ប៊ុន ហុន៖ ដំណើរការនៃ សមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី៨

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ គឺជាថ្ងៃនៃការបោះឆ្នោត និងប្រកាសលទ្ធផល នៃការ បោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី៨ ដែលមាន សមាសភាព២៧រូប តំណាងឲ្យ មេធាវីចំនួន ៨៥៦នាក់។ តើសមាជិកក្រុមប្រឹក្សា គណៈមេធាវីទំាងនោះ ក្រោយពីជាប់ឆ្នោត ត្រូវបំពេញភារៈកិច្ច និងតួនាទីអ្វីខ្លះដើម្បី គ្រប់គ្រងគណៈមេធាវី?

ខាងក្រោមនេះ ជាប្រសាសន៍របស់លោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា ជុំវិញដំណើរការ ការងាររបស់ សមាជិកក្រុមប្រឹក្សា គណៈមេធាវី។

នៅថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ លោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានផ្តល់បទសម្ភាសន៍ ជាមួយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជុំវិញដំណើរការ ការងាររបស់ សមាជិកក្រុមប្រឹក្សា គណៈមេធាវី ដោយ លោកបានមានប្រសាសន៍ថា ក្រោយលទ្ធផលនៃ ការបោះឆ្នោតចេញមក សមាជិកក្រុមប្រឹក្សាគណៈមេធាវីចាស់ (អាណាត្តិទី៧) ត្រូវចប់ការងារ និងភារៈកិច្ចរបស់ខ្លួន ហើយត្រូវបានបន្តការងារ គ្រប់គ្រងវិជ្ជាជីវៈមេធាវីនេះ មក សមាជិកក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី៨ ដែលទើបនឹងជាប់ឆ្នោត។

លោក ប៊ុន ហុន បានមានប្រសាសន៍បន្តទៀតថា នៅថ្ងៃទី២២ ខែតុលា កន្លងទៅនេះ គណៈមេធាវីបានអញ្ជើញ សមាជិកក្រុមប្រឹក្សាគណៈមេធាវីថ្មី មកប្រជុំដើម្បីឲ្យដឹងឮពីលទ្ធផល នៃការបោះឆ្នោត និងផ្ទេរការងារពីក្រុមប្រឹក្សា គណៈមេធាវីចាស់ មកក្រុមប្រឹក្សាគណៈមេធាវីថ្មី ព្រម ទាំងការចាប់ផ្តើមធ្វើការងារ របស់ក្រុមប្រឹក្សាគណៈមេធាវីថ្មី ឲ្យស្របតាមច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី។

ចំពោះចម្ងល់ទៅនឹងចំនួន សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដែលមានចំនួន២៧រូប នោះ ត្រូវបានប្រធាន គណៈមេធាវីបញ្ជាក់បន្ថែមថា តាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីចំនួនសមាជិក ក្រុមប្រឹក្សាត្រូវសមាមាត្រទៅនឹង ចំនួនសមាជិកគណៈមេធាវី គឺចំនួនសមាជិក គណៈមេធាវីចាប់ ពី៥០១នាក់ ឡើងទៅដល់១០០០នាក់ ត្រូវមាន សមាជិកកុ្រមប្រឹក្សា ២៧រូប ហើយប្រសិនបើ ចំនួនសមាជិកគណៈមេធាវីចាប់ពី ១០០១នាក់ ឡើងទៅត្រូវមាន សមាជិក ក្រុមប្រឹក្សា គណៈមេធាវីចំនួន៣៣រូប ហើយបច្ចុប្បន្ននេះសមាជិកគណៈមេធាវីមានចំនួន ៨៥៦រូប។

លោក ប៊ុន ហុន បានមានប្រសាសន៍បន្ថែមទៀតថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ត្រូវមកបំពេញមុខងារ ដោយ មកប្រជុំសម្រចទៅលើកម្មវិធីនយោបាយ គ្រប់គ្រងវិជ្ជាជីវៈមេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវីត្រូវពិនិត្យ និងសម្រេច លើបញ្ហាធំៗ របស់វិជ្ជាជីវៈមេធាវី និងការគ្រប់គ្រងគណៈមេធាវី។ យើងអាចនិយាយថា ក្រុមប្រឹក្សាគណៈមេធាវី គឺជាអង្គមួយ សំខាន់នៅក្នុងការគ្រប់គ្រងវិជ្ជាជីវៈ ជាអ្នកកំណត់ គោលនយោបាយ អភិវឌ្ឍនិងពង្រឹងវិជ្ជាជីវៈ មេធាវី ព្រមទាំងធានាការពារមេធាវី ក្នុងក្របខណ្ឌប្រកបវិជ្ជាជីវៈ។ រីឯប្រធានគណៈមេធាវី ជាអ្នកដឹកនាំ តំណាងឲ្យ គណៈមេធាវី និងដឹកនាំប្រតិបត្តិសេចក្តី សម្រេចរបស់ក្រុមប្រឹក្សា គណៈមេធាវី។

