មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រង់ចាំ​មើ​លស​ម​ត្ថ​កិច្ច​វែកមុខ​ក្រុម​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​វែកមុខ​ជនដៃដល់​វាយប្រហារ​តំណាងរាស្ត្រ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ សហភាព​អឺរ៉ុប​និង​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប និង​ជំរុញ​ឲ្យ​ចាប់​អ្នកប្រព្រឹត្ត​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប និង​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ៍បា​ន​ឲ្យ​ដឹងថា ពួកគេ​មាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​នានា​ដែល​ទាក់ទង​ទៅនឹង​ការវាយប្រហារ​លើ​សមាជិក​សភា​២​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ របស់​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់ថា «​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​និង​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា សូម​ចាត់​គ្រប់​វិធាន​ការដែល​ចាំបាច់​នានា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​អ្នកតំណាងរាស្ត្រ​ទាំងអស់​ដែល​បាន​ជ្រើសតាំង​តាម​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​នាំយកទៅ​កាត់ទោស​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា​និង​ការរំលោភបំពាន​នេះ​»​។ តាមរយៈ​សេចក្ដីអំពាវនាវ​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​វែកមុខ​ជនដៃដល់​ព្រមទាំង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ឲ្យ​បាន​ពេញលេញ​និង​ប្រកបដោយ​តម្លាភាព​។ សេចក្ដីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិក​បានលើកឡើង​ថា «​ការអនុវត្ត​សេរីភាព​ក្នុងការ​និយាយស្ដី​មិនមែនជា​ហេតុផល​ត្រឹមត្រូវ​សម្រាប់​ការប្រព្រឹត្ត​អំពើហិង្សា​នោះទេ​។ យើង​សូម​ថ្កោលទោស​សកម្មភាព​ទាំងនេះ​។ យើង​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ​និង​ប្រកបដោយ​តម្លាភាព​ទៅលើ​ការវាយដំ​ទាំងនេះ ដើម្បី​រក្សា​របៀបរៀបរយ​នៅ​រដ្ឋសភាជាតិ និង​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកនយោបាយ​ពី​គ្រប់ភាគី​ទាំងអស់​»​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​រង់ចាំ​មើល​ដោយ​យកចិត្តទុកដាក់ ចំពោះ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាមច្បាប់​ជា​ធរមាន​៕

12039497_473631532839883_7763380764657038932_n 12143160_984051131651620_4672851198646120278_n