លោកគ្រូ ដួង សានេត បក​ស្រាយ​រឿង​ក្តី​«សម្រាត​សំពត់»​សិស្ស

ការចុះផ្សាយរបស់សារព័ត៌មានជាច្រើន ទាក់ទងនិងរឿងក្តី ដែលមានគ្រូបញ្ជាសិស្សប្រុស សម្រាត់សំពត់​សិស្ស​ស្រី នៅ​ថ្នាក់​ទី ២ក នៅ​ខេត្ត​ស្វាយរៀង​នោះ ត្រូវបានលោកគ្រូ​ដែលជា​សាមីខ្លួន ចេញមុខបកស្រាយ។ លោក ដួង សានេត បានធ្វើ​ជាវីដេអូ​ឃ្លីប​មួយ បង្ហោះនៅលើយូធូប និងបណ្ដាញ​សង្គម ដើម្បីពន្យល់​ពីភាពស្អាតស្អំ​របស់​ខ្លួន។
លោកគ្រូ ដួង សានេត បក​ស្រាយ​រឿង​ក្តី​«សម្រាត​សំពត់»​សិស្ស
កុមារីរងគ្រោះ និងលោកគ្រូ ដួង សានេត។ (រូបថតហ្វេសប៊ុក)

នៅក្នុងវីដេអូឃ្លីមួយ ដែលទើបតែបង្ហោះនាពេលថ្មីៗនេះ មានរយះពេល ១២ នាទី និង ៥៣ វិនាទី លោក គ្រូ ដួង សានេត បាននិយាយថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៩ និង១០ នាទីព្រឹក លោកបានបង្រៀនអំណាន នៅថ្នាក់ទី២។ នៅពេលកំពុងបង្រៀន មានកូចសិស្សជាច្រើន ដែលអាចអានបាន តែមានកូនសិស្ស៤ ទៅ៥នាក់ អានមិនរួច។ ខណះនោះ លោកបានដើទៅក្រោយថ្នាក់រៀន ដោយនិយាយ ប្អូនណាហ៊ានសម្រាត ស្រាប់តែពេលនោះ មានក្មេងប្រុសម្នាក់ បានឡើងទៅសម្រាតសំពត់ របស់សិស្សស្រីម្នាក់ ដែលអានអក្សរមិនរួចនោះមែន។ បន្ទាប់ពីលោកបានឮសំណើចរបស់សិស្ស លោកក៏ងាកទៅមើល ឃើញក្មេងនោះស្រាត តែស្រាតមិនអស់ទេ ដោយនៅខោខ្លី និងអាវសធ្លាក់មកគ្របជិត។

ការបកស្រាយរបស់លោកគ្រូ ដួង សានេត បានធ្វើឡើង បន្ទាប់ពីរឿងអាស្រូវ «គ្រូបញ្ជាឲ្យសម្រាត សំពត់កូនសិស្ស» បានផ្ទុះឡើង រហូតឈានទៅដល់ការប្ដឹងផ្ដល់គ្នា នៅមុខតុលាការខេត្វស្វាយរៀង។ សារព័ត៌មានក្នុងស្រុកជាច្រើន បានរាយការណ៍ថា កាលពីខែ ឧសភា ឆ្នាំ២០១៥ ក្មេងស្រីសិស្សសាលាម្នាក់ ដែលមានអាយុ១១ឆ្នាំ រៀននៅថ្នាក់ទី២ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ត្រូវគ្រូបង្រៀន ដួង សានេត ដាក់ពិន័យឱ្យឡើងឈរលើកៅអីគ្រូ បន្ទាប់មកអោយសិស្សប្រុសសម្រាតសំពត់ និងខោទ្រនាប់របស់នាង បន្ទាប់ពី កុមារីរូបនេះ មិនចេះអានមេរៀន។ ក្រោយមកអាណាព្យាបាលក្មេងស្រី បានសម្រេចប្តឹងទៅតុលាការ ចំពោះការដាក់ទណ្ឌកម្មលើកូនស្រីរបស់ខ្លួន។

