បញ្ជូន​ចោរ​ស្រី​លូក​ហោប៉ៅ ២​នាក់ ក្នុង​ពិធី​តាំង​ពិ​ពណ៌ និង​ពិធី​បុណ្យអុំទូក ទៅ​តុលាការ​

បាត់ដំបង: សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត បាន​បញ្ជូន​ខ្លួន​ចោរ​ស្រី ២​នាក់ លូ​ហោប៉ៅ​ប្រជា​ប្រពល​រដ្ឋ​នៅក្នុង​ពិធីតាំង​ពិ​ពណ៌ និង​ពិធី​បុណ្យអុំទូក ក្នុង​ក្រុង​បាត់ដំបង ទៅ​តុលាការ​ចាត់ការ​តាមនីតិវិធី​ច្បាប់​។​បន្ទាប់ពី​ត្រូវបាន​កម្លាំង​សមត្ថកិច្ច នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៥​។​

​លោក​វរសេនីយ៍ ម៉េង លៀង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ត​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះឡឹង ស្រី​នួន ភេទ​ស្រី អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទាន ឃុំ​រាំង​ក្រូច ស្រុកអរិយ​ក្សត្រ ខេត្តកណ្តាល និង​ទី​២.​ឈ្មោះ ឡឹង អិ​ល ភេទ​ស្រី អាយុ ២៧​ឆ្នាំ មានទីលំនៅ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព លួច ឆក់លូក​ហោប៉ៅ នៅក្នុង​ពិធី​តាំង​ពិ​ពណ៌ (​លក់​ផលិតផល​) និង​ពិធី​បុណ្យអុំទូក នៅ​ក្រុងបាត់ដំបង​។​

​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួនពិតជា​បាន​ជិះ​រថយន្តឈ្នួល​ពី​ទីក្រុង​ភ្នំពេញ ដើម្បី​មក​ធ្វើ​សកម្មភាព​លួច (​លូកហោប៉ៅ​) នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែន​។​

​ពេលនេះ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​កសាងសំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕​