រដ្ឋមន្ត្រី​អា​រ៉ាប់​រួម​ថា​សេដ្ឋកិច្ច​ពិភពលោក និង​តម្លៃ​ប្រេង​នឹង​រើប​ឡើង​នៅ​ឆ្នាំ​2016

ប្រទេស​អា​រ៉ាប់​រួម ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អា​រ៉ាប់​រួម (UAE) បាន​បង្ហើប​កាលពី​ថ្ងៃអាទិត្យ​ថា ៖ «​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នឹង​រីក​លូតលាស់​លឿន​ជាង​មុន​» ។

លោក Sultan Al-Mansouri បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មហាសន្និបាត​សេដ្ឋកិច្ច​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូ​បៃ កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ៖ «​សេដ្ឋកិច្ច​សាកលលោក​នឹង​រើប​ឡើង​វិញ​យ៉ាង​ជាក់លាក់​សម្រាប់​ឆ្នាំ​២០១៦ ឬ​ក៏​ឆមាស​ដំបូង​នៃ​ឆ្នាំ​ក្រោយ ។ តាម​ការ​រំពឹង​ទុក សេដ្ឋកិច្ច​ចិន​នឹង​រើប​ឡើង​វិញ ហើយ​នៅ​តាម​តំបន់​ដទៃ​ទៀត​ជុំវិញ​ពិភពលោក ក៏​ដូច​គ្នា​ដែរ​» ។

លោក​សង្កត់ធ្ងន់​ថា ៖ «​កម្រិត​តម្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្ថិត​ក្នុង​រង្វង់​៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​ការ​ប្រកួតប្រជែង​សម្រាប់​អា​រ៉ាប់​រួម និង​ផ្នែក​នៅ​សេសសល់​លើ​ពិភពលោក ។ ប៉ុន្តែ​ក៏​មានការ​ប៉ាន់​ប្រមាណ​ពី​ការ​រើប​ឡើង​វិញ​ផង​ដែរ​ក្នុង​តម្លៃ​ប្រេង​នឹង​កើត​មាន​ឡើង​ផង​ដែរ​» ។

លោក​បន្ត​ថា ៖ «​អា​រ៉ាប់​រួម​មាន​ផែនការ​ច្បាស់លាស់​មួយ​នៃ​ការ​បង្កើន​ការ​កាត់​បន្ថយ​ភាគហ៊ុន​ប្រេង​បន្ថែម​ទៀត ក្នុង​ផ្នែក​សេដ្ឋកិច្ច​ប្រមាណ​ជា​១០% នៅ​ក្នុងអំឡុងពេល​១៥​ឆ្នាំ ទៅ​២០​ឆ្នាំ​ក្រោយ​» ។

បច្ចុប្បន្ន​នេះ វិស័យ​ប្រេង​ស្មើនឹង​២៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អា​រ៉ាប់​រួម គឺ​ស្ថិត​ក្នុង​អត្រា​៧% នៃ​ប្រេង​បម្រុង​ទុក​ដែល​គេ​បានដឹង​នៅ​លើ​ពិភពលោក ។
កាលពី​ស​ប្តា​ហ៍​មុន លោក Mssood Ahmed អគ្គនាយក​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​កណ្តាល និង​មជ្ឈិម​បូព៌ា ថ្លែង​ថា ៖ «​អា​រ៉ាប់​រួម​នឹង​ចុះបញ្ជី​ឱនភាព​លើ​ពន្ធ​អាករ​៣,៥% នៃ GDP ដែល​អាច​បង្កើន​បន្ថែម​នា​ឆ្នាំ​ខាង​មុខ​ទៀត ក្នុង​ករណី​តម្លៃ​ប្រេង​គ្មាន​និន្នាការ​រើប​ឡើង​» ៕