ស្ត្រីខ្មែរ៤នាក់ ដែលជួបការលំបាក ក្នុងការបម្រើការងារ នៅតាមផ្ទះនៅ ម៉ាឡេស៊ី និងត្រូវបញ្ជួន ត្រឡប់មក មាតុភូមិវិញ

ភ្នំពេញ៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៥នេះ ស្រ្តីខ្មែរ៤រួប ដែលជួបការលំបាក ក្នុងពេលបម្រើការងារ តាមផ្ទះនៅ ប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ និងត្រូវបញ្ជូន មកកម្ពុជាវិញ ក្រោយពីមានកិច្ចអន្តរាគមន៍ ពីស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែតុលា នេះបានឲ្យដឹងថា ពលការិនីខ្មែរ រងគ្រោះ៤នាក់ ដែល ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ ហើយជួបការលំបាកក្នុងការងារ និងត្រូវបញ្ជូនមក កម្ពុជាវិញ នៅថ្ងៃទី២៨-២៩ ខែតុលា ក្រោយពីមានកិច្ចអន្តរាគមន៍ ពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។

ពលការិនី អ៊ី តូច មានស្រុកកំណើតនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទៅធ្វើការ តាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នាងបានមកកាន់ស្ថានទូត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ដើម្បីសុំជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ ។ ក្រោយកិច្ចអន្តរាគមន៍ពលការិនី រូបនេះនឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៦:០០នាទី រសៀល តាមជើងយន្តហោះ AK៥៣៤។

ឯពលការិនី៣រូបទៀត និងត្រូវបញ្ជូនកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៧:៥០ នាទីព្រឹក តាម ជើងយន្តហោះ AK៥៣៦។ ពលការិនី នៅ ស្រីនាង អាយុ២២ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បានមកស្ថានទូតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ ។

ពលការិនីរូបនេះ ត្រូវបានបងស្រីបង្កើត នាំយកទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ធ្វើការ នៅហាង បោកគក់សំលៀកបំពាក់។ ពលការិនី ឌី ចាន់ស្រ៊ូ អាយុ២០ឆ្នាំ នៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង បានមកស្ថានទូតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបាន វិលត្រឡប់មក កម្ពុជាវិញ។ ពលការិនីរូបនេះ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈ មេខ្យល់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ធ្វើការតាមផ្ទះ។ ពលការិនី សំ ស៊ីណា (ឈ្មោះពិត សំ ស៊ីណែត) អាយុ២០ឆ្នាំ នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់ធំ បានមកស្ថានទូត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ ពលការិនីរូបនេះ បានទៅ ប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីឆ្នាំ២០១២ ធ្វើការនៅហាងលក់បាយ ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា កំឡុងពេលរង់ចាំ ការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់ កន្លែងស្នាក់នៅ និងហូបចុក ជូនដល់ពលការិនីទំាង០៤នាក់៕