រាជរដ្ឋាភិបាល ចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យ ខួបលើកទី១១ ការគ្រងព្រះបរមរាជ សម្បតិ្ត ព្រះមហាក្សត្រ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាឲ្យរៀបចំ ព្រះរាជពិធីបុណ្យខួប លើកទី១១ នៃការគ្រង ព្រះបរមរាជសម្បតិ្ត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែតុលា ឆ្នាំ២០១៥ស្អែក នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីត្រូវបាន ក្រុម ប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើស ជាឯកច្ឆន្ទនាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ប្រកបដោយ ព្រះបញ្ញាញាណ និងព្រះរាជហឫទ័យសន្តោស ដ៏ថ្លៃថ្លា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំនូវចំណុចមួយចំនួនដូចជា៖

១-ក្រសួងព្រះបរមរាជវាំង ត្រូវចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១១ នៃទិវាគ្រង ព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និង ប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

២-គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវដាក់តាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រ និងដាក់ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងចងទង់ជាតិ បដាពាក្យស្លោកថ្វាយព្រះពរ ។

៣-រាជធានី និងគ្រប់ខេត្ត ត្រូវរៀបចំតាំងព្រះបរម ឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ដោយតុបតែង លម្អភ្លើងពណ៌ ចងទង់ជាតិ បដាពាក្យស្លោកមានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់រោងចក្រ សហគ្រាស និងប្រជារាស្រ្តឱ្យចងទង់ជាតិ បដា ពាក្យស្លោក ឱ្យបាន គ្រប់អង្គភាព និងគ្រប់គេហដ្ឋាន។

៤-ក្រសួងព័ត៌មាន ត្រូវចាត់ឱ្យបណ្តាញវិទ្យុទូរទស្សន៍ជាតិ និងឯកជន តាមដានយក ព័ត៌មាន ធ្វើការផលិត ផ្សព្វផ្សាយ ទូលំទូលាយនូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណា។

៥-ក្រសួងវប្បធម៌ ត្រូវ ណែនាំដល់មន្ទីរវប្បធម៌ រាជធានី-ខេត្ត ចាត់តាំងក្រុមតន្រ្តីសិល្បៈ បុរាណ សម័យ សម្តែងជូន ប្រជារាស្រ្តទស្សនាកម្សាន្ត សប្បាយនៅតាមទីសាធារណៈ ។
៦-ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរ ។ ចាត់តាំងឱ្យមានការអុជកាំជ្រួចអបអរសាទរ នៅម៉ោង ១៩: ០០យប់។
៧-គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវមានផែនការបែងចែកតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អំពាវនាវសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល អង្គការមនុស្សធម៌ ក្រុមហ៊ុនឯកជន ជួយឧបត្ថម្ភ សម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគផ្សេងៗ ចុះសួរសុខទុក្ខ ដល់អ្នកមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌល ជនពិការ និងមណ្ឌល កុមារកំព្រា ចាស់ជរា៕

រាជរដ្ឋាភិបាល ចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យ ខួបលើកទី១១ ការគ្រងព្រះបរមរាជ សម្បតិ្ត ព្រះមហាក្សត្រ