គ្រឹះស្ថាន​ផ្តល់​សេវា​ឥណទាន​ត្រៀម​យុទ្ធសាស្ត្រ ថ្មី​សម្រាប់​វាយលុក​នៅ​ឆ្នាំ​បន្ទាប់

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​សេវា​ឥណទាន​ជូន​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ខណៈ​គ្រឹះស្ថាន​ដែល​មាន​អាជ្ញាប័ណ្ណ​ផ្តល់​ប្រាក់​កម្ចី​កើនឡើង​ចំនួន​៤៧ ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន​៥៤ ។ គ្រឹះស្ថាន​មួយ​ចំនួន​បាន​រៀបចំ​យុទ្ធសាស្ត្រ និង​បង្កើត​ផលិតផល​ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​ផ្តល់​សេវា​ឥណទាន​នៅ​ឆ្នាំ​បន្ទាប់ និង​ទទួល​បាន​អតិថិជន​ថ្មី​បន្ថែម​ទៀត ។

ប្រធាន​នាយក​ប្រតិបត្តិ ប្រតិបត្តិការ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ លោក ម៉​ម ជឿន បាន​មាន​ប្រសាសន៍​ថា ៖ «​សព្វ​ថ្ងៃនេះ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន ហើយ​បាន​ប្រកួតប្រជែង​គ្នា​ខ្លាំង​ធ្វើ​ឲ្យ​ការ​ផ្តល់​កម្ចី​មានការ​ប្រែប្រួល​ធ្លាក់​ចុះ​ដោយ​អន្លើ ។ ស្ថាប័ន​មួយ​ចំនួន​មានការ​កែប្រែ​លក្ខខណ្ឌ​ក្នុង​ការ​ខ្ចី ជា​កត្តា​ធ្វើ​ឲ្យ​អត្រា​ប្រាក់​កម្ចី​ជា​រួម​មានការ​ធ្លាក់​ចុះ​ទាំង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ហើយ​វា​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​អតិថិជន​» ។

លោក​បន្ត​ថា ៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ នា​ពេល​កន្លង​មក​បាន​ធ្វើ​ប្រតិបត្តិការ​ទាក់ទង​នឹង​ប្រាក់​បញ្ញើ ។ យើង​សង្កេត​ឃើញ​ថា មាន​កំណើន​ល្អ​នៅ​ក្នុង​ទីផ្សារ ដោយ​មាន​កត្តារួម​ផ្សំ​ច្រើន​ដូច​ជា កត្តាសេដ្ឋកិច្ច និង អេ អឹ​ម ខេ ផ្ទាល់ ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៤ អេ អឹ​ម ខេ ទទួល​បាន​ប្រាក់​សន្សំ​ចំនួន​៤០​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៥ កើនឡើង​រហូត​ដល់​៦០​លាន​ដុល្លារ ។ ចំណែក​ប្រាក់​កម្ចី​វិញ​កើន​ពី​៩៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ រហូត​ដល់​១១៨​លាន​ដុល្លារ គិត​ត្រឹម​បំណាច់​ខែកញ្ញា ឆ្នាំ​២០១៥»។

លោក​បញ្ជាក់​ថា ៖ «​អេ អឹ​ម ខេ មាន​អតិថិជន​ទទួល​ប្រាក់​កម្ចី​ប្រមាណ​៣៣​ម៉ឺន​នាក់ និង​អតិថិជន​សន្សំ​មាន​ជាង​១២​ម៉ឺន​នាក់ បើ​ធៀប​នឹង​ពេល​មុន គឺ​មាន​ចំនួន​កើនឡើង ជា​ពិសេស​សម្រាប់​អតិថិជន​ដាក់​បាន​ប្រាក់​សន្សំ ។ ការ​កើនឡើង​នេះ ខ្ញុំ​យល់​ថា ដោយសារ​អតិថិជន​មាន​ជំនឿ​ចិត្ត​មក​លើ អេ អឹ​ម ខេ ក្នុង​ការ​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​នៃ​ការ​ដក ឬ​ដាក់​ប្រាក់​សន្សំ ។ អេ អឹ​ម ខេ ក៏​បាន​ផ្តល់​ជូន​នូវ​ម៉ាស៊ីន ATM ចំនួន​៦៥​គ្រឿង​សម្រាប់​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​» ។

ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃ​អនាគតបើ​តាម​លោក ម៉​ម ជឿន មាន​ប្រសាសន៍​ថា​៖ «​រយៈពេល​៥​ឆ្នាំ​ខាង​មុខ អេ អឹ​ម ខេ មាន​ផែនការ​បង្កើន​សាច់ប្រាក់​ចំនួន​៣៥០​លាន​ដុល្លារ និង​ត្រូវការ​អតិថិជន​ជាង​៣០​ម៉ឺន​នាក់​ទៀត ។ ដើម្បី​សម្រេច​ឱ្យ​បាន​ផែនការ​នេះ យើង​មាន​យុទ្ធសាស្ត្រ​ចំនួន​៣​គឺ ៖ ការ​ថែទាំ​អតិថិជន​ចាស់ ការ​ចាប់​យក​អតិថិជន​ថ្មី និង​គុណភាព​នៃ​ប្រាក់​កម្ចី​» ។

