គយបន្ថយប្រាក់​ ពិន័យលើម្ចាស់ យានយន្ដ អត់ពន្ធ ដែលមានស្រាប់ក្នុងស្រុក ចំនួន៥ ភាគរយ

ភ្នំពេញ ៖ ដោយមើលឃើញចំនួនម្ចាស់ យានយន្ដ ដែលអត់បានបង់ពន្ធនាំចូលមាន ស្រាប់ក្នុងស្រុក ចូលខ្លួនមកបង់ ពន្ធអាករនិង ពិន័យដោយស្ម័គ្រចិត្ដនៅមានចំនួននៅតិចតួច នៅឡើយ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ដោយមានការ ឯកភាពពីរដ្ឋមន្ដ្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ បានសម្រេចធ្វើការបញ្ចុះ ប្រាក់ពិន័យចំនួន៥ភាគរយ ដើម្បីឱ្យម្ចាស់ យានយន្ដនាំគ្នាមកបង់ប្រាក់ពន្ធនិងប្រាក់ ពិន័យបញ្ចប់នៅ រថយន្ដដែលអត់បានបង់ពន្ធ នាំចូល ហើយមានស្រាប់នៅក្នុងស្រុក ។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ ស្នើទៅក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ កាលពីថ្ងៃ ទី២៧ ខែតុលា ឆ្នាំ ២០១៥ ហើយត្រូវបានលោកអូន ព័ន្ធមុនីរត្ន័ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចារឯក ភាពនៅថ្ងៃដដែលនោះ គឺអង្គភាពគយនិង រដ្ឋាករ បានសម្រេចធ្វើការបន្ថយកម្រិតប្រាក់ ពិន័យលើរថយន្ដនិងគ្រឿងចក្រ ក្នុងដំណាក់កាលទី១ ដែលរួមមានរថយន្ដនិងគ្រឿងចក្រ ដែលផលិតនៅមុនឆ្នាំ២០០៦ ត្រូវកែសម្រួលកម្រិតប្រាក់ពិន័យ ពីចំនួន១៥ភាគរយ មកនៅ១០ភាគរយ រថយន្ដនិងគ្រឿងចក្រ ដែលផលិតចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៣ ត្រូវបន្ថយកម្រិតពិន័យពី២០ ភាគរយមក ១៥ភាគរយ និងរថយន្ដនិងគ្រឿងចក្រ ដែលផលិតចាប់ពីឆ្នាំ២០១៤ឡើង ត្រូវបន្ថយ កម្រិតប្រាក់ពិន័យពី២៥ភាគរយ មកនៅត្រឹម២០ភាគរយ ។ ដោយឡែកចំពោះម្ចាស់យានយន្ដនិងគ្រឿងចក្រ ដែលបានស្ម័គ្រចិត្ដ ចូលខ្លួនមកបង់ពន្ធ និងបង់ប្រាក់ ពិន័យរួចមកហើយ អង្គភាពគយនិងរដ្ឋាករ បានសម្រេចបង្វិលប្រាក់ ដែលស្ថិតនៅក្នុងកម្រិតប្រាក់ពិន័យលើសចំនួន៥ភាគរយនោះទៅឱ្យម្ចាស់ យានយន្ដនិងគ្រឿងចក្រវិញផងដែរ ។

ការសម្រេចបន្ថយកម្រិតប្រាក់ពិន័យ ចំពោះយានយន្ដអត់ពន្ធ ដែលមាននៅក្នុង ស្រុកស្រាប់ខាងលើនេះ គឺបន្ទាប់ពីអង្គភាព គយនិងរដ្ឋាករ បានចាប់ផ្ដើមអនុវត្ដឱ្យម្ចាស់ យានយន្ដអត់បង់ពន្ធទាំងអស់នោះចូលខ្លួន មកបង់ពន្ធនិងប្រាក់ពិន័យតាមការស្ម័គ្រចិត្ដ អស់រយៈពេលជិត៣ខែកន្លងមកនេះ គឺមាន ម្ចាស់រថយន្ដមួយ ចំនួនតូចប៉ុណ្ណោះ ដែលបានមកបំពេញ កាតព្វកិច្ចពន្ធអាករ ដោយស្ម័គ្រចិត្ដ ហើយតាមការកត់សម្គាល់ ការកម្រិតប្រាក់ពិន័យខ្ពស់ គឺជាមូលហេតុសំខាន់មួយ ក្នុងចំណោមហេតុផលនានា ដែលលធ្វើឱ្យម្ចាស់ យានយន្ដគ្មានពន្ធ មានភាពស្ទាក់ស្ទើរ ក្នុងការចូលមកពន្ធអារកនោះ ទើបអង្គភាពគយ សម្រេចស្នើ បញ្ចុះកម្រិតប្រាក់ពិន័យចំនួន៥ភាគរយ ៕

គយបន្ថយប្រាក់​ ពិន័យលើម្ចាស់ យានយន្ដ អត់ពន្ធ ដែលមានស្រាប់ក្នុងស្រុក ចំនួន៥ ភាគរយ

គយបន្ថយប្រាក់​ ពិន័យលើម្ចាស់ យានយន្ដ អត់ពន្ធ ដែលមានស្រាប់ក្នុងស្រុក ចំនួន៥ ភាគរយ