ចំពោះកិច្ចប្រជុំ របស់ក្រុមប្រឹក្សា ប្រធានគណៈមេធាវី គឺជាអ្នកដឹកនាំកិច្ចប្រជុំ ជាអ្នកផ្តួច ផ្តើមរបៀបវីរៈកិច្ចប្រជុំ ហើយការសម្រេចតាមមតិភាគច្រើន របស់សមាជិកក្រុមប្រឹក្សា ដែលបានចូលរួមប្រជុំ។ សមាជិកក្រុមប្រឹក្សា គណៈមេធាវីអាចបើកកិច្ចប្រជុំបាន ទាល់តែមានសមាជិកវត្តមាន លើសពីពាក់កណ្តាលនៃចំនួន សមាជិកទំាងមូល ពោលគឺ កូរ៉ុមសម្រាប់ដំណើរការ ប្រជុំរបស់ ក្រុមប្រឹក្សា គណៈមេធាវី គឺត្រូវមានសមាជិកក្រុមប្រឹក្សាវត្តមានចំនួន យ៉ាងតិច១៤រូបនៅក្នុងអង្គប្រជុំ។ ប្រសិនបើគ្មានវត្តមាន១៤រូបទេ មិនអាចប្រជុំបានទេ ។ ចំនួនកូរ៉ុមនេះមិន រាប់បញ្ចូលនូវ វត្តមាន របស់ប្រធានគណៈមេធាវីទេ។ ពេលប្រជុំប្រធានគណៈមេធាវី គឺជាអ្នកដឹកនាំកិច្ចប្រជុំ ហើយការសម្រេចពិភាក្សាយកតាម មតិភាគច្រើន។ ចំពោះការសម្រេចប្រធានមានសិទ្ធិសម្រេច១សំឡេង ហើយសំឡេងប្រធានគណៈមេធាវី គ្មានឧត្តមានុភាពនៅក្នុងកិច្ចប្រជុំនោះទេ។ មធ្យោបាយក្នុងការសម្រេចរបស់ អង្គប្រជុំក្រុមប្រឹក្សា គណៈមេធាវីមានមានពីររបៀបគឺ ទី១.សម្រេចដោយការលើកដៃ និងទី.២ការសម្រេចដោយ បោះឆ្នោតជាសំងាត់។

ចំពោះការបញ្ចប់តួនាទី ឬការដកសមាជិកក្រុមប្រឹក្សា គណៈមេធាវីណាម្នាក់ លោក ប៊ុន ហុន ប្រធានគណៈមេធាវី បានបញ្ជាក់ថា ច្បាប់ពុំមានចែងកំណត់ ឲ្យតួនាទីអ្នកណា ឬអង្គភាព ណាមួយមានសិទ្ធិក្នុងការដក ឬបញ្ចប់មុខងារ ជាសមាជិក ក្រុមប្រឹក្សាគណៈមេធាវីនោះទេ ។ ប៉ុន្តែមុខងារជាសមាជិកក្រុមប្រឹក្សា គណៈមេធាវីអាចត្រូវបានបញ្ចប់ មុនចប់អាណត្តិរបស់ខ្លួនក្នុង ករណីដែលសមាជិកក្រុមប្រឹក្សាណាម្នាក់ បានទទួលមរណៈភាព ឬបាត់បង់សមត្ថភាព ការងារ។ ម្យ៉ាងទៀត ក៏ជាករណីត្រូវបញ្ចប់មុខងារ ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី ដែរក្នុងករណីដែល សមាជិក ក្រុមប្រឹក្សា គណៈមេធាវីណាម្នាក់ ត្រូវបានក្រុមប្រឹក្សាគណៈមេធាវី សម្រេចដាក់ទណ្ឌកម្ម លុប ឈ្មោះចេញ ពីបញ្ជីគណៈមេធាវី ដោយសារគាត់ប្រព្រឹត្តបំពាន លើវិធានវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្នុងករណីខាងលើនេះ ដើម្បីបន្តបញ្ចប់អាណត្តិ របស់ក្រុមប្រឹក្សាគណៈមេធាវី គណៈមេធាវីត្រូវ រៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិក ក្រុមប្រឹក្សាថ្មី ដើម្បីជំនួស សមាជិកក្រុមប្រឹក្សានោះ។ ក្នុងករណីមានទំនាស់ផលប្រយោជន៍ ដោយសារសមាជិក ក្រុមប្រឹក្សាគណៈមេធាវីណាម្នាក់ ត្រូវបានប្តឹងមកដើម្បីដាក់ទណ្ឌកម្មនោះ នៅពេលមានកិច្ចប្រជុំ ក្រុមប្រឹក្សា គណៈមេធាវី ដើម្បីពិភាក្សា និងសម្រេចលើករណីនេះ សមាជិកក្រុមប្រឹក្សារូបនោះមិនត្រូវបាន ឲ្យចូលរួមប្រជុំ ពិភាក្សា និងសម្រេចទេ តែគាត់មានសិទ្ធិចូលបំភ្លឺ ការពារខ្លួនគាត់បាន។

លោក ប៊ុន ហុន មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា និយាយជារួមប្រសិនបើសមាជិកក្រុមប្រឹក្សា គណៈមេធាវី ណាម្នាក់មានកំហុសក្នុងការប្រកបវិជ្ជាជីវៈ ពោលគឺគាត់ប្រកបវិជ្ជាជីវៈមេធាវីដោយបំពានវិធានវិជ្ជាជីវៈនោះ គាត់ក៏ ដូចគ្នានឹងសមាជិកគណៈមេធាវី ដទៃទៀតដែរ គឺត្រូវទទួលទណ្ឌកម្មពីក្រុមប្រឹក្សាគណៈមេធាវី៕

ប៊ុន ហុន៖ ដំណើរការនៃ សមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី៨

ប៊ុន ហុន៖ ដំណើរការនៃ សមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី៨

ប៊ុន ហុន៖ ដំណើរការនៃ សមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី៨