លើស​ពី​នេះ​ទៀត ក៏​មានការ​ពង្រីក​បណ្តាញ​ការិយាល័យ ពង្រឹងសមត្ថភាព​បុគ្គលិក ពង្រឹង​ការ​ផ្សព្វផ្សាយ និង​ការ​យល់​ដឹង​របស់​អតិថិជន​លើ​ផលិតផល​របស់ អេ អឹ​ម ខេ ផង​ដែរ ។ អេ អឹ​ម ខេ នឹង​បន្ត​ដាក់​ម៉ាស៊ីន ATM នៅ​តាម​អនុ​សាខា​សក្តានុពល​ដើម្បី​បង្កើន​ភា្ន​ក់​ងារ​ឲ្យ​បាន​គ្រប់​ភូមិ​ដើម្បី​បង្កើន​ប្រាក់​សន្សំ ។

លោក​បណ្ឌិត ប៊ុ​ន មុនី ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត និង​ជា​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មានការ​ប្រកួតប្រជែង​គ្នា ព្រោះ​កម្ពុជា​អនុវត្ត​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ។ សកម្មភាព​ប្រកួតប្រជែង​ទាំងនេះ គឺជា​កត្តា​ល្អ​សម្រាប់​ទីផ្សារ​នៅ​ស្រុក​ខ្មែរ​យើង ដែល​ធ្វើ​ឲ្យ​គ្រឹះស្ថាន​នីមួយ​ៗ​ខិតខំ​ពង្រឹង​នូវ​ក្របខ័ណ្ឌ​វិជ្ជាជីវៈ​ក្នុង​ការ​ប្រកួតប្រជែង​គ្នា មាន​ន័យ​ថា ជា​ការ​ផ្តល់​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវាកម្ម​ធនាគារ ។ ចំពោះ​តម្លៃ​វិញ គេ​នៅ​តែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ដើម្បី​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អ្នក​ប្រើប្រាស់​» ។

លោក​បន្ត​ទៀត​ថា ៖ «​ក្នុង​ពេល​កន្លង​មក​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សមាជិក​ប្រមាណ​ជា​៣៩​គ្រឹះស្ថាន ។ នៅ​ក្នុង​ឆ្នាំ​២០១៥ តាម​រយៈ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​អនុញ្ញាត​ឱ្យ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ថ្មី​ៗ​ជា​ច្រើន​ទៀត ។ ប៉ុ​ន្តែ​បើ​តាម​ខ្ញុំ​ដឹង ក្រៅផ្លូវការ​ថា មាន​គ្រឹះស្ថាន​កើនឡើង​ប្រហែល​១០​ផ្សេង​ទៀត ដែល​ខ្ញុំ​គិត​ថា ជា​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន និង​មាន​ជំនឿ​ទុក ចិត្ត ។ គ្រឹះស្ថាន​ថ្មី​ទាំងនោះ​ត្រូវ​រៀន​សូត ពី​ក្របខ័ណ្ឌ​វិជ្ជាជីវៈ​ក្នុង​ការ​ផ្តល់​សេវាកម្ម​នេះ​ឲ្យ បាន​ដល់​ប្រជាពលរដ្ឋ ដែល​ធានា​បាន​នូវ​ការ​រីក​ចម្រើន​ប្រកបដោយ ចីរភាព​» ។

លោក​បញ្ជាក់​ផង​ដែរ​ថា ៖ «​នៅ​ត្រីមាស​ទី​២ ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ប្រាក់​ទុន​របស់​សមាគម​បាន​កើនឡើង​ជាង​២​ពាន់​៤០០​លាន​ដុល្លារ​សម្រាប់​ផ្តល់​ជូន​អតិថិជន ។ ប្រាក់​បញ្ញើ​ក្នុង​ស្ថាប័ន​ទាំង​៧ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នោះ​ត្រូវ​បង្កើន​ទុន​រហូត​ដល់​១​ពាន់​លាន​ដុល្លារ​។ អតិថិជន​ដែល​បាន​ខ្ចីប្រាក់​មាន​ជាង​១​លាន​៧​សែន​គ្រួសារ ចំណែក​អ្នក​ផ្ញើ​ប្រាក់​មាន​ជាង​១​លាន​២​សែន​គ្រួសារ ។ ចំនួន​នៃ​ការ​ប្រែប្រួល​នេះ​ជា​មធ្យម ខ្ញុំ​មើលឃើញ​ថា អាច​នឹង​ប្រែប្រួល​ប្រមាណ​ពី​៣០% ទៅ​៤០% ក្នុង​មួយ​ឆ្នាំ​» ។

សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត បើ​តាម​លោក​បណ្ឌិត​ឱ្យ​ដឹង​ថា ៖ «​មាន​តួលេខ​រីក​ចម្រើន​ខ្ពស់​ជាង​សមាគម​បន្តិច បើ​យើង​គិត​ជា​ភាគរយ ដោយ​យើង​រំពឹង​ថា នឹង​ពង្រីក​ប្រាក់​ទុន​របស់​យើង​ក្នុង​មួយ​ឆ្នាំ​ប្រហែលជា​៥០%​បន្ថែម​ទៀត រីឯ​ប្រាក់​បញ្ញើ​អាច​កើនឡើង​៦០% ។ ចំពោះ​អតិថិជន​ផ្ញើ​ប្រាក់ និង​អ្នក​ខ្ចីប្រាក់ ក៏​មាន​ចំនួន​កើនឡើង​ច្រើន​ជាង​តួលេខ​របស់​សមាគម​ផង​ដែរ ។ ការ​កើនឡើង​ទាំងនេះ​ដោយសារ​តែ​យើង​មាន​យុទ្ធសាស្ត្រ​សម​ស្រប​ធ្វើ​ឲ្យ​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត សព្វ​ថ្ងៃនេះ​» ។

លោក​បន្ត​ថា ៖ «​ស្ថាបនា​លីមីត​ធី​ត​មាន​សាខា​សរុប​ទាំងអស់​ចំនួន​១៤៩​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​នៅ​តែ​ពង្រីក​ខ្លួន​តាម​ខេត្ត​-​ក្រុង​ចាស់​ៗ​បន្ថែម​ទៀត មាន​ន័យ​ថា យើង​នឹង​ដាក់​នៅ​តាម​ស្រុក ឬ​ឃុំ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ពលរដ្ឋ​រស់នៅ​តាម​ជនបទ​» ។

ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ អ៊ុ​ក ម៉ា​លី បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម្ពោធ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ «​វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុង​តែ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជា​ពលរដ្ឋ​រហូត​ដល់​តំបន់​ជនបទ ។ ការ​រីក​ចម្រើន​ទាំងនេះ​អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ក្នុង​នោះ​មាន​ការិយាល័យ​ប្រតិបត្តិការ​ថ្នាក់​ស្រុក​មាន​ចំនួន​២.៧២០​ការិយាល័យ ប៉ុស្តិ៍​សេវា​នៅ​ថ្នាក់​ឃុំ​ចំនួន​១៨.០៨៦ និង​នៅ​ថ្នាក់​ភូមិ​ចំនួន​១០៩.៧០០​ប៉ុស្តិ៍​សេវា​» ។

លោក​ជំទាវ​បន្ត​ថា ៖ «​ឥណទាន​សរុប​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ បាន​កើនឡើង​២០,៤៥% ធៀប​និង​ឆមាស​ទី​២ ឆ្នាំ​២០១៤ គឺ​ចាប់ពី​៨.២១៩​ពាន់​លាន​រៀល ដល់​១០.០៦៤​ពាន់​លាន​រៀល ដែល​បាន​ផ្តល់​ជូន​អតិថិជន​ខ្ចីប្រាក់​ក្នុង​ប្រព័ន្ធ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ​១.៨៤៥.៨០៨​នាក់​។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៥៤ ក្នុង​នោះ​គិត​ទាំង​គ្រឹះស្ថាន​កំពុង​បើក​ដំណើរការ​ផង​ដែរ ។ ក្នុង​ចំណោម​៥៤​មីក្រូហិរញ្ញវត្ថុ​នេះ មាន​៧​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ទទួល​ប្រាក់​បញ្ញើ​បាន ។ ដោយឡែក គ្រឹះស្ថាន​ចំនួន​៤៧​ផ្សេង​ទៀត​បាន​ត្រឹមតែ​ផ្តល់​ប្រាក់​កម្ចី​ប៉ុ​ណ្ណោះ​» ។

លោក​ជំទាវ​គូសបញ្ជាក់​ថា ៖ «​ជា​ធម្មតា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បើក​ដំបូង​មិន​អាច​ទទួល​ប្រាក់​បញ្ញើ​បាន​ទេ បាន​ត្រឹមតែ​ផ្តល់​ឥណទាន​ប៉ុណ្ណោះ ។ លុះត្រាតែ​គ្រឹះស្ថាន​នោះ​ដំណើរការ​ល្អ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ៗ ហើយ​មាន​តុល្យភាព និង​ការ​រីក​ចម្រើន​នោះ ទើប​ធនាគារជាតិ​អាច​ផ្តល់​ឲ្យ​គ្រឹះស្ថាន​នោះ​មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​បាន​» ៕