រញ្ជួយដីនៅ​ប៉ាគីស្ថាន៖ ចំនួន​អ្នក​ស្លាប់​កើន​ជាង ៣៦០នាក់

អ៊ីស្លាម៉ាបាដ៖ របាយការណ៍ជាផ្លូវការ បានឲ្យដឹងថាចំនួនមនុស្សស្លាប់កើនឡើងដល់ជាង ៣៦០នាក់ហើយ ដោយ ចំនួនមនុស្សរងរបួសធ្លាក់ចុះមកនៅជាង ២.២០០នាក់ ក្នុងហេតុការណ៍រញ្ជួយដី នៅព្រំដែនប្រទេសចំនួន ៣គឺ អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងរាលដាលដល់ ប្រទេសឥណ្ឌា ផងដែរ។

យោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀត ថា នាយកដ្ឋាគ្រប់គ្រងគ្រោះមហន្ដរាយប៉ាគីស្ថាន បានចេញតួលេខថ្មីថា នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន មានអ្នកស្លាប់រហូតដល់ ២៤៨នាក់ និងភាគខាងជើងប៉ាគីស្ថាន មានអ្នកស្លាប់ចំនួន ២០២នាក់ ហើយនៅតាមព្រំដែនរបស់ អាហ្វហ្គានីស្ថានចំនួនអ្នករងរបួសមាន ១.៦៦៥នាក់។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មនុស្សស្លាប់ទំាងអស់ បានកើនឡើងដល់ជាង ៣៦០នាក់ហើយ ។ ដែលអ្នក ស្លាប់ភាគច្រើន ត្រូវបានគេរាយការណ៍មកថា ដោយសារតែ មានការបាក់សង្កត់លើ និងដួលរំលំ ដើមឈើ និងដំបូង ផ្ទះ សម្បែង ខណៈដែលពួកគេ មិនបានប្រុងប្រយ័ត្នជាមុនសោះ។
ក្រោយទទួលរងគ្រោះ រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រនេះ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ បច្ចុប្បន្នរដ្ឋាភិបាល ប៉ាគីស្ថាន និងកងកម្លាំងប្រដាប់អាវុធ បានបើក ប្រតិបត្តិការជួយសង្គ្រោះនៅតាមតំបន់ ជាកន្លែង ដែលកម្រិតរញ្ជួយមាន រង្វាស់ ៨,១ រ៉ិចទ័រ ដោយបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ៣៦០នាក់ហើយ ដោយតួលេខនេះអាចនឹង មានការ កើនឡើង ពីព្រោះថាប្រតិបត្តិការជួយសង្គ្រោះនៅកំពុងដំណើរនៅឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីជាងមួយទសវត្សរ៍មុន មានករណីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារ ម្ដងរួច មកហើយ ស្ថិតនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន ដោយបាន បន្សល់ទុកអ្នកស្លាប់៧៥.០០០នាក់ និងរបួសជាច្រើន នាក់ទៀត៕

រញ្ជួយដីនៅ​ប៉ាគីស្ថាន៖ ចំនួន​អ្នក​ស្លាប់​កើន​ជាង ៣៦០នាក់