​របួស​នៅ​ក្នុង​ប្រទេស​ទាំងពីរនេះ។

ការរញ្ជួយ​ដី​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ Badakhshan មាន​មនុស្ស​រស់​នៅ​តិច​តួច​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ក៏​ប៉ុន្តែ​មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​ខេត្ត​ Khyber Pakhtunkhwa នា​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន​ ដែល​នៅ​ទី​នោះ​ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​២០២​នាក់​បាន​បាត់បង់​ជីវិត​និង​មាន​មនុស្ស​ជាង​១៤៨៦​នាក់​ទៀត​បាន​ត្រូវ​របួស។

នៅ​ពេល​ដែល​បាន​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​រងគ្រោះ​ខ្លាំង​មួយ​ចំនួន​កាល​ពី​ថ្ងៃ​អង្គារ ​បុគ្គលិក​ VOA ​បាន​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដឹក​នាំ​ដោយ​ក្រុម​យោធា​ ជាប់​រវល់​ជួយ​ជម្លៀស​អ្នក​ត្រូវ​របួស​និង​នាំ​យក​ជំនួយ​គ្រាហ៍​មាន​អាសន្ន​ទៅ​ឱ្យ​ជន​រងគ្រោះក្នុង​ស្រុក​នៃ​តំបន់​ភ្នំ​ដាច់​ស្រយាល​ដែល​មាន​រួម​បញ្ចូល​ស្រុក Dir ​ស្រុក Timargarah និង​ស្រុក​កុល​សម្ព័ន្ធ​ពាក់​កណ្តាល​ស្វយ័ត Bajour នៅ​ជាប់​ព្រំដែន​ប្រទេស​អាហ្វហ្គានីស្ថាន។

ស្រុក Bajour ដែល​ជា​អតីត​សំបុក​មួយ​របស់​ជនសកម្មប្រយុទ្ធ​ មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្ត Kunar នា​ប៉ែក​ឦសាន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បាន​រង​គ្រោះ​ដែរ​ដោយសារ​ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ចន្ទ​នោះ៕