ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​និង​រំលោភសិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ

ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​យួន​មួយចំនួន គឺជា​ការ​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​បំផ្លាញ​ព្រៃឈើ​ដែលជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​ខ្មែរ និង​រំលោភសិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ​។ ជាក់ស្ដែង​ការស៊ើបអង្កេត​របស់​អង្គការ ហ្វ​រែ​ស្ត ស្ទី​វ​វើដ​ស៊ី​ប ខោ​ន​ស៊​ល (Forest Stewardship Council=FSC) បាន​រកឃើញថា​ក្រុមហ៊ុន​យួន​ឈ្មោះ វៀតណាម រ៉ាប់​បឺ គ្រុប បាន​កាប់បំផ្លាញ​ព្រៃឈើ​ហើយ​រឹបអូស​ដីធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​កំរោល​។ បន្ទាប់ពី​រកឃើញ​អំពើអាក្រក់​របស់​ក្រុមហ៊ុន​យួន​រួចមក អង្គការ Forest Stewardship Council បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជាដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​យួន​ជាបន្ទាន់​។

អង្គការ Forest Stewardship Council បាន​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​កម្ពុជា ថា​បរាជ័យ​មិន​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ បើទោះបី​ក្រុមហ៊ុន​យួន​ប្រព្រឹត្ត​ខុស​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាងណាក៏ដោយ​។ អង្គការ Forest Stewardship Council បាន​រកឃើញថា​ក្រុមហ៊ុន​វៀត​ណា រ៉ាប់​បឺ គ្រុប ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​ប្រមាណ​១០​ម៉ឺន​ហិកតា ហើយ​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​វៀតណាម រ៉ាប់​បឺ គ្រុប បាន​បំផ្លាញ​ដើម​ជ័រទឹក​រាប់ម៉ឺន​ដើម​របស់​ជនជាតិដើម​ភាគតិច ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ភាគតិច ដែល​អាស្រ័យ​ផល​និង​អនុផល​ព្រៃឈើ​តាំងពី​ដូនតា​មក​។

​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​(Global Witness) កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​វៀតណាម រ៉ាប់​បឺ គ្រុប គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យួន បាន​កាត់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​យ៉ាងហោចណាស់​៥​ម៉ឺន​ហិកតា​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​នៅក្នុង​តំបន់​អភិរក្ស​និង​តំបន់​ការពារ​សត្វព្រៃ​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​បានលើកឡើង​ថា ក្រុមហ៊ុន​យួន​គួរ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​ការខូចខាត និង​ផ្ដល់​សំណង​ពេញលេញ​ចំពោះ​ការកាប់​ដើម​ជ័រទឹក​របស់​សហគម​ន៍ និង​ការរំលោភ​យក​ដី​សហគម​ន៍​។ ជាមួយគ្នានេះ​មន្ត្រី​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​យួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕

2015-02-14_230726 Pc56