អ្នក​អភិរក្ស​ប្រកាស​លទ្ធផល​ក្នុង​គម្រោង​ជួសជុល​ចម្លាក់តោ និង បង្កាន់ដៃ​នាគ​ប្រាសាទបាយ័ន​

Sanofi

​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ សុភ​ក្ត័ មន្ត្រី​អភិរក្ស និង ជួសជុល​ចម្លាក់​តោ និង បង្កាន់ដៃ​នាគ​នៅ​ប្រាសាទបាយ័ន​បាន​សរសេរ​នៅ​ល្ងាច​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥ នេះ ដោយបាន​ជម្រាប​ដល់​សាធារណៈជន​ទាំង​ជនជាតិខ្មែរ និង បរទេស​ឱ្យបាន​ជ្រាបថា​
​បច្ចុប្បន្ន​ក្រុម​ជួសជុល​ចម្លាក់​តោ និង នាគ​នៅ​ប្រាសាទបាយ័ន​យើងខ្ញុំ​បាន​ដំណើរការ​ដល់​រា​ន្ត​ហាល​ខាងមុខ​ហើយ ដែលមាន​សមាជិក​ចំនួន 7 នាក់​។​


​លោក នៅ សុភ​ក្ត័ បាន​សរសេរ​ទៀតថា យោងតាម​លិខិត​អនុ​ញ្ញា​ត្តិ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង យូណេស្កូ ២០១២-២០១៦ លើ​គម្រោង​ជួសជុល​ខាងលើ​។ ដើម្បី​កុំឱ្យ​មាន​ភាព​ងឿងឆ្ងល់​ពី​ការបាត់​ចម្លាក់​តោ​ពីរ ដែល​នៅ​ពីមុខ​ប្រាសាទបាយ័ន​ផ្នែក​ឥសាន ដែល​ក្រុមការងារ​យើងខ្ញុំ​បាន​រើ​យកមក​ការដ្ឋាន ដើម្បី​ធ្វើការ​ជួសជុល​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​


​តាងនាម​ឱ្យ​អង្គភាព​ខាងលើ ខ្ញុំបាទ នៅ សុភ័ក្ត្រ ជា​ជំនួយការ​គ្រប់គ្រង​ការដ្ឋាន​ប្រាសាទបាយ័ន​ក្នុង​គម្រោង​ជួសជុល​នេះ យើងខ្ញុំ​សូម​ជម្រាប​ដល់​បងប្អូន​មិត្ត​ស្នេហា សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ទាំងអស់​ជម្រាប​ជា​ដំណឹង​ក្នុង​ពេលនេះ​។ រា​ន្ត​ហាល​ដែលជា​ច្រកចូល​ខាងមុខ​ប្រាសាទបាយ័ន​មាន​តោ​ចំនួន ៩ ក្នុងនោះ​យើង​បាន​ជួលជុល​រួចរាល់​មួយ​ក្បាល​ហើយ​។ ដោយឡែក​កំឡុងពេល​មួយខែ​នេះ យើង​នឹងធ្វើ​ការជួសជុល​តោ​ចំនួន​ពីរ​ក្បាល​ទៀត ដែលមាន​លេខ​សម្គាល់ No.71.1.1.9.1.4 និង 5 ។​បន្ទាប់ពី​ធ្វើការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រុម​យើងខ្ញុំ​នឹង​ដឹកជញ្ជូន​មក​ដាក់​នៅ​កន្លែង​ដើម​វិញ ដោយ​ធ្វើការ​ពង្រឹង​គ្រឹះ ឬ កម្រាល​ខ្លះ​ដើម្បី​ឱ្យមាន​ស្ថេរភាព​ឡើងវិញ​។ ក្នុងនោះដែរ ចម្លាក់​នីមួយៗ​មាន​បំណែក​ជាច្រើន​បាន​បាក់​បាត់ និង បាក់​ក្នុងពេល​សង្គ្រាម ពេលនេះ​អា​ចត​ភ្ជាប់​ឡើងវិញ និង កន្លងមក​មានការ​ជួស​ជុល​ដោយ​សាលា​បារាំង​នា​ទស្សវត្ស​ឆ្នាំ ១៩៣០ និង ១៩៦០​។​


​ក្រោយពី​ដាក់​តាម​ទីតាំង​ដើម​វិញ​នូវ​ចម្លាក់​ទាំងពីរ​នេះ​រួចហើយ យើង​នឹង​បន្ត​ជួសជុល​ចម្លាក់​តោ​ចំនួន ៦ ក្បាល​ទៀត ដែលមាន​ទីតាំង​ផ្សេងគ្នា​ដូច​មាន​ក្នុង​ប្លង់​។​
​ដូច្នេះ ខ្ញុំបាទ​ជឿជាក់ថា រាល់​ការ​អវត្តមាន​ចម្លាក់​តោ ២ ក្បាល​ខាងលើ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ទស្សនា​របស់​អស់លោក លោកស្រី ឡើយ​។ បន្ទាប់ពី​ធ្វើការ​ជួសជុល​រួចរាល់​ហើយ រាល់​ចម្លាក់​ខាងលើ​នោះ​នឹងមាន​ជីវិត​ឡើងវិញ ដើម្បី​ដាក់​ឲ្យ​ឈរ​យាម​ប្រាសាទ និង បង្អួត​នូវ​តម្លៃ​វប្បធម៌​ជាតិខ្មែរ​យើង​ត​ទៅមុខទៀត​ជាក់​ជាពុំខាន​៕ សុ ថា​ត់​

Related