AFD ផ្តល់​កម្ចី​70​លាន​អឺ​រ៉ូ​ដល់​កម្ពុជា​សម្រាប់​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែបញ្ជូន និង​ចែកចាយ​អគ្គិសនី

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) បាន​ផ្ដល់​កម្ចី​ចំនួន​៧០​លាន​អឺ​រ៉ូ​ដល់​កម្ពុជា សម្រាប់​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏​ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា ៖ «AFD បាន​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​៧០​លាន​អឺ​រ៉ូ​ដល់​កម្ពុជា ដោយ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​លោក Jacques Moineville អគ្គនាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ និង​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុកអគ្គិសនី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ក្នុង​វិស័យ​អគ្គិសនី​កម្ពុជា​» ។

គម្រោង​ប្រាក់​កម្ចី​នេះ នឹង​ត្រូវ​បាន​អគ្គិសនី​កម្ពុជា​យក​មក​អភិវឌ្ឍន៍​ជូន​ពលរដ្ឋ ដោយ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ាត់ ចំនួន​៩៥​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម​ទៅ​តំបន់​ព្រែក ប្រសព្វ​ជាមួយ​អនុ​ស្ថានីយ​ថ្មី​នៅ​ទីនោះ បូក​រួម​ទាំង​ខ្សែ​បញ្ជូន​រង​២២​គីឡូវ៉ាត់ ប្រវែង​១១០​គីឡូម៉ែត្រ សាងសង់​ខ្សែ​បញ្ជូន​តង់ស្យង់​ខ្ពស់​២៣០​គីឡូវ៉ាត់ ប្រវែង​សរុប​៧០​គីឡូម៉ែត្រ  ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅ​ស្រុក​បទុម​សាគរ និង​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ជាមួយ​អនុ​ស្ថានីយ​ថ្មី​ចំនួន​៤ ព្រមទាំង​ខ្សែ​បញ្ជូន​រង​២២​គីឡូវ៉ាត់ ប្រមាណ​១០៥​គីឡូម៉ែត្រ ។

លោក វិច​ទ័​រ ហ្សូ​ណា អគ្គនាយក​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ៖ «​ថវិកា​របស់ AFD ចំនួន​៧០​លាន​អឺ​រ៉ូ​នេះ កម្ពុជា​នឹង​យក​សាងសង់​ខ្សែ​បញ្ជូន​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ចាម ដែល​មាន​តង់ស្យុង​១១៥​គីឡូវ៉ាត់ ។ ខ្សែ​បញ្ជូន​នេះ​មាន​សារ​ប្រយោជន៍​ដើម្បី​លើកកម្ពស់​សន្តិសុខ​ថាមពល​នៃ​ការ​ផ្គត់ផ្គង់​។ ការ​សាងសង់​ខ្សែ​បញ្ជូន​នេះ ក្នុង​គោលបំណង​ឱ្យ​មានការ​ងាយស្រួល​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​បាន​ដល់ទី​ជនបទ ហើយ​យើង​សង្ឃឹមថា ខ្សែ​នេះ​អាច​លើកកម្ពស់​ផល​ប្រយោជន៍​សម្រាប់​អ្នក​រស់នៅ​តាម​ដង​ទន្លេ​ភាគ​ខាងលិច ចាប់ពី​ខេត្តកំពង់ចាម ទៅ​ខេត្តក្រចេះ​ជា​ច្រើន​គ្រួសារ ក្នុង​នោះ​ក៏​អាច​លើកកម្ពស់​ស្ថានភាព​សិប្បកម្ម និង​ឧស្សាហកម្ម​ខ្នាត​តូច និង​ធំ​នៅ​តំបន់​នោះ​បាន​ផង​ដែរ​» ។

លោក​បន្ត​ថា ៖ «​សព្វ​ថ្ងៃនេះ បណ្ដាញ​អគ្គិសនី​ជាតិ​បាន​ត​ភ្ជាប់​លើ​បណ្ដា​ខេត្ត​ចំនួន​១៥ ហើយ​ចំពោះ​ខេត្ត​ដែល​មិន​ទាន់​បាន​ត​ពី​បណ្ដាញ​ជាតិ ក៏​មាន​អគ្គិសនី​ឯកជន​ជា​ម៉ាស៊ីនភ្លើង រឺត​ពី​ប្រទេស​ជិតខាង​ផង​ដែរ ។ ធ្វើ​យ៉ាងណា យើង​នឹង​ត​ភ្ជាប់​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​ឱ្យ​បាន​ទាំង​២៥​រាជធានី​-​ខេត្ត ។ បុ​៉​ន្តែ​ពេល​នេះ ក៏​បាន​ភ្ជាប់​បាន​លើស​ពី​ពាក់កណ្ដាល​ហើយ គឺ​នៅ​សល់​តែ​១០​ខេត្ត​ទៀត​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ត​ភ្ជាប់​ជូន​។ អគ្គិសនី​កម្ពុជា ក៏​បាន​ប្រឹងប្រែង​វិនិយោគ​ខាង​អគ្គិសនី ជា​ពិសេស​កា​រត​ភ្ជាប់​បណ្ដាញ​តែ​ម្ដង​» ។

លោក​បញ្ជាក់​ថា ៖ «​បើ​តាម​ផែនការ និង​គោលដៅ​ច្បាស់លាស់​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២០ នឹង​មាន​ត​បណ្ដាញ​អគ្គិសនី​ជូន​ដល់​គ្រប់​ភូមិ​ទាំងអស់​ទូ​ទាំង​ប្រទេស​ឱ្យ​មាន​អគ្គិសនី​ប្រើប្រាស់ បុ​៉​ន្តែ​មិនមែន​មាន​ន័យ​ថា គ្រប់​ផ្ទះ​ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ ព្រោះ​នៅ​ពេល​ត​ភ្ជាប់​តាម​ផ្ទះ ត្រូវការ​ចំណាយ​បន្ថែម​ទៀត ។ បើ​តាម​ការ​ព្យាករ អាច​៧០%​នៃ​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ប្រើប្រាស់​អគ្គិសនី​បាន​» ។

គួរ​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ប្រទេស​បារាំង​នា​ពេល​នេះ ក៏​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​រវាង​ភាគី​បារាំង និង​កម្ពុជា រួម​មាន ៖
១-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន មាន​ទឹកប្រាក់​៩​លាន​អឺ​រ៉ូ សម្រាប់​អនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តសៀមរាប ។
២-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន មាន​ទឹកប្រាក់​១១​លាន​អឺ​រ៉ូ សម្រាប់​គម្រោង​សាងសង់​សាលា​ជាតិ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

៣-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន មាន​ទឹកប្រាក់​១៤​លាន​អឺ​រ៉ូ សម្រាប់​គម្រោង​ពង្រីង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជំហាន​ទី​២ និង
៤-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន មាន​ទឹកប្រាក់​៧០​លាន​អឺ​រ៉ូ សម្រាប់​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​ខេត្តកំពង់ចាម ក្រចេះ និង​កោះកុង ៕