តាមសិស្ស ដែលរៀននៅថ្នាក់ទី២ ជាមួយលោកគ្រូ ដួង សានេត បានអះអាងស្រដៀងគ្នាថា លោកគ្រូ អត់បានឲ្យសិស្សប្រុស ទៅសម្រាតទេ និងបានការពារលោកគ្រូវថា លោកគ្រូនិយាយលេង តែ សារ៉េតបញ្ញា (ក្មេងប្រុសដែលស្រាតសំពត់ក្មេងស្រី) ស្មានថាលោកគ្រូថាមែន ក៏រត់ទៅសម្រាត តែស្រាតមិនអស់ទេ នៅខោក្នុង ហើយអាវស គ្រប់ជិត។

ចំណែកលោក ពៅ សាមឿន ជានាយកសាលាបឋមសិក្សាហ៊ុនសែនវត្តថ្មី និងលោកគ្រូផ្សេងទៀត ក៏បានការពារលោកគ្រូ សានេត ដែរថា លោកគ្រូ សានេត ជាសាស្ត្រាចារ្យធម្មតាម្នាក់ ដែលតែងតែមកបង្រៀន ជាទៀងទាត់ និងមានទំនាក់ទំនងល្អ ជាមួយអ្នករួមការងារ។ ឯរីប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយ បានអះអាងបន្ថែមថា លោកគ្រូជាមនុស្សល្អ ចេះយកអាសារអ្នកដទៃ និងជាលោកគ្រូដ៏ល្អផងដែរ។

ក្រោយពេលកើតហេតុ លោក ដួង សានេត បានបញ្ជាក់ថា លោកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះរឿងនេះ។ ចំណែកមូលហេតុ ដែលលោកមិនបកស្រាយ តាមរយះសារព័ត៍មាន នាពេលកន្លងមក ព្រោះលោកចង់ផ្សះផ្សារ ជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះ ហើយលោកមិនមានបំណង ឲ្យសម្រាតសំពត់សិស្សទេ។

ប៉ុន្តែការសោកស្ដាយ របស់សាស្ត្រាចារ្យរូបនេះ បានធ្វើឡើង ដូចជាយឺតពេលបន្តិចទៅហើយ ដោយសារក្រសួងអប់រំ បានសម្រេចធ្វើការផាកពិន័យ ទៅលើលោកគ្រូ ដួងសានេត រួចទៅហើយ ដោយរួមមាន ៣ដំណាក់កាល ក្នុងនោះដូចជាធ្វើការស្តីបន្ទោស ជាលាយលក្ខណ៍អក្សរ ផ្លាស់ប្តូរមិនឱ្យបង្រៀនសិស្ស ដោយឱ្យទៅបំពេញការងារ នៅការិយាល័យអប់រំ យុវជន និងកីឡា នៅស្រុករំដួល និងដកភារកិច្ច ឱ្យបំពេញការងាររដ្ឋបាលតូចតាចប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានក្នុងស្រុក Fresh News។

ទាក់ទិននឹងការដាក់វិន័យនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការលីកាដូ (LICADHO) ប្រចាំនៅក្នុងខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា វាជាសញ្ញាល្អ នឹងកំពុងជំរុញ ឲ្យក្លាយជាវិន័យគំរូដល់គ្រូដទៃ ឲ្យមានការខ្លាចរអា ចំពោះទង្វើអសីលធម៌នានា ពិសេសករណីដូចលោកគ្រូ ដួង សានេត នេះជាដើម។ មន្ត្រីលីកាដូរូបនេះ បានថ្លែងឡើង ប្រាប់វិទ្យុសម្លេងអាស៊ីសេរី (RFA) ថា៖ «ចំណាត់ការដែលអាចជួយប៉ះប៉ូវ និងស្ដារកិត្តិយសក្មេងស្រីរងគ្រោះវិញ ទាល់តែនីតិវិធីព្រហ្មទណ្ឌ ដែលជានីតិវិធីរបស់តុលាការ អាចមានជាសំណងរដ្ឋប្បវេណី និងការដាក់ទោសទណ្ឌ លើជនល្មើស»។

យ៉ាងណាក៏ដោយ ករណីរនេះកំពុងស្ថិតក្នុងចំណាត់ការ របស់សាលាដំបូងខេត្តស្វាយរៀងនៅឡើយ។ តុលាការបានចេញដីកាកោះមួយ ហៅគ្រូបង្រៀន ដួង សានេត ដែលដាក់ទណ្ឌកម្មកុមារីម្នាក់នេះ ឱ្យចូលបំភ្លឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ៕